អតីតប្រធានមន្ទីរសន្តិសុខស-២១នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (រូបថតពីសាលាក្តីខ្មែរ​ក្រហម)

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនឹងចូលផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០២នៅសប្តាហ៍ក្រោយ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃពុធ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាកាលបរិច្ឆេទស្តាប់ការផ្តល់សក្ខីកម្មរបស់កាំង ហ្កេកអ៊ាវ គឺចាប់ពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦តទៅ។ សេចក្តីប្រកាសបន្ថែមថាឌុចត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

សេចក្តីប្រកាសបញ្ជាក់ថា៖ “នេះគឺជាលើកទី២ ហើយដែលកាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែ មីនា និង ខែមេសា ឆ្នាំ ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខអ.វ.ត.ក”

គួរបញ្ជាក់ថាកាលពីថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់ឌូចសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្តន្ទាទោសគាត់ដោយដាក់ពន្ធនាគារអស់មួយជីវិត។

បើតាមសាលាក្តីខ្មែរក្រហម ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង០០២/០២ នៅខែតុលា ឆ្នាំ ២០១៤មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន ៨៤រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៩រូបនិងអ្នកជំនាញចំនួន៣រូបសម្រាប់សវនាការចំនួន១៨៥ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់(ប្រធានបទទីប្រាំ)នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។

សាលាក្តីខ្មែរក្រហមបញ្ជាក់ថា៖ “បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាមហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជានិង ខៀវ សំផន។  អង្គជំនុំជម្រះរំពឹងថាសវនាការពិភាក្សាដេញដោលលើភស្តុតាងនឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាសនៅក្នុងឆ្នាំ២០១៧”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ