កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានធនាគារពិភពលោកឲ្យដឹងថា បានថយចុះបន្តិចមកនៅត្រឹម ៦,៩ភាគរយក្នុងឆ្នាំ២០១៦ បើធៀបទៅឆ្នាំ២០១៥ គឺ៧,០ភាគរយ។
ការព្យាករណ៍នេះមានការខុសគ្នាបន្តិចជាមួយនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី(ADB)ដែលធ្វើឡើងមុនការព្យាករណ៍របស់ធនាគារពិភពលោក។
ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ថេរនៅក្នុងឆ្នាំ ២០១៦ ដែលមានកំណើន ៧ភាគរយដូចឆ្នាំ ២០១៥ ហើយថានៅឆ្នាំ២០១៧ គឺ កើនដល់៧.១ភាគរយ។
ចំណែកធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាត្រូវប៉ាន់ប្រមាណថានឹងនៅតែមានភាពរឹងមាំ គឺ៦,៩ភាគរយម្រាប់ឆ្នាំ២០១៧ និង២០១៨ ដោយសារតែមានការចំណាយសាធារណៈខ្ពស់ និងការពង្រីកវិស័យកសិកម្ម និងទេសចរណ៍ដែលអាចជំនួសការធ្លាក់ចុះវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់។
លោកបណ្ឌិត ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា បានយល់ស្របនឹងការព្យាករណ៍របស់ធនាគារពិភពលោក ដោយថាធនាគារនេះធ្វើការព្យាករណ៍ដែលមានក្រុមជំនាញការឯករាជ្យ។
ក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលចេញផ្សាយដោយធនាគារពិភពលោក កាលពីថ្ងៃទី១៣ មេសា ២០១៧ ឲ្យដឹងថា ការនាំចេញផ្នែកសម្លៀកបំពាក់របស់កម្ពុជាបានថយចុះ ដោយសារតែភាពប្រកួតប្រជែងនៅក្រៅប្រទេសរបស់កម្ពុជាកំពុងជួបបញ្ហាប្រឈមដែលបណ្តាលមកពីប្រទេសដទៃនៅក្នុងតំបន់ផ្តល់ប្រាក់ឈ្នួលទាប។ចំណែកកំណើនអ្នកទេសចរណ៍ ក៏ទាបជាងមុនបន្តិច គឺ៥ភាគរយក្នុងឆ្នាំ២០១៦ ដោយសារតែការពង្រីកតំបន់ទាក់ទាញសម្រាប់អ្នកទេសចរណ៍ក្រៅពីតំបន់អង្គរ នៅមានកម្រិតនៅឡើយ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍនៃក្រុមហ៊ុន EMC លោក ង៉ែត ជូ មានប្រសាសន៍ថា ការដែលសេដ្ឋកិច្ចកម្ពុជានៅថេរសម្រាប់ឆ្នាំ២០១៧និងឆ្នាំ២០១៨ លោកវិភាគថា មកពីក្រុមអ្នករកស៊ីមួយចំនួន មានការបារម្ភពីស្ថានភាពនយោបាយ ខណៈឆ្នាំទាំង២នេះគឺជាពេលបោះឆ្នោត។
ប៉ុន្តែលោកបណ្ឌិត ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា យល់ថា សម្រាប់អ្នករកស៊ីធំៗ
ពួកគេបានដឹងច្បាស់ពីស្ថានភាពនយោបាយនៅកម្ពុជាថាមិនប្រែប្រួលធំដុំទេ ពោលមានតែអ្នករកស៊ីខ្នាតតូច និងមធ្យមទេ ដែលបារម្ភខ្លាំងពីបញ្ហានយោបាយក្រោយពេលបោះឆ្នោត។
សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានអ្នកជំនាញវាយតម្លៃថា រក្សាបានកំណើនថេរនិងល្អប្រសើរបើធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ប៉ុន្តែអ្នកវិភាគ និយាយថា កំណើនសេដ្ឋកិច្ចកម្ពុជាបានផលតែទៅលើអ្នកមានជីវភាពមធ្យមនិងអ្នកជំនួញធំៗ ខណៈអ្នកក្រមិនទទួលបានផលពីកំណើនសេដ្ឋកិច្ចនេះទេ។
លោកបណ្ឌិត ចាន់ សុផល មានប្រសាសន៍ថាការវាយតម្លៃពីកំណើនសេដ្ឋកិច្ចគឺវាយតម្លៃជារួមដែលពិបាកប្រៀបធៀបនឹងការពិតជាក់ស្តែង។ លោកថា «បើយើងពិនិត្យឲ្យដល់ទៅគឺមិនខុសទេគ្រួសារខ្លះអាចថាក្រជាងមុនក៏មានដោយសារបញ្ហាណាមួយ ហើយមានអ្នកដែលធូរធាជាងឆ្នាំមុនៗ។ ក្នុងពិនិត្យមើលកំណើនសេដ្ឋកិច្ចគេមើលសរុបទូទាំងប្រទេស។ អ្នកខ្លះថា កើនអី?ក្នុងភូមិខ្ញុំអត់កើនផង។ ហ្នឹងក៏ត្រូវដែរ។ ភូមិខ្លះអត់កើន ភូមិខ្លះអាចថយទៅវិញក៏មានដែរ បើសិនជួបគ្រោះរាំងស្ងួត»។
ទោះជាយ៉ាងណា របាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងទៀតថា ដោយសារតែលក្ខខណ្ឌអាកាសធាតុអំណោយផលល្អប្រសើរជាងមុន ផលិតផលកសិកម្មមានការកើនឡើងក្នុងឆ្នាំ២០១៧ ខណៈវិស័យសំណង់នៅតែមានភាពរស់រវើក ។
ប៉ុន្តែ តាមគម្រោងថវិកាជាតិប្រចាំឆ្នាំរបស់រដ្ឋាភិបាលបង្ហាញថា កញ្ចប់ថវិកាសម្រាប់វិស័យកសិកម្មមានចំនួនតិចជាងវិស័យផ្សេងៗទៀត។
លោក ង៉ែត ជូ លើកឡើងថា រដ្ឋាភិបាលគួរតែបង្កើនចំនួនមន្រ្តីជំនាញកសិកម្មចុះទៅដល់មូលដ្ឋានជួយបណ្តុះបណ្តាលកសិករដោយផ្ទាល់ទើបអាចបង្កើនផលិតផលកសិកម្ម។មួយវិញទៀតលោកថា ពេលដែលមានកំណើនផលិតផលកសិកម្មហើយ រដ្ឋាភិបាលក៏ត្រូវរកទីផ្សារឲ្យកសិករខ្មែរ ជាជាងបណ្តោយឲ្យផលិតផលកសិកម្មពីប្រទេសជិតខាងវាយលុកទៅលើទីផ្សារកម្ពុជា ហើយធ្វើឲ្យកសិករខ្មែរអស់ទឹកចិត្តក្នុងផលិត។
លោក ង៉ែត ជូ កត់សំគាល់ថា ការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅក្រៅប្រទេសជាបញ្ហាមួយដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចមិនត្រូវបានបែងចែកឲ្យមានសមធម៌ជាមួយពលរដ្ឋដែលនៅបន្តធ្វើការងារកសិកម្ម។
ចំណែកលោកបណ្ឌិត ចាន់ សុផល មានប្រសាសន៍បន្ថែមថា ការកើនឡើងវិស័យកសិកម្មនិងសំណង់គឺបានផលទៅលើពលរដ្ឋ។ លោកថា «វិស័យកសិកម្មប្រសើឡើងមានន័យថាលផិតផលកសិកម្មកើនឡើង។ ការវាស់កំណើនគេមិនវាស់ទៅលើតម្លៃទេ គេវាស់ទៅផលិតផលជាក់ស្តែងគេយកថ្លៃថេរ។ កាលណាផលិតកម្មកើនឡើងវាក៏អាចជួយដល់ប្រជាពលរដ្ឋដែរប៉ុន្តែបើសិនជាថ្លៃធ្លាក់ដូចជាដំឡូងចឹងវាមិនបានជួយអីច្រើនទេ»។
កំណើនសេដ្ឋកិច្ចកម្ពុជា បានមកដោយសារ វិស័យឧស្សាហកម្មកាត់ដេរ សំណង់ សេវាកម្ម និងកសិកម្ម ដែលក្នុងចំណោមនេះ វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង គឺជាវិស័យចម្បង ដែលជួយឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់។
រីឯ វិស័យសេវាកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,៨ភាគរយ ហើយកសិកម្មវិញ នឹងកើនឡើង១,៦ភាគរយ ប្រសិនបើអាកាសធាតុអាចមានលក្ខណអំណោយផល ចំណែកឯ វិស័យសំណង់វិញ ត្រូវបានគេព្យាករណ៍ថា នឹងមានការថយចុះវិញ បើធៀបនឹងកំណើនខ្ពស់ខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំប្រទេសកម្ពុជា បានឲ្យយោបល់ថា កម្ពុជាចាំបាច់ត្រូវបន្តពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកឱកាសការងារបន្ថែមទៀត តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ ដើម្បីរក្សានិរន្តភាពនៃកំណើនសេដ្ឋកិច្ចនេះ។
បើតាម ធនាគារពិភពលោក ប្រទេសកម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ ជាប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងបំផុតនៅលើពិភពលោក។
លោកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ថា «វាគួរឲ្យសាទរដែលឃើញថា កំណែនសេដ្ឋកិច្ចកម្ពុជានៅតែបន្តរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ជាបន្ត វាពិតជាសំខាន់ណាស់ក្នុងការជំរុញការវិនិយោគលើផលិតភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងគាំទ្រដល់ប្រជាជនក្រីក្រ ហើយធ្វើយ៉ាងណា ផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខបានដល់ប្រជាជនកម្ពុជាទាំងមូល»៕