អ្នកច្បាប់ថាព្រះរាជអាជ្ញា​មិនត្រូវទម្លាយ​ចម្លើយ​សារភាព​របស់​អ្នកពាក់ព័ន្ធនោះទេ

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:08 AM | នយោបាយ | 2 | 9469 កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ

អ្នកច្បាប់មួយចំនួនចាត់ទុកថាការទម្លាយចម្លើយសារភាពរបស់អ្នកជាប់ពាក់ព័ន្ធក្នុងសំណុំរឿងណាមួយជាសាធារណៈ ជាទង្វើផ្ទុយនឹងច្បាប់និងខុសនឹងក្រមសីលធម៌។

នៅព្រឹកថ្ងៃអង្គារនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក សៀង សុខ បានសាកសួរកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ពីដំណើររឿងរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនដែលថាមានករណីផ្ដល់សក្ខីកម្មក្លែងនិងមានអំពើពេស្យាចារ។ បន្ទាប់ពីការសាកសួរ លោក សៀង សុខ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយអង្គភាពព័ត៌មានFresh News ដែលក្នុងនោះមានការទម្លាយព័ត៌មានស្នេហាស្នាក់នៅសណ្ឋាគារជាមួយគ្នា ការលួងឲ្យលុយចំនួន៣០០០ដុល្លារនិងការសន្យារកទិញផ្ទះជាដើម។

លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថារាល់ឯកសារនៅក្នុងសំណុំរឿងទាំងអស់មិនអាចទម្លាយជាសាធារណៈនោះទេ ដោយថានេះស្ថិតនៅក្នុងការស៊ើបអង្កេត។ លោកមានប្រសាសន៍ថា៖ “រាល់ព័ត៌មានរបស់ភាគីនីមួយៗដែលតុលាការកំពុងតែស៊ើបអង្កេតគឺត្រូវតែលាក់ការរបស់គេ មិនត្រូវបញ្ចេញរឿងហ្នឹងជាសាធារណៈទេ អាហ្នឹងផ្លូវច្បាប់ គឺគេកំណត់លាក់ការអញ្ចឹង”។ លោកចាត់ទុកករណីទម្លាយឯកសារឬព័ត៌មានទាំងនោះជារឿងខុសច្បាប់និងក្រមសីលធម៌។ លោកមានប្រសាសន៍ថា៖ “ការទម្លាយរឿងបែបៗហ្នឹង ទីមួយបង្ហាញរឿងផ្ទៃក្នុងរបស់ភាគីដែលកំពុងតែស៊ើបអង្កេត ទីពីរធ្វើឲ្យអាម៉ាស់មុខឬខូចកិត្តិយសរបស់ភាគីដែលត្រូវរក្សាការសម្ងាត់ទៅទៀត”

លោក ហុង គឹមសួន ឲ្យដឹងទៀតថាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចពិនិត្យមើលករណីនេះ។

ចំណែកលោកមេធាវី សុក សំអឿន មានប្រសាសន៍ថាមិនគួរមានការទម្លាយរឿងផ្ទាល់ខ្លួននោះទេ។ លោកមានប្រសាសន៍ថា៖ “អ្នកទម្លាយពាក់ព័ន្ធនឹងការដេកនៅរបស់គេ វាអសីលធម៌”

មេធាវីរបស់ស្រីមុំ លោកស្រី ទ្រី ឈូន មានប្រសាសន៍ថាលោកស្រីមិនទាន់បានឃើញនូវព័ត៌មានដែលព្រះរាជអាជ្ញាប្រាប់ទៅអ្នកសារព័ត៌មាននៅឡើយទេ តែលោកស្រីថាតាមផ្លូវច្បាប់ ព័ត៌មានត្រូវតែរក្សាការសម្ងាត់ហើយមិនអាចទម្លាយបាននោះទេ។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីព្រះរាជអាជ្ញារង លោក សៀង សុខ បានឡើយទេ។

ក្រោយបញ្ចប់ការសាកសួរ មេធាវីរបស់ស្រីមុំមានប្រសាសន៍ថាលោកស្រីសង្ឃឹមថាកូនក្តីរបស់លោកស្រីនឹងមិនត្រូវបានតំណាងអយ្យការចោទប្រកាន់នឹងបទពេស្យាចារនិងការផ្តល់សក្ខីកម្មក្លែងក្លាយនោះទេ ដោយអះអាងថាតុលាការសួរពាក់ព័ន្ធតែសំឡេងខ្សែអាត់និងការទំនាក់ទំនងរបស់កូនក្តីប៉ុណ្ណោះ។ លោកស្រីមានប្រសាសន៍ថា៖ “ធម្មតាតែកាលណាមានបញ្ហាអីកើតឡើងមួយតុលាការគាត់ត្រូវតែស្វែងរកនូវបទល្មើសនោះហើយ អីចឹងហើយការកោះហៅនេះគឺមិនប្រាសចាកទេ សំខាន់តើតុលាការប្រើអំណាចក្នុងការចោទប្រកាន់ហ្នឹងត្រឹមត្រូវឬមិនត្រឹមត្រូវ អាហ្នឹងជាចំណុចដែលយើងត្រូវចាំមើល តែរហូតមកដល់ពេលនេះខ្ញុំសង្ឃឹមថាតុលាការនឹងមិនចោទប្រកាន់កូនក្តីរបស់ខ្ញុំទេ ព្រោះកូនក្តីខ្ញុំជាជនរងគ្រោះ “។

កញ្ញា ខុម ចាន់តារាទី បានបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសំណួរថាតើខ្សែអាត់សំឡេងនោះជាសំឡេងរបស់ខ្លួនឬយ៉ាងណា។ កន្លងទៅ កញ្ញាបានបដិសេធថាសំឡេងក្នុងខ្សែអាត់នោះមិនមែនជាសំឡេងរបស់កញ្ញានោះទេ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំនារីម្នាក់ទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើនគិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។ លោកថ្លែងថា៖ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅសណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត

លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយ លោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។ លោកព្រមានថា៖ នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោកបញ្ឆោត។ ប៉ុន្តែតែរាលដាលដល់សភា ដល់រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ

 

 

 

 

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required