រដ្ឋាភិបាលគ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពីជល​ផល​ ខណៈច្បាប់​ចាស់​ហាក់​មិនមានប្រសិទ្ធភាព

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅ ៣មុខព្រួញ

គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ​អះអាងថា ពួកគេនឹងស្នើ​ធ្វើ​វិសោធន​កម្ម​លើ​មាត្រា​មួយ​ចំនួននៃ​ច្បាប់ស្តីពី​ជល​ផល​ ឲ្យ​មាន​លក្ខខណៈតឹង​រ៉ឹង​ជាង​មុន ខណៈច្បាប់​ចាស់​នាពេលបច្ចុប្បន្ន ហាក់​មិន​សូវ​មាន​ប្រសិទ្ធិ​ភា​ពនៅឡើយ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​កិច្ច​ប្រជុំបូក​សរុបលទ្ធផល​ការ​ងារ​បង្ក្រាប​បទ​ល្មើស​នេសាទ នៅព្រឹក​ថ្ងៃពុធទី១៩មេសានេះ នៅឯក្រសួងមហាផ្ទៃ ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួងទប់ស្កាត់​បទល្មើស​នេសាទនៅ​បឹង​ទន្លេសាប និង​ជារដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន ឲ្យដឹង​ថា នៅ​សប្តាហ៍​ក្រោយ​គណៈកម្មាការ​នឹងបើកការ​ប្រជុំ​មួយ ដើម្បី​ពិភាក្សាលើការធ្វើ​វិសោធនកម្ម​លើ​មាត្រា​ចំ​នួន​៣ នៃ​ច្បាប់​ស្តីពីជល​ផល ដោយ​ថា​ ដើម្បីពង្រឹង​ការ​ត្រួត​ពិនិត្យ និង​ការ​ប្រើ​ប្រាស់ឧបករណ៍​នេសាទ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ទុក​ផ្ទៃ​ទឹក​ខ្លះ ​ដើម្បីឲ្យ​​ត្រី​រស់​នៅ ខណៈច្បាប់​បច្ចុប្បន្ន​ហាក់មានភាព​យោ​គ​យល់​ច្រើន ហើយមិនមាន​អ្នក​គោរពតាម។

បើតាម​លោក​ វេង សាខុន វិសោធនកម្ម​មាត្រាថ្មី​នេះ ​គឺ​សម្រេច​​បង្រួមប្រវែងនៃ​ការ​​រាយ​ ណ ឬ​រ៉ា​វ ដែលជាឧបករណ៍នេសាទត្រី ដែល​ពី​មុន​លោកថា អាច​អនុញ្ញា​ត​បាន​ទៅ​ដល់​៥០០ម៉ែ​ត្រ​ មក​នៅ​ត្រឹម​មិន​លើស​ពី​២០០ម៉ែត្រ​វិញ។

លោក​ថា៖ «ច្បាប់​ហ្នឹង​យើង​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ២០០៦ កាលនោះ ​យើង​មើល​ទៅ​ប្រជា​នេសាទ​គឺ​តិចអញ្ចឹង​យើង​បើក​ឲ្យពួកគាត​នេសាទ​ដល់​ទៅ​៥០០ម៉ែត្រ អាច​ធ្វើ​របាំង​នរ៉ាវ​ហ្នឹង​ ដល់​អញ្ចឹង​ទៅ​ប្រ​សិន​​​ជា​យើង​បណ្តែ​ត​បណ្តោយ​ដល់​ថ្នាក់​ហ្នឹង​ផ្ទៃ​ទឹក​យើង​គឺ​អស់​ហើយ […] ច្បាប់​បាន​ចែង​ថា​ នៅពេល​ដែល​ដល់​រដូវបិទ​នេសាទ​គឺ​អនុ​ញ្ញាត្តិ​​ឲ្យ​ប្រជា​ជន​ដាក់​របាំង​នរ៉ាវ​ហ្នឹង គឺ​ប្រវែង​តិច​ជាង​៥០​ម៉ែត្រ ដែល​មាន​ក្រឡា​ហ្នឹង​ធំ​ជាង​៤​សង់​ទី​ម៉ែត្រ​ នៅពេល​រដូវ​បើ​ក​នេសាទ​គឺ​អនុញ្ញាត្តឲ្យ​ប្រជា​ជនដាក់​នរ៉ាវ​ […]»។

លោក​បាន​បន្ថែម​ថា តា​ម​រយៈយុទ្ធនាការ​ចុះអង្កេត​របស់​គណៈកម្មការ​កាលពី​កន្លងទៅ ​ខេត្ត​ដែល​នៅ​សេស​សល់​បញ្ហា​បទល្មើសនេសាទ​ច្រើន​ជាង​គេ ​គឺខេត្ត​កំពង់​ធំ។​

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត បាន​សារទរ​ចំពោះ​ការ​ធ្វើ​ការ​វិសោធនកម្ម​នេះ ​ដោយ​ថា វិសោធនកម្មនេះ ​វា​បាន​​​កំណត់ទទួល​ស្គាល់​ការ​នេសាទ​ដោយ​ប្រើ​ ណ ឬរ៉ាវនេះ។

ទោះជាយ៉ាងណា លោក​បន្តព្រួយបារម្ភ ពីប្រសិទ្ធភាពនៃការអនុវត្ត​ច្បាប់​វិញ ជាងការធ្វើវិសោធកម្ម ព្រោះ​លោកថា បទ​ល្មើស​ ​ដែលបន្តកើត​មាន​រាល់ថ្ងៃ​នេះ ​បណ្តាល​មក​ពី​ភាព​ធូរ​រលុង​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ធ្វើ​ឲ្យអ្នក​ល្មើស​គឺ​នៅ​តែ​​ល្មើសដដែល​។

លោក​ថា៖ «បើ​និយាយ​ពីបណរ៉ាវ វា​មិន​មែន​ជា​ឧបករណ៍​ស្របច្បាប់​ទេ​វា​ជា​ឧបករណ៍​ខុស​ច្បាប់​ណា ប៉ុន្តែប្រសិន​ដាក់​កំណត់​វា​ថា បណរ៉ាវ កំណត់​ត្រឹម​១០០ម៉ែត្រ ឬ​២០០ម៉ែត្រ អា​ហ្នឹង​វា​ជា​ការ​ល្អ​មួយ​ដែរ​ព្រោះ​កន្លង​មក​យើង​ទប់ស្កាត់​ការ​ដាក់​បរ ណរ៉ាវ ​ហ្នឹង​អត់​បាន​ទេ មាន​គ្រប់​កន្លែង​វា​ដូច​ជា​ប្រពៃ​ណី របស់​អ្នក​ទន្លេសាប​ណា មាន​អ្នក​​តដាក់ទ្រង់​ទ្រាយ​តូច​ ក៏​ប៉ុន្តែ​ប្រសិន​ជាច្បាប់​កំណត់​ដាក់​២០០ម៉ែ​ត្រ​យើង​ដាក់​កំណត់​ឲ្យ​បាន​ទូ​ទៅ​កំរិត​ឲ្យ​បាននោះ វា​ល្អ​ជាង​អត់​មាន​ច្បាប់»។

របាយការណ៍​របស់​គណកម្មការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​៤ខែ​ ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦ មក​ដល់​ខែ​មេសាឆ្នាំ​២០១៧​នេះ គណកម្មការ​នេះ​បាន​បង្ក្រាប​បទ​ល្មើស​នេសាទសរុប​មាន​៧០៦​ករណី ដែល​ក្នុង​នោះមនុស្ស​ចំនួន​៣៦នាក់​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ