គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស

លោក គង្គ ប៊ុនឈឿន(រូបថតពីហ្វេសប៊ុក)

បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃទី១៧ មេសា សពរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានក្រុមគ្រួសារបញ្ជាក់ថានឹងត្រូវកំណត់ឲ្យបូជានៅថ្ងៃសៅរ៍សប្ដាហ៍នេះហើយក្នុងប្រទេសន័រវេស ប៉ុន្តែនឹងអាចតម្កល់ទុករហូតដល់១០០ថ្ងៃ ឬច្រើនជាងមុន មុននឹងបញ្ជូនមកតម្កល់នៅកម្ពុជា ដោយសារតែទីអាស្រមតម្កល់ធាតុនៅខេត្តកំពង់ស្ពឺទើបតែស្ថាបនាបាន៩០ភាគរយ។ មុនពេលទទួលអនិច្ចកម្មកវីស្ទឹងសង្កែរូបនេះ បានបន្សល់នូវបណ្ដាំចុងក្រោយមួយ គឺសុំអ្នកនិពន្ធបទចម្រៀងជំនាន់ក្រោយគ្រប់រូបបញ្ឈប់ការចម្លងបទពីបរទេស។

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារVOD កាលពីល្ងាចថ្ងៃទី១៨ មេសា លោក មុត ថារី កូនប្រសាររបស់លោកគង្គ ប៊ុនឈឿន បានអះអាងថាបំណងចុងក្រោយរបស់លោក គង្គ ប៊ុនឈឿន គឺសុំឲ្យអ្នកនិពន្ធបទចម្រៀងគ្រប់ផលិតកម្មបញ្ឈប់ឲ្យអស់នូវការលើកតម្កើងស្នាដៃបទចម្រៀងបរទេស។ លោកថាឪពុកក្មេករបស់ខ្លួនតែងបង្ហាញពីកង្វល់នៅពេលវិស័យចម្រៀងក្នុងប្រទេសកម្ពុជានៅពេលដែលវិស័យដែលធ្លាប់រីកចម្រើនមួយនេះ ត្រូវប្រឡូកប្រឡាក់ដោយការរិះគន់ថាចេះតែចម្លងបទគេ។ លោកមានប្រសាសន៍ថា៖ “មុនពេលគាត់(គង្គ ប៊ុនឈឿន)ស្លាប់ ពាក្យសម្ដីដែលគាត់តែងតែនិយាយដដែលៗគឺសុំឲ្យអ្នកនិពន្ធជំនាន់ក្រោយឈប់ចម្លងបទបរទេស គាត់ថាបើនៅតែអញ្ចឹង ប្រទេសនឹងមានការអាប់ឱន ព្រោះគាត់ថាបទចម្រៀងវាឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសមួយថារីកចម្រើនឬធ្លាក់ចុះ”។ លោកថាលោកគង្គ ប៊ុនឈឿន មិនដែលសប្បាយចិត្តនោះទេ នៅពេលវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាមានតែការចម្លងបទបរទេសច្រើនជាងនិពន្ធខ្លួនឯង ដែលមិនខុសពីការលើកស្ទួយនូវវប្បធម៌បរទេស ហើយមិនប្រឹងបញ្ចេញស្នាដៃដោយខ្លួនឯងផ្ទាល់។

លោកឲ្យដឹងទៀតថាឪពុករបស់ខ្លួនទទូចឲ្យឈប់សកម្មភាពបកប្រែរាល់បទបរទេសនិងខំនិពន្ធបទថ្មីឲ្យបានច្រើន ដើម្បីឲ្យក្មេងជំនាន់ក្រោយបានស្គាល់បានស្គាល់ពីទេពកោលស្យរបស់ខ្មែរវិញ។ លោកនិយាយថា៖ “បណ្ដាំចុងក្រោយដែលកូនចៅចាំបាន គឺគាត់ចង់ឃើញវិស័យចម្រៀងរបស់យើងលែងមានបទបរទេស ដាក់លក់ឲ្យខ្មែរស្ដាប់ ហើយបណ្ដាំហ្នឹងខ្ញុំបានផុសនៅលើហ្វេសប៊ុកខ្ញុំរួចហើយ ដើម្បីរំឭកដល់គាត់ដែលបានចែកឋាន!”។

លោក មុត ថារី បន្តថា លោក គង្គ ប៊ុនឈឿន បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសថៃកាលពីឆ្នាំ២០០០ និងបានចាកចេញពីប្រទេសថៃទៅកាន់ប្រទេសន័រវេសរហូតដល់ពេលលាចាកលោកកាលពីឆ្នាំ២០០៥ ដោយលោកមកលេងប្រទេសកម្ពុជាតែម្ដងគត់ ក្នុងឆ្នាំ២០១៣។ លោកថាសពរបស់ឪពុកក្មេកនឹងត្រូវបូជានៅថ្ងៃសៅរ៍ទី២៣ មេសានេះ បន្ទាប់ពីបានតម្កល់សពច្រើនថ្ងៃធ្វើបុណ្យនៅក្នុងប្រទេសន័រវេស។ លោកថានៅក្នុងប្រទេសកម្ពុជា កូនចៅក៏មានគម្រោងធ្វើបុណ្យបង្សុកូលធំមួយនៅវត្តត្រពាំងកិន ក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃសៅរ៍នោះផងដែរ ដើម្បីឧទ្ទិសមគ្គផលជូនដល់វិញ្ញាណក្ខន្ធរបស់លោកគង្គ ប៊ុនឈឿន។ លោកនិយាយថា៖ “ខ្ញុំនិងភរិយាអត់បានឡើងទៅន័រវេសទេក្នុងថ្ងៃបូជាហ្នឹង ព្រោះពួកយើងទើបតែទៅកាលពីខែ១(២០១៦)ដែរ ប៉ុន្តែពួកយើងនឹងធ្វើបុណ្យនៅវត្តមួយក្នុងខេត្តកំពង់ស្ពឺ កន្លែងដែលយើងធ្វើអាស្រមតម្កល់ធាតុឲ្យគាត់!”។ លោកថាអាស្រមនោះមានទំហំ៥គុណនឹង៧ម៉ែត្រ ដោយគ្រោងនឹងរៀបចំឲ្យក្លាយជាបណ្ណាល័យតម្កល់ស្នាដៃរបស់លោកគង្គ ប៊ុនឈឿនតែម្ដង ក្រៅពីតម្កល់ធាតុទុកគោរពបូជា។ លោកនិយាយថា៖ “អាស្រមតម្កល់ធាតុហ្នឹង ថ្ងៃក្រោយយើងធ្វើជាបណ្ណាល័យទាំងចម្រៀងគាត់ ទាំងរូបថត និងស្នាដៃរឿងរបស់គាត់តែម្ដង ព្រោះកូនចៅចង់ឲ្យក្លាយជាកន្លែងស្រាវជ្រាវ និងជាតំបន់ទេសចរណ៍ទៅថ្ងៃក្រោយ!”។

លោកថាមុនឃើញទីអាស្រម លោកគង្គ ប៊ុនឈឿន មានបំណងចង់បានដីមួយកន្លែងនៅខេត្តបាត់ដំបងធ្វើជាកន្លែងតម្កល់ធាតុ ប៉ុន្តែក្រោយពេលបានឃើញគឺលោកពេញចិត្ត នឹងបានផ្ដាំថាឲ្យដាក់ធាតុលោកនៅខេត្តកំពង់ស្ពឺនោះនិងសុំត្រឹមថាឲ្យមានជារូបសំណាក់អ្វីមួយនៅជាប់នឹងមាត់ស្ទឹងសង្កែប៉ុណ្ណោះ។ លោកមាននិយាយថា៖ “ពួកយើងសប្បាយចិត្តពេលឮថាអភិបាលខេត្តបាត់ដំបងពេញចិត្តសង់ជាកន្លែងតម្កល់ធាតុឲ្យ ប៉ុន្តែពួកយើងសុំអត់ទទួលទេ គឺមានកន្លែងតម្កល់សពឲ្យគាត់ហើយ គឺសុំតែឲ្យមានរូបសំណាក់ ឬជាស្អីមួយនៅជាប់មាត់ស្ទឹងសង្កែ ដើម្បីឲ្យអ្នកទេសចរណ៍បានចង់ចាំលោកប៉ុណ្ណោះ!”។

គួរបញ្ជាក់ថាលោក គង្គ ប៊ុនឈឿន ទទួលមរណភាពក្នុងវ័យ៧៧ឈានចូល៧៨ឆ្នាំ។ លោកមានកូន៦នាក់(ស្រី៥ប្រុស១) ដោយមានតែភរិយារបស់លោកម្នាក់ប៉ុណ្ណោះរស់នៅស្រុកខ្មែរ ចំណែកកូនផ្សេងទៀតគឺរស់នៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ