មន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំថា ការបន្តឃុំខ្លួនពួកគេនឹងជំរុញឲ្យមានការផ្លាស់ប្តូរ

លោកស្រី មួរ សុខហួរ

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា សកម្មជនកំពុងជាប់ឃុំ មានជំនឿថា ការបន្តឃុំខ្លួនពួកគេ ដែ​​ល​​ថាជាអ្នកស្នេហាជាតិនោះ នឹងជំរុញឲ្យមានចរន្តផ្លាស់ប្តូរមេដឹកនាំជាវិជ្ជមាននៅថ្ងៃបោះឆ្នោត​ខាង​មុខ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលជួបសកម្មជនរបស់ខ្លួន នៅពន្ធនាគារព្រៃសនាព្រឹកថ្ងៃទី១៩​ខែ​មេ​សា​នេះ ​​អនុ​ប្រ​ធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ លើកឡើងថា សហការីទាំងនោះ នៅ​តែ​ក្លា​ហា​​ន​ និង​ថា ពួកគេបានផ្តាំផ្ញើកុំឲ្យគណបក្ស យកការបន្តឃុំខ្លួនពួកគេនេះ ធ្វើជាការភ័យខ្លាច ហើយដោះដូរជាថ្នូរ​ន​យោ​​​បា​​​​​យ​ណា​​មួយ ជា​មួ​យបក្សកាន់អំណាច ដែលនាំឲ្យពលរដ្ឋ​បាត់បង់ជំ​នឿ។

លោកស្រី មួរ សុខហួរ លើកឡើងទៀតថា សហការីទាំងនោះ នៅតែអះអាងថា ចំណាត់ការចាប់​ឃុំខ្លួ​នពួ​ក​​​គេ​នេះ ដោ​យសាតែពួកគេជាអ្នកស្នេហាជាតិ។ លោកស្រីថា អ្នកឃាប់ឃុំទាំងនោះគិតថា បញ្ហានេះ ព​ល​រដ្ឋភាគច្រើនបានដឹង និងថាពលរដ្ឋ​នឹ​ងបោះឆ្នោតគាំទ្របក្សប្រឆាំង ឲ្យបានឈ្នះ​ការបោះ​ឆ្នោត​ខាង​មុខ។

លោកស្រីថា៖ «សម្តីរបស់អ្នកទោសមនសិកា អំបាញ់មិញ គាត់ថា គាត់មានសង្ឃឹម​ថា ប្រជាពល​រដ្ឋ​យើង រឹត​តែឈឺ​ចាប់ជំនួសគាត់ ហើយគាត់ជឿជាក់ថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន»។

បើតាមលោកស្រី មួរ សុខហួរ អ្នកទោសមនសិការទាំងនោះ ក៏អំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត ឲ្យ​បា​ន​គ្រប់ៗគ្នាផងដែរ ដោយថា យុត្តិធម៌របស់ពួកគេ និងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ដែលកំពុ​ង​ជា​ប់​ឃុំ​ ពឹងលើការផ្លាស់ប្តូរជាវិជ្ជាមាននេះ។

ទោះជាយ៉ាងណា លោកស្រី មួរ សុខ អះអាងថា គណបក្សសង្គ្រោះជាតិ នៅតែបន្តស្វែង​រក​ដំ​​ណោះ​ស្រា​យ​​​ន​យបាយ ជាមួយបក្សកាន់អំណាច តាមរយៈវប្បធម៌សន្ទនា ដើម្បីដោះស្រា​យប​ញ្ហា​ដែ​ល​​បាន​​កើត​ឡើ​ង​​​​​ក្នុ​​ងសង្គម និងបើកផ្លូវឲ្យដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស កំពុ​ង​ជាប់​ឃុំ​ផង​ដែរ។

កន្លងទៅ នៅពេលមេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាច វាយប្រហាគ្នាដោយពាក្យសម្តី គេសង្គេត​ឃើ​ញ សកម្មជនបក្សប្រឆាំង១៦រូប រួមទំាងតំណាងរាស្ត្រ លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវ​​​បា​​ន​​​​ចាប់ឃុំខ្លួន សកម្មជនដីធ្លីនៅតំបន់បង់កក់ អ្នកស្រីទេព វន្នី មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ច​រិយា ក៏ត្រូវចាប់ឃុំខ្លួនផងដែរ។

យ៉ាងនេះក្តី កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហើបថា រដ្ឋា​​​ភិបា​ល​នឹងពិចារណាលើកលែងទោស មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប លោក នី ចរិយា រួមទាំងសកម្ម​ជនដីធ្លី​នៅ​តំ​បន់​បឹងកក់ អ្នកស្រី ទេព វន្នី នៅពេល​សំណុំ​រឿងទាំង​នោះ​ ផុត​ពីដៃ​តុ​លា​ការ។

ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ករណីលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ដែលសកម្មនឹងការរិះ​គន់ប​ញ្ហា​​​ព្រំដែន លោកថា នឹងមិនពិចារណាស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសនោះទេ។

គិតត្រឹមថ្ងៃទី១៩ខែមេសានេះ អ្នកជាប់ឃុំដែលសង្គមស៊ីវិលចាត់ទុកថា ជាអ្នកទោសមនសិកានោះ ពួកគេខ្លះ ជាប់​ពន្ធនាគារជិតមួយឆ្នាំ និងខ្លះទៀតលើសពីនេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា បក្សកាន់អំណាច អាចនឹង​បន្ត​ធ្លាក់​ចុះ​ប្រជាប្រិយភាព បើការបន្តឃុំខ្លួននោះ មានរយៈយូររហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដោយថា​ប​ញ្ហា​​​នេះ អាចមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាល​គោរ​ពសិ​ទ្ធិ​ម​នុ​ស្ស និង​ទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ។

ប៉ុន្តែ​លោក ឯម សុវណ្ណារ៉ា វិភាគថា បើគិតត្រឹមការបោះឆ្នោតឃុំសង្កាត់នេះ លោកថា បក្ស​កាន់អំណាច អា​ច​​​យកប្រៀបលើបក្សប្រឆាំង ដោយថា យន្តការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លិ និងស​កម្ម​​ជន​បក្សប្រឆាំងនេះ អាចទប់ស្កាត់កម្មភា​ព ជម្រុញព​លរ​ដ្ឋ​​​​ឲ្យ​យ​ល់​​​ដឹង​​ពី​ប្រ​ជាធិបតេយ្យ តាមរ​យៈរឹត​បណ្តឹង​សេរីភាពបញ្ចេញមតិ។

លោកថា៖ «ការដោះលែងសកម្មជនទាំងនេះ កម្មជននេះបានដើរតួនាទី​ច្រើនក្នុងការជំ​រុញឲ្យពលរដ្ឋ​ហ្នឹងមាន​សកម្មភាពសកម្មនៅក្នុងសង្គមប្រជាធិបតេយ្យ។ អញ្ចឹងទេវាស្របទៅនឹងគោលនយោបាយ របស់​គ​​ណបក្ស​ប្រឆាំង។ អញ្ចឹងបើឆ្នាំក្រោយ គណបក្សប្រឆាំងមា​នយន្តការល្អជា​ង។ ប៉ុន្តែកា​របោះ​ឆ្នោ​តរ​យៈពេ​ល​ខ្លី​នេះ​ គណបក្សកាន់អំណាចគេមានប្រៀបជាង»។

យ៉ាងណាក៏ដោយ លោកស្រី មួរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួន រួចហើឆ្ពោះ​ទៅកា​ន់ការឈ្នះឆ្នោតនៅពេលខាងមុខ តាមយុទ្ធសាស្ត្រ មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ