មន្ត្រី​សង្គម​ស៊ីវិលជំរុញឲ្យ​អភិបាល​ខេត្ត​ព្រះវិហារ​ចាត់វិធានការមន្ត្រី​រំលោភ​យក​ដី​រដ្ឋ

​មន្ដ្រី​សិទ្ធិមនុស្ស​អាដហុក​ខេត្ដ​ព្រះវិហារ​អះអាងថា ខ្លួន​បាន​ដាក់​លិខិត​សុំ​អន្ដរាគមន៍​ទៅ​អភិបាលខេត្ដ ឲ្យ​ចាត់វិធានការមន្ត្រី​ខិលខូច​មួយចំនួន​នៅក្នុង​ខេត្ត​នេះ ដែល​លោក​ថា បាន​រកឃើញ​ថា​ពួកគេកំពុង​ឃុបឃិត​គ្នា រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង​ធ្វើជា​កម្មសិទ្ធិ​ឯកជនគ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​វីអូឌី(VOD)​ដឹង​នៅ​ថ្ងៃទី​១៩​ខែ​មីនា​នេះ​ថា ដី​សាធារណៈ​របស់​រដ្ឋមួយ​កន្លែង​ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក​មួយចំនួនធំ លោក​ថា ត្រូវ​អាជ្ញាធរ​ក្រុង​និង​ខេត្ដ​នេះ ឃុបឃិត​គ្នា​វាស់​យក​ធ្វើជា​កម្មសិទ្ធិគ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​

​លោក ឡោ ចាន់ ឲ្យដឹងទៀតថា អ្នក​ឃុបឃិត​គ្នារំលោភ​យក​ដី​សាធារណរបស់​រដ្ឋ​នេះ លោក​ថា​មាន​ទាំង​អភិបាល​ក្រុង​ព្រះវិហា​រលោក នុត សោភ័ណ្ឌ ផងដែរ។​

​លោក​បន្ដថា ដី​នោះ​អភិបាល​ក្រុង​លោក​ នុត សោភ័ណ្ឌ​ កំពុង​សាងសង់​លំនៅឋាន​។​ លោក​បន្ថែមថា លោក​ក៍​បាន​ដាក់​លិខិត​សុំ​អន្ដរាគមន៍​ពី​អាជ្ញាធរ​ខេត្ដ ដើម្បី​ដកហូត​យក​ដី​នោះ​ធ្វើ​ជា​សម្បត្ដិ​របស់​រដ្ឋ​វិញ​ផង​ដែរ​។​

​អភិបាលរង​ខេត្ដ​ព្រះវិហារ​ទទួលបន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី លោក សុខ ហៃ អះអាងថា មិនទាន់​ឃើញ​លិខិត​សុំ​អន្ដរាគមន៍ របស់​មន្ត្រី​អាដហុក​នៅឡើយ ដោយ​លោក​ថា ចាំ​សាកសួរ​ផ្នែក​រដ្ឋបាល​ជាមុនសិន មុន​ប្រាប់​ពី​វិធានការណ៍​ទប់ស្កាត់​។​

VOD​មិនទាន់​អាច​ទាក់ទង​ផ្នែក​រដ្ឋបាល​សាលា​ខេត្ដ​ព្រះវិហារ​បាន​ភ្លាមៗ​នៅឡើយ​ទេ​។​
​អភិបាលក្រុង​ព្រះវិហា​រលោក នុត សោភ័ណ្ឌ បដិសេធការចោទប្រកាន់​នេះ ដោយ​លោក​ថា ការស៊ើបអង្កេតរបស់​មន្ត្រី​អាដហុក ហាក់​នៅ​ឆ្ងាយ​ពី​ការពិត ។​

​ទោះជា​យ៉ាងណា លោក ឡោ ចាន់ ព្រមាន​ថា និង​ប្តឹង​ករណីនេះ​ទៅ​តុលាការ បើ​អាជ្ញា​ធរខេត្ត​មិន​អាច​ចាត់វិធានការ រឹបអូស​ដី​នោះ មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​បាន​។​

​មន្ត្រី​សង្គម​ស៊ីវិល​រូបនោះ​យល់ថា វា​ជា​រឿង​អយុត្តិធម៌​មួយ បើ​មន្ត្រី​មានអំណាច អាច​រំលោភ​យក​ដី​សាធារណៈ​បាន​តាមចិត្ត គ្មាន​វិធានការ​ទប់ស្កាត់ រីឯ​ពលរដ្ឋ​ដែល​កាន់កាប់​ដី​ខ្លះ​ពី​ដូនតា​មក​ត្រូវ​គេ​ចាត់​វិធានការ​បណ្តេញ​ចេញ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ