សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលើកទឹកចិត្តអ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិ

សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង (រូបថតហ្វេសប៊ុក​អ៊ូច ឡេង)

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល ចេះលើកទឹកចិត្តផ្តល់ជាពានរង្វាន់ដល់អ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិដែលពួកគេថាដើម្បីជំរុញការទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាព។

នៅចុងឆ្នាំ២០១៥សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់បានចេញទៅទទួលពានរង្វាន់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយប្រទេស២១ផ្សេងទៀតលើពិភពលោកដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិUN។

នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦ សកម្មជនការពារព្រៃឈើល្បីឈ្មោះម្នាក់ទៀតគឺលោក អ៊ូច ឡេង បានទទួលពានរង្វាន់ជាវីរជនបរិស្ថានពិភពលោកនៅសហរដ្ឋអាមេរិក។

ដោយឡែករដ្ឋាភិបាលកម្ពុជាខ្លួនឯងមិនទាន់បានបង្កើតកម្មវិធីផ្តល់ពានរង្វាន់លើកទឹកចិត្តដល់អ្នកការពារព្រៃឈើនៅឡើយទេ។

សកម្មជនព្រៃឈើនៅតំបន់ព្រៃឡង់លោក ហឿន សុភាព ដែលធ្លាប់ធ្វើដំណើរទៅទទួលពានរង្វាន់នៅទីក្រុងប៉ារីសប្រទេសបារាំងផងនោះបានឲ្យVODដឹងនៅថ្ងៃទី១៩ខែមេសានេះថា បទល្មើសព្រៃឈើដែលកើតឡើងរហូតពេលនេះ លោកថាភាគច្រើនជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។

លោក ហឿន សុភាព ឲ្យដឹងទៀតថាបើរដ្ឋាភិបាលចាប់ផ្តើមលើកទឹកចិត្តផ្តល់ពានរង្វាន់ដល់សកម្មជនការពារព្រៃឈើ ដូចសហគមន៍អន្តរជាតិ លោកថាមន្ត្រីខិលខូចដែលប្រព្រឹត្តបទល្មើសកាប់ឈើខុសច្បាប់នឹងខ្លាចរអា ដោយឃើញរដ្ឋាភិបាល ចាប់ផ្តើមសហការជាមួយសកម្មជនការពារព្រៃឈើ។ លោកថាពេលនោះបទល្មើសព្រៃឈើនឹងថយចុះ។

លោកថា៖ “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញប្រមុខរាជរដ្ឋាភិបាលជាអ្នកដឹកនាំប្រទេសគាំទ្រដល់សកម្មជនការពារព្រៃឈើ ដោយសាររឿងនេះយើងធ្វើការជួយរដ្ឋាភិបាលទាំងមូលការងារនេះជាការងាររដ្ឋាភិបាលទេ មិនមែនការងាររបស់ប្រជាជនឬ របស់សហគមន៍ទេ ហេតុអីបានជាយើងធ្វើ ដោយសារយើងរង់ចាំចំណាត់ការរបស់រដ្ឋាភិបាលយូរឆ្នាំហើយ។ ប៉ុន្តែវាអត់មានចំណាត់ការណាមួយសមស្របឲ្យប្រជាជន”។

បណ្តាញស្រាវជ្រាវភស្តុតាងបទល្មើសធនធានធម្មជាតិលោក ឈឹម សាវុធ លើកឡើងថាបទល្មើសព្រៃឈើដែលបន្តកើតមានរហូតបច្ចុប្បន្ននេះ លោកថាអាចជាការបើកដៃពីមន្ត្រីពាក់ព័ន្ធផងនិងអាចជាការធ្វើមិនដឹងមិនឮ របស់រដ្ឋាភិបាលផងដែរ។ លោកថាពេលខ្លះសកម្មជនការពារព្រៃឈើត្រូវរដ្ឋាភិបាលចាត់ទុកថាជាមនុស្សប្រឆាំងនិងខ្លះទៀតត្រូវគេបាញ់សម្លាប់ដូចជាលោក ឈុត វុទ្ធី ជាដើម។

ប៉ុន្តែលោកគិតថា បើរដ្ឋាភិបាលលើកទឹកចិត្តផ្តល់ជាពានរង្វាន់ដល់សកម្មជនការពារព្រៃឈើដូចសហគមន៍អន្តរជាតិ លោកថាបទល្មើលព្រៃឈើអាចនឹងថយចុះ។

លោកថា៖ “រដ្ឋាភិបាលគួរណាស់តែលើកទឹកចិត្តដល់ពួកគាត់(សកម្មជនការពារព្រៃឈើ)ដើម្បីឲ្យពួកគាត់មានឆន្ទៈទៅមុខទៀតក្នុងការបន្តការងាររបស់គាត់ យើងមិនថាពាក់ព័ន្ធនឹងការការពារព្រៃឈើទេ សូម្បីតែក្មេងដែលជានិស្សិតស្រករក្រោយហ្នឹងគាត់កំពុងតែរៀន គាត់មានតម្រិះខ្ពស់ហ្នឹង រដ្ឋាភិបាលគួរតែលើកទឹកចិត្តគាត់ដូចប្រទេសគេអញ្ចឹង ព្រោះយើងមើលឃើញហើយប្រទេសគេ គេយកចិត្តទុកដាក់ណាស់អ្នកចេះដឹង អ្នកដែលមានឆន្ទៈពិតប្រាកដ អ្នកដែលមានគំនិតថ្មីដើម្បីអភិវឌ្ឍប្រទេសគេ។ ប៉ុន្តែដោយឡែកប្រទេសយើង យើងឃើញស្រាប់ហើយកន្លងមកអ្នកដែលចេះដឹង អ្នកដែលមានគំនិតថ្មី អ្នកដែលចេះដឹងលូតលាស់ច្រើន រដ្ឋាភិបាលគាត់មិនយកចិត្តទុកដាក់ទេ គាត់ថែមទាំងបង្អាក់មិនឲ្យទៅមុខរួចទៀត”។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព អះអាងថាក្រសួងមិនទាន់បានគិតពីការផ្តល់ពានរង្វាន់ដល់សកម្មជនបរិស្ថានទាំងនោះទេ ប៉ុន្តែលោកថាក្រសួងនឹងសហការលើកទឹកចិត្តក្នុងការទប់ស្កាត់បទល្មើស។

លោកថា៖ “យើងមិនទាន់មានដែលយើងហៅថាជាពានរង្វាន់ឬក៏ជារង្វាន់អីផ្សេងៗទេ ក៏ប៉ុន្តែអង្គការឬក៏អ្នកដែលចូលរួមក្នុងការអភិរក្សការពារធនធានធម្មជាតិរបស់យើងគឺថាយើងគិតថាជាដៃគូដ៏សំខាន់របស់យើង ហើយយើងតែងធ្វើការប្រាស្រ័យទាក់ទងគ្នាធ្វើការទំនាក់ទំនងធ្វើការជាមួយគ្នាទាំងនូវកម្រិតគោលនយោបាយក៏ដូចជានៅសកម្មភាពការងារជាក់ស្តែង”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាបទល្មើសព្រៃឈើភាគច្រើន លោកថាជាប់ពាក់ព័ន្ធមន្ត្រីឬឧកញ៉ាដែលស្និទនឹងនាយករដ្ឋមន្ត្រីដែលលោកថាពេលខ្លះមន្ត្រីជំនាញពិបាកនឹងចាត់វិធានការ។ លោកថាការមិនចាត់វិធានលើមន្ត្រីខិលខូចនៅជិតខ្លួននេះហើយដែលលោកថាធ្វើឲ្យបក្សកាន់អំណាចបាត់បង់ប្រជាប្រិយភាពអស់២២អាសនៈក្នុងសភា។

លោកបណ្ឌិត មាស នី គិតថារដ្ឋាភិបាលត្រូវហ៊ានវះកាត់ចាត់វិធានការមន្ត្រីខិលខូច ហើយងាកមកលើកទឹកចិត្តសកម្មជនការពារធនធានធម្មជាតិ ទើបអាចទាក់ទាញការគាំទ្រឡើងវិញបាន។

លោកថា៖ “ខ្ញុំគិតថាវាជារឿងត្រឹមត្រូវណាស់ដែលរដ្ឋាភិបាលគួរតែគិតអំពីរឿងហ្នឹង ហើយក៏ផ្នែកមួយនៃការធ្វើកំណែទម្រង់ ព្រោះអីវាជាធម្មតាជាគោលគំនិតនៃការបង្កើតសហគមន៍ព្រៃឈើគឺគេឲ្យសិទ្ធិអំណាចដល់ពលរដ្ឋដែលរស់នៅតំបន់ហ្នឹង ដើម្បីជាភ្នែកច្រមុះជាតួអង្គដែលចេញមុខទៅការពារព្រៃទាំងមូល។ ប៉ុន្តែអ្វីដែលយើងឃើញកន្លងមក គោលការណ៍មួយដែលគ្រាន់តែឲ្យពលរដ្ឋមានព្រៃរៀងខ្លួននៅកៀនផ្ទះទៅ ហើយគេប្រាប់គាត់ថា សុំឲ្យអ្នកឯងមើលតែព្រៃក្បែផ្ទះហ្នឹងបានហើយអាព្រៃធំៗហ្នឹងទុកឲ្យមន្ត្រីខាងការពារព្រៃឈើហ្នឹងគេអ្នកត្រួតត្រា អញ្ចឹងហើយបានជាបើកឱកាសឲ្យឈ្មួញនិងមន្ត្រីបរិស្ថានហើយនិងព្រៃឈើព្រៃមួយចំនួនហ្នឹងប្រព្រឹត្តបទល្មើសរួមគ្នាជាមួយឧកញាដែលដឹកឈើរកស៊ីលក់ឈើចេះតែបន្តរហូតសព្វថ្ងៃហ្នឹង”។

យ៉ាងណាក៏ដោយរដ្ឋាភិបាលបានប្រកាសឲ្យទុកតំបន់ព្រៃសេសសល់មួយចំនួនរួមទាំងតំបន់ព្រៃឡង់ផងធ្វើជាព្រៃអភិរក្ស បន្ទាប់ពីសកម្មជនការពារព្រៃឈើអះអាងថាតំបន់ព្រៃឈើជាច្រើននៅកម្ពុជាកំពុងរងការកាប់បំផ្លាញពីមន្ត្រីខិលខូចដោយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព។

ប៉ុន្តែសកម្មជនទាំងនោះអះអាងថាពួកគេនូវមិនទាន់ជឿថា តើវិធានការថ្មីទប់ស្កាត់បទល្មើសព្រៃឈើរដ្ឋាភិបាលនេះមានប្រសិទ្ធិភាពកម្រិតណានៅឡើយ បើការអនុវត្តច្បាប់នៅមានកម្រិតដូចបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ