ក្រសួងសុខាភិបាលបញ្ជាក់ថាមិនដែលបានរារាំងសកម្មភាពលោក ​គួច ម៉េងលី ទេ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 10:20 AM | សុខភាព | 0 | 3304

ក្រសួងសុខាភិបាលច្រានចោលការចោទប្រកាន់ថា មានការដាក់សម្ពាធឬរារាំងលើសកម្មភាពនានាទាំងកិច្ចមុខជំនួញឯកជននិងការងារមនុស្សធម៌របស់ឧកញ៉ាម្នាក់ឈ្មោះ គួច ម៉េងលី ដែលធ្លាប់រិះគន់​គ្រូពេទ្យកាលពីឆ្នាំ២០១៦កន្លងទៅ។​

នៅក្នុងសេចក្តីបំភ្លឺ​របស់ក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ថា ក្រសួងមិនដែលបានទទួលកាស្នើសុំណាមួយពីលោក គួច ម៉េងលី ទាំងការងារជាមុខជំនួនផ្ទាល់ខ្លួននិងការងារមនុស្សធម៌នោះទេ។ ក្រសួងបញ្ជាក់ថា ការចុះផ្សាយថា មានការរារាំងសំណើលោក គួច ម៉េងលី នោះជាការចោទប្រកាន់មិនត្រឹមត្រូវ។​

ការចេញមុខបកស្រាយនេះ បន្ទាប់ពីសារព័ត៌មានVOAបានចុះផ្សាយកាលពីថ្ងៃទី១៧ខែមេសាដោយដាក់ចំណងជើង​ថា កិច្ចការ​របស់​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី​ រាំង​ស្ទះ​ ក្រោយ​ការ​រិះគន់​ប្រព័ន្ធ​សុខាភិបាល។​

នៅក្នុងអត្ថបទនោះបានសម្ភាសន៍លោក គួច ម៉េងលី និងដកស្រង់ខ្លឹមសារដែលវេជ្ជបណ្ឌិតមានងារជាឧកញ៉ារូបនេះ បង្ហោះលើហ្វេសប៊ុក ក្នុងន័យថា សំណើនានាដែលលោកស្នើទៅក្រសួងសុខាភិបាល និង ក្រសួងអប់រំដើម្បីសុំកិច្ចសហប្រតិបត្តិការ ក្នុងការបើកសាកលវិទ្យាល័យ និងធ្វើកិច្ចការងារសប្បុរសធម៌មួយចំនួន​ត្រូវបានបដិសេធ និងមានភាពយឺតយ៉ាវ។

បទសម្ភាសន៍នោះលោក គួច ម៉េងលី សង្ស័យថា ការមិនសហការឬ ការរារាំងពីក្រសួងនេះ អាចដោយសារកាលពីឆ្នាំមុន​លោក​បានរិះគន់ខ្លាំងៗចំពោះគ្រូពេទ្យនៅស្រុកខ្មែរ។​

កាលពីឆ្នាំ២០១៦ លោក គួច ម៉េងលី ធ្លាប់រិះគន់គ្រួពេទ្យនៅស្រុកខ្មែរថា៖ «វិស័យ​សុខាភិបាល​យើង​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់​១០ ​ខ្ញុំ​ឲ្យ​២ពិន្ទុ។ បើ​អ្នក​ក្រ​ទៅ​ពេទ្យ​ ខ្ញុំ​ហ៊ាន​ធានា​ គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​ គឺ​ថា​ក្នុង​សតវត្សរ៍​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លង​កាត់​ភាព​វេទនា​នេះ​បន្ដ​ទៀត​ឬ​យ៉ាង​ណា​? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ ​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required