អំពៅជាច្រើនហិកតាត្រូវបានភ្លើងឆេះ ខណៈនាយករដ្ឋមន្រ្តីទៅសម្ពោធរោងចក្រស្ករស

អ្នកភូមិនៅស្រុកឆែបឲ្យដឹងថាចំការអំពៅក្រុមហ៊ុនចិនជាច្រើនហិកតាត្រូវបានអគ្គិភ័យឆាបឆេះកាលពីយប់ថ្ងៃទី១៨ខែមេសានេះស្របពេលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅសម្ពោធរោងចក្រស្ករសដែលគេអះអាងថាមានតម្លៃ៣៦០លានដុល្លារក្នុងខេត្ដព្រះវិហារ។

ពលរដ្ឋម្នាក់គឺអ្នកស្រី លឹម សុខឃីម ប្រាប់VODនៅព្រឹកថ្ងៃអង្គារនេះថាចំការដំណាំអំពៅជាច្រើនហិកតានៅក្បែរោងវេទិការបស់នាយករដ្ឋមន្រ្តីដែលត្រូវធ្វើពិធីសម្ពោធថ្ងៃនេះ ត្រូវបានអគ្គិភ័យឆាបឆេះ ប៉ុន្ដែអ្នកស្រីថាអគ្គិភ័យ កើតឡើងដោយសារជនមិនស្គាល់មុខលួចដុតឬមកពីភ្លើងឆេះព្រៃរាលដាល។ អ្នកស្រី លឹម សុខឃីម បន្ថែមថា នៅវេលាម៉ោង១០យប់ថ្ងៃទី១៨ខែមេសានេះ ខ្យល់ព្យុះក៏បានបោកបក់យ៉ាងខ្លំាង បណ្ដាលឲ្យរោងវេទិកាសំណេះសំណាលរបស់នាយករដ្ឋមន្ដ្រីជាមួយពលរដ្ឋនៅក្នុងក្រុមហ៊ុនចិនស្ថិតនៅស្រុកឆែប បានដួលរលំ ដែលអ្នកស្រីថាបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់និងស្រាល។ អ្នកស្រីបន្ថែមថា៖ “ខ្ញុំអត់បានដឹងផងដឹងថាឆេះ ប៉ុន្ដែឆេះដោយសារអីព្រោះខ្យល់ព្យុះយប់មិញខ្លាំងពេក ដល់ខ្លាំងពេកឆេះអត់ដឹងថាឆេះដោយមូលហេតុអី

ករណីនេះស្នងការនគរបាលខេត្ដព្រះវិហារលោក ស៊ី គីរី មានប្រសាសន៍ថាអាជ្ញាធរមិនទាន់ដឹងពីទំហំនៃការខូចខាតដំណាំអំពៅដោយសារភ្លើងឆេះនៅឡើយទេ។ លោកបន្ដថាករណីខ្យល់ព្យុះដួលរលំរោងវេទិកានោះធ្វើឲ្យសមត្ថកិច្ចចំនួន៨នាក់រងរបួសធ្ងន់និងស្រាលក្នុងនោះកម្លាំងនគរបាល៦នាក់និងប៉េអឹម២នាក់។ លោកមានប្រសាសន៍ថា៖ “ឥឡូវយើងមិនទាន់ឆ្លើយបានទេបងព្រោះវាធាតុអាកាសផងនិងមនុស្សផងចាំមើលយើងស៊ើបសួរនគរបាលយើង៦នាក់ធ្ងន់៣ស្រាល៣ ហើយកងរាជអាវុធហត្ថម្នាក់ធ្ងន់និងម្នាក់ស្រាលសរុប៨នាក់។ ចាំមើលអាជ្ញាធរចាត់ចែង

អ្នកសម្របស្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីអគ្គីភ័យឆាបឆេះដំណាំអំពៅក្រុមហ៊ុនចិននេះ លោកសង្ស័យថាអាចមានជនមិនស្គាល់មុខលួចដុតបំផ្លាញ ព្រោះដីចំការអំពៅនោះមានជម្លោះជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។ លោកបន្ដថាជម្លោះដីធ្លីនេះបានអូសបន្លាយតាំងពីឆ្នាំ២០១២មកម្លេះ ប៉ុន្ដែអាជ្ញាធរគ្មានដំណោះស្រាយជូនពួកគាត់ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ