ក្រសួងមហាផ្ទៃបញ្ជាឲ្យមន្រ្តីរាជធានី-ខេត្ត ពង្រឹងការទប់ស្កាត់យុទ្ធនាការអាវខ្មៅ

ក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធររាជធានីខេត្តពង្រឹងវិធានការគ្រប់គ្រងនិងទប់ស្កាត់យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនេះអាចបង្កឲ្យមានភាពវឹកវរដល់សង្គម។

កាលពីម្សិលមិញមន្រ្តីសង្គមស៊ីវិលមួយចំនួនក្នុងខេត្តព្រះវិហាររួមមានមន្រ្តីអង្គការពន្លកខ្មែរនិងមន្រ្តីសមាគមអាដហុកប្រចាំខេត្តនេះនិងមន្រ្តីអង្គការមួយចំនួនទៀត ត្រូវបានអាជ្ញាធរខេត្តកោះហៅទៅព្រមានចាត់វិធានការផ្លូវច្បាប់ បើសិនជានៅតែបន្តយុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទាឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌីថាយុទ្ធនាការអាវខ្មៅនេះជាសកម្មភាពមួយដែលមានបំណងមិនល្អអាចរាលដាលពីមួយទៅមួយ តែលោកមិនបានលើកឡើងច្បាស់ពីបំណងមិនល្អក្នុងការទាមទារទម្លាក់រដ្ឋាភិបាលឬយ៉ាងណានោះទេ។ លោកបន្ថែមថាដើម្បីទប់ស្កាត់សកម្មភាពដែលអាចបង្កឲ្យមានភាពអនាធិបតេយ្យក្រសួងបានបញ្ជាឲ្យអាជ្ញាធរខេត្ត-ក្រុងចាត់វិធានទប់ស្កាត់ តែលោកថាមិនមានការត្រៀមកំលាំងបង្រ្កាបនោះទេ។

លោកបន្ថែមថា៖ “នេះជាយុទ្ធនាការមួយដែលគេមានបំណងមិនល្អ បើថាបដិវត្ត ពូមិនប្រើពាក្យហ្នឹងទេ មានបំណងឃើញទេ។ ដូច្នេះវារាលដាលពីមួយទៅមួយ ហើយបើយើងមិនអប់រំគាត់ឲ្យយល់ច្បាស់ថាអាហ្នឹងវាមិនមែនជាវិធានការឲ្យមានការទាមទាឲ្យមានការដោះលែងទេ។ វាប្រាកដជាធ្លាក់ចូលទៅនឹងអ្វីដែលគេចង់បានប៉ងប្រាថ្នាហ្នឹងហើយ អញ្ចឹងយើងគ្រាន់តែពន្យល់គាត់ទេ។ ដូច្នេះក្រសួងបានណែនាំទៅគ្រប់ខេត្តក្រុងហើយដើម្បីឲ្យធ្វើការតាមដាននិងសង្កេតរាល់សកម្មភាពទាំងឡាយណាអាចមានបញ្ហានេះកើតឡើង”។

កន្លងមកមន្រ្តីរដ្ឋាភិបាលបានហៅយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅថាជា បដិវត្តន៍ពណ៌ ដែលធ្វើឲ្យមានភាពចលាចលនៅក្នុងសង្គម។ លោក ខៀវ សុភ័គ លើកឡើងថាក្នុងការឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិលនិងសកម្មជនដីធ្លីកន្លងមក ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេហួសដែនកំណត់នៃច្បាប់។

ប្រធានកម្មវិធីផ្នែកតស៊ូមតិនិងដីធ្លីនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ្ឌ ដែលមន្រ្តីនៃអង្គការរបស់លោកត្រូវបានអាជ្ញាធរហៅទៅព្រមាននោះ លោកមានប្រសាសន៍ថាការហាមឃាត់យុទ្ធនាការអាវខ្មៅគឺជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថាយុទ្ធនាការនោះគ្រាន់តែជាបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់តុលាការលើមន្រ្តីសិទ្ទិមនុស្សនិងមន្ត្រី គ.ជ.ប គឺមិនមែនជាចលនាធ្វើឲ្យប៉ះពាល់សង្គមនោះទេ ឬខុសច្បាប់នោះទេ។

លោកបន្ថែមថា៖ “អាជ្ញាធរឬរដ្ឋាភិបាលលោកមានចំណាត់ការសម្រាប់តែអ្នកពាក់អាវខ្មៅមិនបានធ្វើអ្វីប៉ះពាល់សោះ វាជារឿងការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំងក្លាបំផុតហើយ។ ប្រទេសកម្ពុជាយើងនេះគឺជាប្រទេសដែលមានហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីស ដល់ពេលយើងមកអនុវត្តផ្ទុយស្រលះ ហាក់ដូចជាប្រទេសកុម្មុយនីសផ្ដាច់ការបែបហ្នឹង គឺវាកាន់តែធ្វើឲ្យការអនុវត្តបែបប្រជាធិបតេយ្យឬការអនុវត្តសិទ្ធិសេរីភាពហ្នឹងកាន់តែថយក្រោយៗទៅមែនទែន ហើយកាន់តែខ្មៅងងឹតមែនទែនហើយ”។

លោកបន្ថែមថាបើទោះបីជាមានការគំរាមកំហែងបែបនេះក៏ដោយក៏អង្គការសង្គមស៊ីវិលនៅតែបន្តយុទ្ធនាការនោះដដែល។

គួរបញ្ជាក់ថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី៩ ខែឧសភា មក ដើម្បីទាមទាឲ្យតុលាការទម្លាក់បទចោទលើមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា។ ប៉ុន្តែក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅក្នុងទីក្រុងភ្នំពេញកន្លងមកក៏មានការឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិលនិងសកម្មជនដីធ្លីចំនួន១៣នាក់យកទៅព្រមានហើយដោះលែងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ