វិភាគ៖ តើពេលណាមេដឹកនាំខ្មែរឈប់ចោទគ្នាថាក្បត់ជាតិ?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 4:08 PM | បទវិភាគ | 0 | 1099 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ច្រើនជំនាន់មកនេះ គេតែងតែឮអ្នកនយោបាយខ្មែរ ចោទគ្នាពីអំពើក្បត់ជាតិ ហើយអ្នកដែលរងនូវការចោទប្រកាន់ ត្រូវបាន​គេ​ចាប់​ដាក់ពន្ធនាគារ និងខ្លះទៀតត្រូ​វប្រហាជីវិត ចំណែកអ្នកដែលមានឥទ្ធិពល ឬអ្នកកាន់អំណាចប្រកា​សថា ចំណាត់ការរប​ស់ខ្លួ​​​ន​កា​​រពារប្រយោជន៍ជាតិ ។

នៅសម័យទំនើបនេះ គេនៅតែឮ អ្នកនយោបាយខ្មែរចោទគ្នាថា «ក្បត់ជាតិ» ដដែល ពិសេសឲ្យតែការបោះឆ្នោត​ជិត​មក​ដល់​។

អំឡុងឃោសនាបោះឆ្នោតឆ្នាំ២០១៣ អតីតគណបក្សបក្សប្រឆាំង បានចោទបក្សកាន់អំណាចថា ការបោះបង្គោលព្រំដែន កម្ពុជា-វៀ​​​ត​ណាម បានជាង ៨​០​ភា​គរយមកនោះ ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៀត​ទៅប្រទេសវៀតណាម ។

តែអ្នកតំណាងរាស្ត្រអតីតបក្សប្រឆាំង ដែលសកម្មរិះគន់បញ្ហានេះ មាន លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ជាដើម ត្រូ​វ​បាន​រដ្ឋា​ភិបាលប្តឹង ហើយពេលនេះ អ្នកខ្លះកំពុងជាប់ពន្ធនាគារនៅឡើយ។

ជាការកត់សម្គល់មួយទៀត ក្រោយពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែ​ល​​​ជា​​បក្សប្រឆាំងដ៏ធំនៅកម្ពុជា រួច​មកនោះ លោក ហ៊ុន សែន បានចោ​ទ​លោក សម រង្ស៊ី ជា​សាធារណៈ​ថា ជាជនក្បត់ជាតិ ។

លោក ហ៊ុន សែន អះអាងថា លោក សម រង្ស៊ី អំឡុងឆ្នាំ២០១៣ បានចុះកិច្ចព្រមព្រៀង ជាមួយប្រធានមូលនីធីម៉ុងតាញ៉ា លោ​ក កុក ស ស​ន្យា​កា​ត់ដីខ្មែរ ៤ខេត្ត ជាប់ព្រំដែន​ភាគឦសាន ឲ្យទៅ​​ប្រទេ​ស​វៀតណាម បើខ្លួន​ឈ្នះ​ឆ្នោត​បាន​ដឹក​នាំ​ប្រទេស។

ប៉ុន្តែ ​​លោក សម រង្ស៊ី បានចោទតបវិញថា លោក ហ៊ុន សែន ទេដែលជាមេដឹកនាំក្បត់ជាតិ កាត់ទឹកដី​ឲ្យទៅ​វៀត​ណាម រួមទាំ​ង​​កាត់កោះ​​​​ត្រល់​ផងដែរ តាមរយៈសន្ធិសញ្ញាឆ្នាំ១៩៨២ -៨៣ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ។

តើពេលណាមេដឹកនាំខ្មែរឈប់ចោទគ្នាថា «ក្បត់ជាតិ»?

អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍ លោក​បណ្ឌិត មាស នី វិភាគថា ដើមចម​ចេញពីការចោ​ទ​ប្រកាន់គ្នានេះ មកពីអ្នកនយោបាយខ្មែរ គ្មានទំនុកចិត្តខ្លួនឯងតែរៀងៗខ្លួន ក្នុងការបង្កើ​តគោ​លន​យោ​បាយថ្មីៗ ដើម្បីឆ្លើយ​តប​ទៅ​នឹងបញ្ហា​របស់ពលរដ្ឋ ។ លោកថា ដូចនេះ ពួកគេលេងតែល្បែង​គំនុំបុគ្កលច្រើនជាង។

លោកថា៖ «សំខាន់ដោះសារ​យកបញ្ហាផ្ទាល់ខ្លួនចេញឲ្យអស់ទៅ ហើយធ្វើការគិតពិចារណាឡើងវិញទៅថា ជម្លោះរវាងខ្មែរ​នឹ​ងខ្មែ​​​រមកដល់ពេលនេះ មានតែខ្មែរទេដែលអាចត្រូវដោះស្រាយរឿងហ្នឹង ហើយការដោះស្រា​យមានតែការជជែកគ្នាមានតែសា​ង​ទំ​​នុកចិត្តឲ្យគ្នា​ទៅវិញទៅមក  កុំចេះតែនាំគ្នាផ្តល់ភាពភ័យខ្លាចឲ្យគ្នាទៅវិញទៅមក។ រាល់ថ្ងៃ យើងមើលទៅ អ្នក​នយោបាយ​ធំ​ៗទាំ​ង​ពីរ គឺភ័យខ្លាចទាំងពីរទេ គ្មាននរណាខ្លាំងជាងនរណាទេ ១ភ័យខ្លាច មិនបានឈ្នះ ១ភ័យ​ខ្លាចក្រែលល វាចាញ់»។

លោក មាស នី វិភាគទៀតថា ល្បែង​ដែលមេដឹកនាំទាំងពីរ​កំពុងលេងពេលនេះ កំពុងរងនូវការ​ស្តីបន្ទោ​សពី​ពលរ​ដ្ខមួ​​យចំនួនធំ​ដែលបានតាមដានពីរបត់នយោបាយ។

បើតាមលោក មាស នី ដើម្បីឲ្យអ្នកនយោបាយឈប់លែងល្បែងបោកបញ្ឆោតរាស្ត្រ ហើយងាកមកកា​រពារប្រយោជន៍​ជាតិវិញ​នោះ លោកថា លុះណាតែពលរដ្ឋចេះ​ពិចារណារកផ្លូវកណ្តាល ហើយចង្អុលប្រាប់អ្នកនយោបាយថា អ្វីដែលអ្នកន​យោបា​យ​​កំពុ​ង​ធ្វើ​ បានដើរផ្ទុយពីកង្វល់​របស់ពលរដ្ឋជាម្ចាស់ប្រទេស។

លោកថា៖ «ពលរដ្ឋត្រូវនាំគ្នាឈរនៅជំហរកណ្តាលមួយកុំបណ្តោលឲ្យខ្លួនហ្នឹងផ្កាប់មុខ ទៅលើគណបក្សណាមួយ ហើយយើ​ង​នាំ​​គ្នា​​ប្រើឥទ្ធិ​ពលទៅលើអ្នកគណបក្សរៀងខ្លួន ដើម្បីឲ្យអ្នកនយោបាយ ដែលយើងស្រឡាញ់ហ្នឹ​ងមិនថាគ​ណបក្ស​កាន់អំណាច ឬ​គ​ណ​​បក្សប្រឆាំងទេ គឺនាំថាគ្នាប្រើឥទ្ធិពលរបស់​យើងដើម្បីតម្រង់ឲ្យ​អ្នកនយោបាយដើរឲ្យត្រង់ផ្លូវ កុំឲ្យគាត់យករឿ​ងភូតកុហ​កម​ក​ប្រា​ប់យើង»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា ល្បែងដែលមេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំង កំពុងលេងនេះ លោកថា បានដើរជាន់គន្លងចាស់ ជំរុញឲ្យបែកបាក់ជាតិ ។

លោកថា៖ «អ្នកនយោបាយពីដើម គាត់ច្រើនចោទគ្នាបែបហ្នឹង ហើយចុងក្រោយគាត់ច្រើនជាប់អន្ទាក់បរទេស រហូតដល់យើ​ងបា​ត់​​បង់​ទឹ​កដី យើងមានសង្គ្រាមគ្នាឯង សម្លាប់គ្នាឯង រហូតសព្វថ្ងៃហ្នឹង ដោយសារអី? យើងមើលតែសម័យសង្គ្រាម លន់ នល់ និងខ្មែ​រ​ក្រ​​ហ​​ម​មួយចោទថា អាមេរិកនៅពីក្រោយ មួយចោទថា ចិននៅពីក្រោយ រុស្ស៊ីនៅពីក្រោយ ដល់ពេល​យើងច្បា​គ្នា​យើ​ងច្បាំ​ង​គ្នា​ឯង។ ខាង លន់ នល់ ក៏ជាខ្មែរ ខាងខ្មែរក្រហមក៏ខ្មែរ យើងសម្លាប់គ្នារហូតអស់រាប់លាននាក់។ ក្រោយ ប៉ុល ពត យើងស្លា​ប់អស់​រាប់​លា​ន​នា​ក់ នេះជាប្រវត្តិសាស្ត្រមួយ ដែលយើងដើរមកដល់ចំនុចនេះដដែលហើយ»។

លោក ហង្ស វិទូ រំឭកថា អ្នកនយោបាយខ្មែរ​គួតែយកគំរូ​តាមប្រទេសជឿនលឿន មកធ្វើជាគោលនយោបាយ ដើម្បីប្រកួតគ្នា ជាជាងប្រើ​កម្លាំងបាយ ព្រោះតែស្រឡាញ់អំណាច ហើយមិនខ្វល់គ្រោះថ្នាក់របស់ប្រទេសជាតិនោះ។

លោកថា៖ «នៅប្រទេសជឿនលឿន គេប្រកួតគ្នាផ្នែកគោលនយោបាយ មានន័យថា គោលនយោបាយហ្នឹង ធ្វើឲ្យពលរដ្ឋ​មានជីវភា​ពធូធា សម្បូរសប្បាយ មានភាររីកចម្រើនអភិវឌ្ឍអីអញ្ចឹងទៅថា តើអ្នកណាដែលមា​នសមត្ថភាពក្នុង​ការលើកឡើង​ពី​គោ​ល​​​​ន​​យោ​បាយហ្នឹង ដើម្បីឲ្យបលរដ្ឋគាត់ចាប់អារម្មណ៍ គាត់បោះឆ្នោតឲ្យ។ ប៉ុន្តែ មិនមែនពង្វក់ឲ្យស្អប់ជាតិសាសន៍ដទៃពង្វក់​រឿង​ទឹ​កដី ឬក៏ទាញរឿងសង្គ្រាម ការកាប់សម្លាប់ដូចស្រុកខ្មែរអីអញ្ចឹងទេ»។

សរុបជារួម អ្នកវិភាគថា អ្នកនយោបាយនឹងឈប់ចោទគ្នាថា ក្រុមនេះ ឬក្រុមនោះក្បត់ជាតិ ដើម្បីកេងចំណេញនយោបាយ នៅពេ​លដែ​លពលរដ្ឋចេះសម្រេចចិត្តដោយមិនលម្អៀង ចេះតាមដានពីទង្វើរបស់អ្នកនយោបាយ និងចេះប្រើប្រាស់សិទ្ធិចង្អុ​លផ្លូ​វ ឲ្យអ្នក​នយោបាយដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required