អ៊ីរ៉ង់​ផ្អាកប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន​នៅ​តំបន់​ភ្នំ​ដោយសារ​កត្តា​អាកាស​ធាតុ

ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​មួយ​គ្រឿង​ដែល​បាន​បាត់​ខ្លួន​ជាមួយ​មនុស្ស ៦៦​នាក់​នៅ​តំបន់​ភ្នំ​ហ្សាហ្ក្រូស​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ផ្អាក​ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​អាកាស​ធាតុ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​របស់​ក្រុម​ជួយ​សង្គ្រោះ។ នេះបើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ម្សិ​ល​មិញ​នេះ។

AFP បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​ទូរទស្សន៍ IRIB ដែល​បាន​ប្រកាស​ថា ដោយ​សារ​អាកាស​ធាតុ​ធ្លាក់​ព្រិល ​ខ្យល់​ខ្លាំង មាន​ភ្លៀង និង​ងងឹត​នោះ ក្រុម​ជួយ​សង្គ្រោះ​មិន​អាច​ទៅ​ដល់​កំពូល​ភ្នំ​នោះ​ឡើយ ហើយ​ប្រតិបត្តិការ​ស្វែង​រក​ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​និយាយ​ទៀត​ថា ឧទ្ធម្ភាគចក្រ ៥​គ្រឿង ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រុង​ប្រៀប​ខ្លួន​សម្រាប់​ចាប់​ផ្ដើម​ប្រតិបត្តិការ​ស្វែង​រក​ឡើង​វិញ ប្រសិន​បើ​អាកាស​ធាតុ​បាន​ល្អ​ប្រសើរ​នោះ។

ជើង​ហោះ​ហើរ EP3704 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Aseman Airlines បាន​បាត់​ខ្លួន​ពី​រ៉ាដា​នៅ ៤៥​នាទី​ក្រោយ​ពី​ហោះ​ហើរ​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​តេរ៉ង់។

យន្តហោះ ATR-72 ហោះ​ហើរ​ដោយ​កម្លាំង​ម៉ាស៊ីន ២​ និង​ដំណើរការ​អស់​រយៈ​ពេល ២៥​ឆ្នាំ​មក​ហើយ​នោះ បាន​ចាក​ចេញ​ពី​ព្រលាន​ម៉េហ៍រ៉ាបាដ នៅ​ម៉ោ​ប្រហែល ៨​ព្រឹក ម៉ោង​នៅ​ប្រទេស​អ៊ីរ៉ង់ និង​ហោះ​ហើរ​ឆ្ពោះ​ទៅ​ទីក្រុង​យ៉ាស៊ូជ ស្ថិត​នៅ​ចម្ងាយ ៥០០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ