អ្នករៀប​ចំ​ការ​​ប្រកួត​​អន្តរ​ជាតិ បកស្រាយ​រឿង​ឡុង សុវណ្ណឌឿន​ ចាញ់ឡាវ

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 8:46 AM | កីឡា | 0 | 8956 កីឡាករ​ឡាវ​លេខ​១ និង​កីឡាករ​លោក​ឡុង សុវណ្ណឌឿន​ លេខ​២​

នៅទីបំផុត​កីឡាករ​ឡាវ​បានក្លាយ​ជាម្ចាស់​ជើងឯក​ខុសពីការ​គ្រោងទុក ក្នុង​ការ​ប្រកួត​ប្រភេទ​ទម្ងន់៦៩​គីឡូក្រាម​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែ​ក្រវាត់​អន្តរជាតិ ដែលមាន​កីឡាករ​ខ្មែរនិង​បរទេសប្រជែង​គ្នា​​​​​។នេះជា​ការប្រកួត​ដែលបាន​ធ្វើឡើង​នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​កាលពីរ​សៀលថ្ងៃ​ទី១៨ ខែមីនា ខណៈដែល​​លទ្ធផល​​នេះក៏ត្រូវ​​ភរិយា​​​​​​កីឡាករ​​ឡុង សុវណ្ណឌឿន មិន​ទទួល​ស្គាល់។

យោងតាម​ការបញ្ជាក់​របស់លោក ញាណ សុធី អ្នករៀបចំការ​ប្រកួតបានអះ​អាងថា ព្រឹត្តិការណ៍​ដណ្ដើមខ្សែ​ក្រវាត់​អន្តរជាតិនេះ មាន​ការ​ចូល​រួម​ដោយ​កីឡាករ​កម្ពុជា​៤រូប​និងកីឡាករ​​ឡាវ​២​រូប និង​កីឡាករ​ថៃ​​២​រូប។ លោកថា នេះជាការ​ប្រកួត​វគ្គទី២ ដោយ​កីឡាករ​ទាំង៤​ត្រូវ​កំ​ណត់​​ចែក​ពូល​ដាច់​ដោយ​ឡែក គឺក្រុមកម្ពុជា​​មួយ​ក្រុម​ និងក្រុម​ខាងបរទេស​​មួយក្រុម។ កីឡាករ​ក្នុងក្រុមនីមួយៗ ប្រកួត​ខ្វែង​គ្នា​ទៅវិញ​ទៅ​មក ហើយ​សន្សំ​ពិន្ទុ​ក្នុង​ពូលរៀង​ខ្លួន ដើម្បី​ស្វែងរកអ្នក​មានពិន្ទុខ្ពស់​ជាងគេ​ក្នុងក្រុមកម្ពុជា និង​មួយរូប​ក្នុងក្រុម​ថៃ​អោយ​ឡើង​ប្រកួត​យក​លេខ១​និង​លេខ២ ឬប្រកួត​យក​ទឹក​ប្រាក់​២០លានរៀល ស្មើនឹង​៥ពាន់ដុល្លារ និង​ខ្សែក្រវាត់​ជើងឯក។

លោក​បានពន្យល់ថា កីឡាករខ្មែរត្រូវ​ប្រកួត​ជាមួយកីឡាករ​បរទេសក្នុង​ម្នាក់៤ប្រកួត ហើយបន្ទាប់​ពីការប្រកួត​ចប់ គឺយក​ពិន្ទុ​ដែល​ពួកគេ​បានទទួល​យក​មកគិតសម្រាប់​តែក្រុមរបស់​ពួកគេប៉ុណ្ណោះ ដោយកីឡាករ​កម្ពុជានិង​កីឡាករ​បរទេសណា​ទទួលបានពិន្ទុ​នាំមុខ​គេ២រូប នឹងត្រូវ​ឡើងប្រកួត​វគ្គខ្វែង​ឬហៅថា​​ឡើង​​ប្រកួត​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ យ៉ាងណាក៏ដោយ លោកបាន​សម្ដែងការសោក​ស្ដាយ ដោយ​សារតែ​វគ្គផ្ដាច់​ព្រ័ត្រ គឺកីឡាករ ឡុង ​សុវណ្ណឌឿន ដែលមានការ​រំពឹងខ្លាំងថានឹងក្លាយ​ជាម្ចាស់ជើងឯក បានចាញ់​ពិន្ទុកីឡាករឡាវ ហើយ​របូត​ទឹកប្រាក់​៥ពាន់ និងតំណែងជើងឯកសម្រាប់​រដូវកាលទី២​នៅ​ក្នុង​ព្រឹត្តិការណ៍​​​នោះ​​។

លោក ញាណ សុធី បន្តថា កីឡាករ២រូបចុង​ក្រោយដែលបានឡើង​ប្រកួតដណ្ដើម​គ្នាយក​ខ្សែក្រវាត់​ជើងឯកអន្តរជាតិនោះ គឺកីឡាករ ឡុង សុវណ្ណឌឿន មកពីក្លឹបសាល​វន្តកីឡា និងកីឡាករឡាវ Thav Oulan ។ កីទ្បាករទាំងពីរបានឡើង​ប្រកួតគ្នា​យ៉ាងស្វិតស្វាញ​បំផុត ដោយ​សារ​តែម្នាក់ៗសុទ្ធតែ​ចង់ដណ្ដើមយក​ចំណាត់ថ្នាក់លេខ១ ដើម្បី​គ្រងតំណែង​ជាម្ចាស់ខ្សែក្រវាត់។ លោ​កថា​ក្នុង​ពេល​ប្រកួត​​​​វិលជុំ កីឡាករ​ឡាវ​រូប​​នេះ​បានត្រឹម​តែ​ចាញ់​​ពិន្ទុ​ឡុង សុវណ្ណឌឿន ប៉ុណ្ណោះ ​ទើប​ការប្រកួត​​ចុង​ក្រោយ​​​​​​អ្នកណា​ក៏​ជឿ​១០០ភាគរយថា​​កីឡាករ​​ឡាវ​នឹង​ចាញ់​ជា​​ថ្មី។ ​

លោកថា​ការ​ប្រកួត​មានភាព​ស្វិត​ស្វាញ​យ៉ាង​ខ្លាំង ហើយ​បណ្ដាល​​មកពី​​ទឹកទី​​៤ និងទី​​៥ កីឡាករ​ឡាវ​ឈ្នះ​​ប្រៀប​​ខ្លាំង​ពេក ទើប​ជ័យ​ជម្នះ​ជា​ម្ចាស់ខ្សែ​ក្រវាត់​​អន្តរជាតិ​​​​​លើក​ទី​២​របស់​ព្រឹត្តិការណ៍​​​ខារ៉ាបាវ​កាលពីល្ងាច​​ថ្ងៃ​សៅរនោះ បានទៅលើ​បរទេស។  លោកថា​​​​​​​​​ការ​ជំទាស់មិនទទួល​យ​ក​លទ្ធផល​របស់​​ភរិយា​​លោក​ឡុង សុវណ្ណឌឿន គឺជា​រឿងដែល​​​​​​សុខចិត្ត​​ចំពោះ​លទ្ធផល​បរាជ័យ​របស់​​​​ស្វាមី ប៉ុន្តែលោកថា​​អ្វីៗ​ដែល​បាន​ធ្វើ​ឡើង​​​គឺ​ជា​រឿង​​​សមស្រប​​ផ្អែក​ទៅតាមកម្រិត​ប្រកួត​ជាក់​ស្ដែង។ លោកថា​​​​​​​សង្វៀន​​កម្ពុជា មិន​​អាច​សម្អាង​ថា​​​​​ការប្រកួត​​ក្នុង​ស្រុក ​អោយ​តែ​កីឡាករ​​កម្ពុជា​​ខ្លួនឯង​​ក៏អោយ​ឈ្នះ​ទាំងចាញ់​ប្រៀប​​នោះទេ ដើម្បី​កុំអោយ​វិស័យ​កីឡាករ​​អាប់អោន និង​កុំអោយ​​​កីឡាករ​​កម្ពុជា​ដែល​មាន​សមត្ថភាព​​​​​មិនដល់​​​បរទេស​​មិន​ខំ​ប្រឹង​​ប្រែង។ លោកថា​​​​ឡុង សុវណ្ណឌឿន ប្រកួត​​​ល្អ​​​៣​ទឹក​ដំបូង តែ​ក៏មិនឈ្នះ​​ដាច់​​ដែរ​គឺ​ស្ថិត​ក្នុង​ភាព​​ប្រហាក់​ប្រហែល​​គ្នា​ប៉ុណ្ណោះ ​​​ប៉ុន្តែ​នៅទឹកទី៤ និង​ទី​​៥ គឺ​កីឡាករកម្ពុជា​​​​​ត្រូវកីឡាករ​ឡាវ​វាយ​​អោយ​បាក់មុខ​យ៉ាង​​គំហ៊ុក​​ទើប​​ជ័យ​ជម្នះ​​ត្រូវ​តែអោយ​ទៅ​​ឡាវ។ ​

លោក​​​​​​ថា​ម្ចាស់ខ្សែ​​ក្រវាត់​អន្តរជាតិ​ មិន​​​អាច​ជា​​កីឡាករ​​ដែល​​​​បាន​ត្រឹម​​​​ប្រហាក់​​ប្រហែល​​ក្នុង​ការ​​វាយ​លុក ហើយ​ចុង​ក្រោយ ក៏ត្រូវ​គេ​វាយ​ដួល​ប្រផះ​ប្រភីង​​​​​​ដូច​អ្វីដែលឡុង សុវណ្ណឌឿន បាន​​​​​​​ប្រឈម​នោះទេ ទើបលោក​​បញ្ជាក់ថា​​​ការ​តវ៉ា​របស់​​​​ភរិយា​លោក​ឡុង សុវណ្ណឌឿន មិនសម​ហេតុ​ផល។ លោកនិយាយថា​​«​ប្រពន្ធ​​គាត់​ឈរ​ស្រែកថា​​លទ្ធផល​នោះមិនត្រឹម​ត្រូវ តែ​​​​គាត់មាន​មើល​​​​​ឡុង សុវណ្ណឌឿន ​២​ទឹកចុង​ក្រោយទេ តើ​យើង​អាច​អោយ​គាត់​ឈ្នះ​បានអត់ បើ​​៣​ទឹក​​ដំបូង​​គាត់​​វាយ​​​បាន​​​ឈ្នះ​ប្រៀប​មែន តែ​​ឡាវ​គេ​អត់​អី​ផង​ហ្នឹង តែ​​ដល់​២​ទឹកចុង​ក្រោយ ​គេ​វ៉ៃគាត់ដួល​​​ទីណាត់ទីណែង ហើយ​អោយ​​​​​​ខ្សែ​​ក្រវាត់​​មិច គេ​​​មិនថា​​​​​​​​​​ការប្រកួត​ហ្នឹង​បក្ស​​ពួក​ងាប់!»។ ​

លោកថា​​ការប្រកួតមិនមានចំណាត់​ថ្នាក់​លេខ​​៣ និង​លេខ​៤​នោះទេ ដោយ​ជើងឯក​បានខ្សែ​ក្រវាត់ បានពាន និង​ទឹកប្រាក់​​​២០លាន​រៀល និង​​​​​កីឡាករ​ឡុង សុវណ្ណឌឿន ​​​បាន​ទឹកប្រាក់​១២លានរៀល ស្មើនឹង៣០០០​ដុល្លារ និង​ពាន​កិត្តិយស​​មួយ។

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required