ចិនប្រាប់​កម្ពុជាឲ្យ​ចាត់វិធានការជនជាតិខ្លួនប្រព្រឹត​ខុស​ច្បាប់​កម្ពុជា

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលចិន បានប្រកាសបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់លើក្រុមអ្នកវិនិយោគ និងជនជាតិចិន ដែលបានប្រព្រឹត្តខុសច្បាប់ និងទំនៀមទម្លាប់ខ្មែរ​នៅលើទឹកដីកម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោក លាង ជីងរ៉ុង អំឡុង​ជំនួប​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក នេត សារឿន នៅ​ថ្ងៃ​នេះ។

ប៉ុន្ដែ បើតាមគេហ​ទំព័រ​នគរបាលជាតិដដែល ក្នុងជំនួបនោះ លោក លាង ជីងរ៉ុង ក៏បានស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយបង្កើនកិច្ចការពារសុវត្ថិភាព​ និងសន្ដិសុខដល់ក្រុមអ្នកវិនិយោគ និងជនជាតិខ្លួន ដែលកំពុងរស់នៅកម្ពុជាផងដែរ ដោយលោករំឭកថា កំណើនជនជាតិចិន ក៏ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ភ្ញៀវ​ទេសចរ​ដល់​ទៅ​ជាង ១​លាន ២​សែន​នាក់ បាន​ចូល​មក​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​ឈាន​មុខ​គេ​នៅ​លើ​កំពូល​តារាង​នៃ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៥​លាន ៦​សែន​នាក់ ដែល​​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

ទោះជាយ៉ាងណា ជន​ជាតិ​ចិន​ដល់​ទៅ ៤០៧​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នេះ ជុំ​វិញ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ដើម្បី​ឆបោក និង​ចាប់​ជំរិត​ជន​ជាតិ​ចិន​នៅ​ឯ​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ