សេដ្ឋកិច្ច​ហ្វីលីពីន​កើន​៦.៩​ភាគរយ លើស​ការ​រំពឹង​​ទុក

(រូបភាពពី AP)

សេដ្ឋកិច្ចហ្វីលីពីនមានកំណើន៦.៩ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះបើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថានេះគឺជាកំណើនខ្ពស់ជាងការព្យាករទុកនិងជាកំណើនខ្ពស់បំផុតប្រចាំត្រីមាសនៅក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ខណៈដែលរដ្ឋាភិបាលត្រៀមផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលថ្មីនាពេលខាងមុខនេះ។

រដ្ឋមន្ត្រីផែនការសេដ្ឋកិច្ច លោក Emmanuel Esguerra បាននិយាយថាដំណើរការសេដ្ឋកិច្ចដ៏ខ្លាំងក្លាបែបនេះ បង្ហាញថា សេដ្ឋកិច្ចកំពុងមានកំណើនដែលអាចសម្រេចទៅតាមគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំកម្រិត៦.៨ភាគរយទៅ៧.៨ភាគរយ។

ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Cesar Purisima បាននិយាយថារដ្ឋាភិបាលថ្មីនឹងទទួលបានកំណើនសេដ្ឋកិច្ចលូតលាស់លឿន ដោយសារតែកេរ្តិ៍ដំណែលរដ្ឋាភិបាលចាស់នៅក្នុងរយៈពេល៦ឆ្នាំមកនេះ។

សេដ្ឋកិច្ចហ្វីលីពីនមានកំណើនជាមធ្យម៦.២ភាគរយនៅក្នុងរយៈពេល៦ឆ្នាំមកនេះ។ ចំណែកកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ឆ្នាំ២០១៥មានកម្រិត៦.៥ភាគរយ។

ការរីកចម្រើនផ្នែកសេវាកម្ម ឧស្សាហកម្ម និងវិនិយោគបានជំរុញដល់កំណើនសេដ្ឋកិច្ចនៅត្រីមាសទី១នេះ  បើទោះបីជាវិស័យកសិកម្មនៅបន្តធ្លាក់ចុះក៏ដោយ។

សេដ្ឋកិច្ចហ្វីលីពីននៅត្រីមាសទី១នេះក៏មានកំណើនលើសពីបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗទាំង១១នៅតំបន់អាស៊ីផងដែរ ខណៈប្រទេសចិនទទួលបានកំណើន៦.៧ភាគរយ សេដ្ឋកិច្ចវៀតណាមមានកំណើនត្រឹម៥.៥ភាគរយ ហើយឥណ្ឌូណេស៊ីមានកំណើនត្រឹមតែ៤.៩ភាគរយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ