សកម្មជនបក្សប្រឆាំងពីររូបត្រូវបានឃាត់រយៈពេលខ្លី ខណៈប្រមូលស្នាមមេដៃទាមទារដោះលែងអ្នកជាប់ឃុំ

មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពង់ធំឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។

សកម្មជនទាំងនោះមានឈ្មោះ លាញ់ លៀង និងឈ្មោះ ប៉ុន សុវណ្ណារ៉ា ពួកគេរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ។

ជំទប់ទី១នៃឃុំសាលាវិស័យ លោក ស៊ីម បឿន ប្រាប់វីអូឌីថានៅម៉ោង១០ ថ្ងៃទី១៩ ខែឧសភា នេះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនសកម្មជនបក្សប្រឆាំងពីររូបសួរនាំរឿងប្រមូលស្នាមមេដៃដាក់ថ្វាយព្រះមហាក្សត្រព្រះនរោត្ដម សហមុនី ទាមទារដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងមន្ដ្រីសិទ្ធិមនុស្ស ព្រមទាំងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ធ្វើទុក្ខបុកម្និញលើគណបក្សនេះផងដែរ។ ជំទប់ទីមួយរូបនោះចាត់ទុកការឃាត់ខ្លួនសកម្មជនរបស់ខ្លួនរយៈពេលប្រហែលមួយម៉ោងនេះថាជាការគំរាមកំហែងនិងមិនចង់ឲ្យពលរដ្ឋគាំទ្របក្សប្រឆាំង។លោកបន្ដថា៖ ឃាត់ម៉ោង១០មកដល់ម៉ោង១១ ប្រហែលមួយម៉ោងខ្ញុំធ្វើអន្ដរាគមន៍ទៅខ្ញុំសួរថាហេតុអីឃាត់ខ្លួនសកម្មជនខ្ញុំគេឆ្លើយថាមិនមែនឃាត់ខ្លួនទេ ព្រោះខ្លាចប្រមួលកម្លាំងទៅធ្វើបាតុកម្មវឹកវរសង្គម។ និយាយក្នុងការយល់ឃើញរបស់ខ្ញុំគឺគេធ្វើដើម្បីបង្អាក់ដល់ការបោះឆ្នោតនៅពេលខាងមុខ”។

ករណីនេះនាយប៉ុស្ដិ៍រដ្ឋបាលឃុំសាលាវិស័យ លោក ហង្ស ឡែម មានប្រសាសន៍ថាលោកមិនបានឃាត់ខ្លួនពួកគេនោះទេដោយគ្រាន់តែហៅសួរនាំប៉ុណ្ណោះ ប៉ុន្ដែបានដោះលែងវិញហើយ។ លោកបន្ដថាការសាកសួរលើសកម្មជនបក្សប្រឆាំងពីររូបនោះដោយសមត្ថកិច្ចបារម្ភខ្លាចពួកគេប្រមូលកម្លាំងទៅធ្វើបាតុកម្ម។ លោកបន្ដថា៖ អត់មានអីខុសច្បាប់ទេ ប៉ុន្ដែយើងសួរនាំក្រែងគាត់នាំប្រជាជនផ្ដិតមេដៃធ្វើបាតុកម្មអីណា”។

កាលពីថ្ងៃទី២៨ខែមេសាកន្លងមកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថាការចាប់ខ្លួនអ្នកនយោបាយ សកម្មជន ការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ថាធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន ”សភាពកាន់តែធ្ងន់ធ្ងរ ទៅៗដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានា ដោយរដ្ឋម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។

បន្ថែមពីនេះទៀតគណបក្សសង្គ្រោះជាតិឲ្យដឹងថាខ្លួនក៏បានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ