Fresh News ចុះ​ផ្សាយ​ថា តុលាការ​នឹង​នាំ​លោក កឹម សុខា ចូល​សវនាការសប្ដាហ៍​ក្រោយ

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

មេធាវីការពារក្តីឲ្យមេដឹកនាំ​អតីត​បក្សប្រឆាំង បាន​អះ​អាង​ថា កូន​ក្ដី​លោក​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ ប្រសិន​បើ​តុលាការ​ជាន់​ខ្ពស់​នាំ​ខ្លួន​កូន​ក្ដី​របស់​លោក​ចូល​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដូច​ទៅ​នឹង​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ។

ដោយ​អះ​អាង​ថា បាន​ដក​ស្រង់​ខ្លឹមសារ​នៃ​លិខិត​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាល​ឧទ្ធរណ៍​នោះ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ផ្សាយ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក កឹម សុខា នឹង​ត្រូវ​បាន​នាំ​ខ្លួន​ចូល​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ដែល​នឹង​ធ្វើ​ឡើង​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ។

វីអូឌី​មិន​អាច​ស្វែង​រក​ការ​បញ្ជាក់​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថារិទ្ធ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ចំណែក​ឯ​​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បានប្រាប់​VOD​នៅថ្ងៃនេះថា លោក​ពុំ​ទាន់​ទទួល​បាន​លិខិត​បង្គាប់​នោះ​នៅ​ឡើយ​ទេ។

ថ្វី​បើ​បែប​នេះ​ក្ដី មេធាវី​រូប​នេះចង់​ឃើញ​កូន​ក្ដី​របស់​លោក​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​នា​សប្ដាហ៍​ក្រោយ​នេះ ដោយ​ថា ដើម្បី​ឲ្យ​កូន​ក្ដី​លោក​ងាយ​ស្រួល​បង្ហាញ​ភាព​ស្អាត​ស្អំ​នៅ​ចំពោះ​មុខ​​អង្គ​ជំនុំ​ជម្រះ។

លោក សំ សុគង់ ប្រាប់​ថា៖ «ការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នដោយសារតែ​យើងមានភស្តុតាង​គ្រប់​គ្រាន់​ គឺមិនមានការបារម្ភអីទេ។ ការនៅក្រៅឃុំ វាអត់ប៉ះពាល់​ដល់នីតិវិធីនៃការស៊ើបសួររបស់​តុលា​ការ  ហើយកូនក្តីខ្ញុំក៏បាន​សន្យាបង្ហាញខ្លួននៅគ្រប់នីតិវិធីរបស់តុលាការ បើ​តុលាការ​កោះហៅ ហើយ​ទី​​ពីរ​​ក្រុមមេធាវីក៏បានដាក់ពាក្យទៅតុលាការសុំឲ្យលោក កឹម សុខា បានទៅព្យាបាលសុខ​ភាព​នៅ​ប្រទេស​សាំងហ្កាពួរ​ផង​ដែរ​​»។

លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុបឃិត» ជាមួយ​បរទេស ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ប៉ុន្តែ គណបក្ស​ប្រឆាំង​តែង​តែ​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ