មកទល់ពេលនេះមានមនុស្សតិចណាស់ដែលបានដឹងថាអតីតបេក្ខនារីក្នុងកម្មវិធី The Voice Cambodia
ជំនាន់ទី១ កញ្ញា ចំរើន សុភ័ក្រ្ត ដែលត្រូវបានហង្សមាសកុងត្រាអោយក្លាយជាតារាចម្រៀង គឺជាតារាមួយរូបដែលលេចរូបរាងពីអាជីពដើរច្រៀងភ្លេងការ និងច្រៀងកាត់សក់ការ ដោយសារតែនាងក៏ប៉ិនប្រសព្វនូវពាក្យកំប្លុកកំប្លែងមិនចាញ់តារាកំប្លែងកាត់សក់ការអាជីព។
មកទល់នឹងភាពជោគជ័យក្នុងនាមជាតារាចម្រៀងយុវវ័យនាពេលនេះ នាងនៅតែបានប្រកាសថាបន្តទទួលនូវការងារនោះ ដោយនាងនឹងចេញច្រៀងកាត់សក់ការអោយបានច្រើន អោយតែមានការទាក់ទងយកនាងទៅច្រៀងនោះផង។
ចំរើន សុភ័ក្ដ្រ បានថ្លែងក្នុងកម្មវិធីតន្ត្រី «TV5 Carabao Spark Concert» របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១៨ មីនា ថាមុនពេលកញ្ញាចូលប្រលងក្នុងកម្មវិធីរបស់ហង្សមាស កញ្ញាគឺជាសិស្សផ្នែកចម្រៀងបុរាណនិងប្រពៃណីប្រចាំនៅក្នុងសាលាវិចិត្រសិល្បៈប៉ុណ្ណោះ ដោយកញ្ញាក៏បានចូលច្រៀងជាមួយលោក អៀង ស៊ីធុល ក្នុងក្រុមច្រៀងភ្លេងការ និងច្រៀងកាត់សក់ជាមួយក្រុមរបស់លោកជាប្រចាំដោយអាជីពមួយនោះបាន ជួយអោយនាងរកលុយបានតាំងពីមុនពេលល្បីនោះផង។
បន្តបន្ទាប់កញ្ញាក៏បានចូលហ្វឹកហាត់របាំបុរាណ ដើម្បីទទួលច្រៀងផងរាំរបាំផង ងាយស្រួលទាក់ទាញទីផ្សារ ហើយក៏បានចូលប្រលងក្នុងកម្មវិធី The Voice ជំនាន់ទី១ ដែលធ្វើអោយនាងវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងខាងផ្នែកយុវវ័យវិញ។
កញ្ញាថានាងនៅតែទទួលច្រៀងភ្លេងការ និងច្រៀងកាត់សក់ជាមួយក្រុមលោក អៀង ស៊ីធុល និងក្រុមរៀមច្បងចាស់ៗដែលធ្លាប់ធ្វើការជាមួយមកទល់ពេលនេះ ប៉ុន្តែបណ្ដាលមកពីមិនសូវមានអ្នកដឹងទើបនាងទទួលបានត្រឹមតែ៤ទៅ៥រោងក្នុងមួយខែៗ។ នាងចង់ពង្រីកទីផ្សារលើមុខរបរនោះ ដោយបានប្រកាសថាក្រៅពីទទួលច្រៀងកាត់សក់ ក៏នឹងមានក្រុមតន្ត្រីបុរាណដែលទទួលច្រៀងក្នុងពិធីក្នុងមង្គលការទាំងមូលដើម្បីតម្រូវការម្ចាស់ពិធីផងដែរ។
កញ្ញាថាទោះជាការងារចម្រៀងយុវវ័យ កាន់តែមានការទទួលស្គាល់តែនាងអត់ចោលបុរាណទេ ដោយមានតែខំប្រឹងពង្រឹងអាជីពមួយនោះ អោយកាន់តែខ្លាំងថែមទៀត ដើម្បីអោយគេដឹងថានាងក៏ជាតារាចម្រៀងដែលមានជំនាញខាងភ្លេងការនិងច្រៀងកាត់សក់ផងដែរ។
ការលើកឡើងរបស់ ចំរើន សុភ័ក្រ្ត ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលដោយសារតែគេស្មានថាក្រោយពីនាងឈប់សិក្សានៅសាលាវិចិត្រសិល្បៈ ហើយបានល្បីឈ្មោះក្នុងនាមជាតារាចម្រៀងយុវ័យរបស់ហង្សមាស
ដោយបានទាំងវិវត្តន៍ខ្លួនជាតារាចម្រៀងដែលមានក្រុមរាំយ៉ាងរំពើនផង គឺប្រហែលជានាងបោះបង់អាជីពចម្រៀងបុរាណនោះហើយ ប៉ុន្តែការពិតនាងនៅសម្ងំទទួលច្រៀងកាត់សក់ និងច្រៀងភ្លេងការយ៉ាងសកម្ម
ដោយអះអាងថាមិនមានអ្នកជួលព្រោះតែមិនសូវបានដឹងអោយបានច្រើនតាមការចង់បានទៅវិញ។
នាងថានៅក្នុងផលិតកម្មហង្សមាស នាងនឹងប្រឹងបញ្ចេញសមត្ថភាពចម្រៀងសម័យ ដោយប្រឹងបង្កើតក្បាច់រាំ
និងចេញបទចម្រៀងដែលអាចតម្រូវចិត្តយុវវ័យអោយបានកាន់តែច្រើន ប៉ុន្តែសម្រាប់ជំនាញបុរាណ គឺនាងនឹងប្រកាសជាសាធារណៈអោយដឹងថានាងក៏ទទួលច្រៀងកាត់សក់ និងច្រៀងភ្លេងការមិនខុសពីតារាជើងចាស់
ដោយនាងក៏នឹងរៀបក្រុមភ្លេងបុរាណ ទទួលកម្មវិធីទាំងនោះអោយបានពេញទំហឹងក្រោយមានអ្នកដឹងហើយចាប់អារម្មណ៍ចង់ជួលអោយនាងទៅច្រៀង។
យ៉ាងណាមិញនាងថាប្រសិនបើជួលតែនាងម្នាក់ឯង ហើយមិនជួយជួលក្រុមក៏នាងប្រហែលជានឹងពិចារណាផងដែរដោយសារតែនាងមិនចង់ជោគជ័យតែម្នាក់ឯង ហើយទុក្ខក្រុមដែលធ្លាប់កម្សត់កម្រអោយនៅតែលតោល។ ក្នុងនោះបើមានឱកាសនាងក៏នឹងទទួលរាំរបាំដូចដើមអោយបានច្រើន ដើម្បីរំលឹកពីជំនាញដែលនាងធ្លាប់ហាត់តាំងពីមុនត្រូវបានហង្សមាសលើកតម្កើង៕