ពលរដ្ឋរងគ្រោះបញ្ហាដីធ្លីចំនួន៧គ្រួសារ នៅតំបន់បឹងកក់ អះអាងថា ក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ បានច្រានចោលការស្នើសុំរបស់ពួកគេ ដែលទាមទារឲ្យស្ថាប័នមួយនេះ ជួយដោះស្រាយបញ្ហាដីធ្លីនៅសេសសល់ ដោយក្រសួងថា ករណីនេះ សាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ។
ពលរដ្ឋម្នាក់អ្នកស្រី ហុង សុខខេង ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងដែនដីថា ពួកគាត់មកដាក់នៅក្រសួងដែនដីនេះដោយសារ តែសាលារាជធានីភ្នំពេញមិនព្រមដោះស្រាយឲ្យពួកគាត់ ប៉ុន្តែពេលមកដល់ បែរជាក្រសួងដេញពួកគាត់ឲ្យទៅសាលារាជធានីភ្នំពេញ ដោយមិនទទួលយកញត្តិពួកគាត់ឡើយ។ អ្នកស្រី សម្ដែងការខកចិត្តដែលក្រសួងមិនទទួលយកញ្ញត្តិរបស់ពួកគាត់ ខណៈដែលស្ថាប័ននេះ ជាអ្នកដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋ។
អ្នកស្រីថា «បើសិនដីធ្លីគាត់មិនដោះស្រាយឲ្យសួរថាតើលទ្ធបោះឆ្នោតគឺមិនមានយុត្តិធម៌សួរថាប្រជាពលរដ្ឋណានឹងសប្បាយចិត្តបោះឆ្នោតឲ្យគាត់ទាំងគេទាំងខ្ញុំ។ ចឹងបានន័យថាគាត់គួរណាស់តែគាត់មានឆន្ទៈដោះស្រាយបម្រើប្រជាពលរដ្ឋឲ្យចប់ ដើម្បីយកការបោះឆ្នោតឲ្យជឿនលឿនទៅមុខគាត់បម្រើរាស្ត្រ។ ចឹងគាត់បង្កើតគណៈកម្មការមួយក៏ដើម្បីដោះស្រាយឲ្យរាស្ត្រដែរ បើគាត់បង្កើតគណៈកម្មការដើម្បីភូតរាស្ត្រញត្តិយកមកដាក់ហើយមិនទទួលយកញត្តិរាស្ត្រទៀត ។ចឹងខ្ញុំសំណូមពរឲ្យនាយករដ្ឋមន្ត្រីគាត់ប្រកាសដាក់ទូរទស្សន៍វិញ »។
ពលរដ្ឋម្នាក់ទៀត លោក ដួង ឈើត មានប្រសាសន៍ថា ជិត៧ឆ្នាំមកនេះ ពួកគាត់បានដើរដាក់ញត្តិនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីដែលសល់នេះ ប៉ុន្តែគ្មានស្ថាប័នណាចេញមុខដោះស្រាយឡើយ។
លោកថា៖ «វាអយុត្តិធម៌ពេកសទៅជាខ្មៅ ដូច្នេះយើងឈឺចាប់អត់ទទួលយកបានអត់គេនិយាយបែបហ្នឹងហើយគេដាក់ឱសានវាទបង្ខំ បំភិតបំភ័យយើងឲ្យទទួលយក។ តើយើងគួរទទួលយកអត់គិតទៅអ្នកខ្លះអត់បាន១០ភាគរយផង បើខាងជ្រោយចង្វាបង្ខំឲ្យគេយក ១០ភាគរយតែគេមិនយក ចំណែកខាងខ្ញុំសូម្បីតែ១០ ភាគរយអត់បានទៀតតើយុត្តិធម៌នៅកន្លែងណា តម្លាភាពនៅកន្លែងណា ភូមិចាស់ដីគោករស់នៅតាំងពីបុរាណមកម្លេះ ភូមិនេះឈ្មោះនឹងឈ្មោះភូមិតាម៉ៅភូមិ១ លោក ហុក ហូលីម បែបជាថាមានអនុក្រឹត្យដាក់ភូមិខ្ញុំជាផ្ទៃបឹងខ្ញុំឆ្ងល់ថាថ្នាក់ក្រោមកុហកថ្នាក់លើឬថ្នាក់លើគំរាមថ្នាក់ឲ្យក្រោមឲ្យធ្វើរបៀបហ្នឹង ស្រុកខ្មែរយើងបើមានរឿងចឹងរហូតងាប់អស់ហើយអត់រស់ទេ»។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងដែនដីបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីបានហៅអ្នករងគ្រោះទាំង ៧គ្រួសារមកចចារ ដើម្បីដោះស្រាយបញ្ចប់រឿងនេះ ប៉ុន្តែដោយសារតែពលរដ្ឋទាំងនោះទាមទារលើសអ្វី ដែលសាលារាជធានីបានកំណត់។
លោកថា៖ «យើងបានចរចារច្រើនលើកច្រើនសារ ហើយមានកំណត់ហេតុមានឯកសារក្នុងការជួបទំនាកទំនងដោះស្រាយជាមួយគ្នាហ្នឹង រហូតគាត់បានជួបជាមួយឯកឧត្ដមអភិបាលផ្ទាល់ ប៉ុន្មានដងទៀតដើម្បីឲ្យមានភាពកក់ក្ដៅ ថាអ្វីដែលជាដំណោះស្រាយគោលនយោបាយយើងផ្ដល់ជូននេះគឺផ្ដល់ជូនថ្នាក់ដឹកនាំ។ ក៏ប៉ុន្តែគាត់នៅទាមទារនៅអ្វីគាត់យល់ឃើញថាគាត់ធ្លាប់កាន់កាប់កន្លងមក ហើយគាត់នឹកឃើញថាខ្ញុំយកប៉ុន្មានភាគរយៗ ខ្លួនគាត់ចឹងហើយដោយនេះមិនអាច ឬក៏មានលទ្ធភាពជូនឲ្យគាត់បានទេ»។
ទាក់ទងនឹងរឿងនេះ នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ សម្ដែងការសោកស្ដាយដែលក្រសួងបដិសេធមិនទទួលយកញត្តិប្រជាពលរដ្ឋ ដោយថា ក្រសួងគួរតែទទួលយកញត្តិនោះហើយជំរុញទៅស្ថាប័នពាក់ព័ន្ធឲ្យពន្លឿការដោះស្រាយករណីនេះ។
លោកថា៖ «ក្រសួងបែបជាបដិសេធ មិនទទួលញត្តិ ហើយចេះតែឲ្យពួកគាត់ដើរយំស្រែក ពេញតែថ្នល់ដូចប្រលែងកូនឲ្យដើរយំពេញតែថ្នល់ចឹង។ តើឪពុកម្ដាយមានគិតថា យើងមានស្លៀកពាក់ខោវអាវទេ ឬ មួយយើងចង់ស្រាតបង្ហាញគេខ្មាស់ទៅសាធារណជនឲ្យទៅពិពភលោក កូនខ្លួនឯង នៅតែដើរស្រេកស្រាក់តាមផ្លូវ។ ដូច្នេះ ខ្ញុំគិតថាជាកាតព្វកិច្ចរបស់ក្រសួង របស់គណៈកម្មការដោះស្រាយវិវាទដីធ្លី លោកគួរតែទទួលយក ទោះបីរឿងនឹងលោកប្រគល់ទៅក្រុង យ៉ាងម៉េច ឬ ក៏ឲ្យឆាប់ត្រូវរ៉ូវគ្នាទៅ វាជារឿងមួយដែលល្អប្រសើរក្នុងនាមជាអ្នកបម្រើរាស្ត្រ»។
ក្រោយពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មិនទទួលញត្តិនោះ ពួកគេបាននាំទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃបន្តទៀត ដើម្បីឲ្យក្រសួងមួយនេះជួយជំរុញទៅស្ថាប័នដែលពន្លឿដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ។
ក្រុមពលរដ្ឋ អះអាងថា ជំនួបចចារជាមួយសាលារាជធានីភ្នំពេញកន្លងមក សាលារាជធានីភ្នំពេញផ្ដល់ដីឲ្យពួកគាត់តែ១០ភាគរយនោះទេ ខណៈដែលពួកគាត់ទាមទារ៥៣ភាគរយ តាមទំហំដីជាក់ស្ដែងដែលគាត់មាន ករណីនេះសាលារាជធានី បានទាត់ចោលសំណើរពួកគេហើយដាក់ឱសានាវាទ ដើម្បីឲ្យទទួលយកសំណងនោះដោយគិតត្រឹមពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧ ហើយបើមិនទទួលយកទេចាត់ទុកជាអសាបង់៕