អាជ្ញាធរថា កំពុងរកស្វែងដំណោះស្រាយសម្រាប់​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ក្រោយ​អគ្គិភ័យ

អគ្គិភ័យឆេះផ្សារច្បារអំពៅ

មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធរកំពុងធ្វើការដោះស្រាយ ដោយថា ដើម្បី​រក្សាទ្រង់ទ្រាយតូបដែលនៅសល់ពីកាអគ្គិភ័យឆាបឆេះកាលពីយប់​ថ្ងៃ​ទី១៥ ខែមីនា​កន្លងមក ឲ្យ​នៅដដែល ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​អាជីវករ។

ក្រុម​អាជីវករ​ផ្សារ​ច្បារអំពៅ​ជិត ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​​នៅ​លើ​ទីតាំង​ផ្សារ​ដែល​ត្រូវ​ភ្លើង​ឆេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ពួកគេ​បង្ហាញ​ក្ដី​បារម្ភ​ជុំ​វិញ​​ការ​ឈូស​ឆាយ​តូប​របស់​ពួកគេ ដែល​នៅ​សេស​សល់​បន្ទាប់​ពី​​ភ្លើង​ឆេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​ថ្ងៃ​នេះថា អាជ្ញាធរ​កំពុង​ធ្វើការ​ដោះ​ស្រាយ​ឲ្យ​ក្រុម​អាជីវករ។

លោកប្រាប់​ថា៖ «កុំឲ្យបងប្អូនអាជីវករព្រួយបារម្ភអី មានតែអាជ្ញាធរយើងចូលរួមសោកស្ដាយជាមួយឧប្បទ្ទហេតុអគ្គីភ័យនេះហើយ និង​កំពុង​តែគិតថា ធ្វើម៉េច​ជួយបងប្អូនរបស់យើងឲ្យអស់លទ្ធភាពហើយ។ ក្នុងហ្នឹង មានការលើកឡើងថា អាចនឹងពិចារណា យើង​រៀប​ចំ​ផ្សារ​ហ្នឹង ហើយហ្នឹងយ៉ាងម៉េចចឹងទៅ ឬក៏រៀបចំជាទំហំចាស់អញ្ចឹង ហើយអាចឲ្យបងប្អូនរបស់យើង ធ្វើការសាងសង់​ខ្លួនឯង ប៉ុន្តែ អាទាំង​អស់​ហ្នឹង​វាមិនទាន់សម្រេចទេ ចាំមើលក្រុមការងារគិតគូរ ឬ​ក៏សិក្សាឲ្យល្អិតល្អន់សិន»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការបារម្ភរបស់ក្រុមអាជីវករផ្សារច្បារអំពៅ ដោយសារ ពួកគេធ្លាប់ឃើញមានករណីនេះ កើត​ឡើង​កន្លងមក។ លោកស្នើទៅអាជ្ញាធរឲ្យធ្វើការដោះស្រាយទៅតាមសំណើរបស់ក្រុមអាជីវករ ដើម្បីកុំមានបញ្ហា​នៅថ្ងៃក្រោយ។

លោកថា៖ «អាជីវករមានបទពិសោធជូរចត់នៅខេត្តមួយចំនួន។ ឧទាហរណ៍ ពេលក្រោយភ្លើងឆេះផ្សារទៅ ស្រាប់តែមានការទៅ រៀប​ចំ​ផ្សារ​ទៅរៀបចំតូបអីថ្មីឲ្យប្រជាពលរដ្ឋ។ អញ្ចឹងទង្វើបែបនេះ វាកើតចេញនៅតូបតូច តូបធំជាងមុន ហើយតូបខាងក្នុង ខាង​ក្រៅ​អី​ជា​ដើម។ ខ្ញុំយល់ថា ​ទំនងជា​អាជីវករនៅផ្សារច្បារអំពៅ គាត់បារម្ភអំពីរឿងនេះ​វាកើតឡើងមកលើរូបគាត់ ក្រោយ ពី​រឿង​ភ្លើង​ឆេះ​ផ្សារ​ច្បារ​អំពៅហ្នឹង។ អញ្ចឹងខ្ញុំយល់ថា អាជ្ញាធរពេលនេះ មិនគួរធ្វើអី្វដែលលើសសំណូមពរដែលប្រជាពលរដ្ឋ ដែលជាអាជីវករចង់បានទេ»។

កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក ក្រុមអាជីវករ អះអាងថា ពួកគាត់មិនឲ្យអាជ្ញាធរ​ឈូស​ឆាយ​កម្ទេចតូបដែលឆេះ ដើម្បីសាង សង់​ថ្មី​នោះ​ទេ គ្រាន់តែប្រក់ដំបូលឲ្យបានហើយ  ដោយសល់ប៉ុន្មានទុកឲ្យពួកគេជាអ្នក​ជួស​ជុលដោយ​ខ្លួន​ឯង ដើម្បី​ឆាប់​បាន​​លក់​ដូរ​ឡើង​វិញ។

អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា តូប​លក់​ដូរ ១៤៤៧​ ​នៅ​ក្នុង​ផ្សារ​ច្បារអំពៅ ត្រូវ​បានភ្លើង​ឆាប​ឆេះ ក្នុង​នោះ​តូប​ចំនួន ៦៤៦ បាន​ខូច​ខាត​​ទាំង​ស្រុង ​ចាប់​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ