មេដឹកនាំ​ចិន​ថា​ មាន​ឆន្ទៈ​ស្ដារ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ឡើង​វិញ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 4:25 PM | អន្តរជាតិ | 0 | 1463

ប្រធានាធិបតី​ចិន បាន​ប្រាប់​ក្រុម​ប្រេសិត​ពិសេស​របស់​កូរ៉េ​ខាង​​ត្បូង​ថា លោក​មាន​ឆន្ទៈ​ស្ដារ​ទំនាក់​ទំនង​ជាមួយ​ក្រុង​សេអ៊ូល​ ឲ្យ​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ បន្ទាប់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជួប​ភាព​រកាំរកូស​ដោយសារ​តែ​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក​នៅ​លើ​ទឹក​កូរ៉េ​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ស៊ី បាន​ប្រាប់​លោក លី ហ៊ែចាន់ តំណាង​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈ​សំខាន់​ដែល​លោក មូន ចង់​ស្ដារ​ទំនាក់​ទំនង​ជាមួយ​ក្រុង​ប៉េកាំង​ឡើង​វិញ។

លោក ស៊ី បាន​ថ្លែង​នៅ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​វិមាន​ប្រជាជន​ក្នុង​ក្រុង​ប៉េកាំង​ថា ចិន​ក៏​មាន​ចំណាប់​ខ្លាំង​ផង​ដែរ​ទៅ​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី។

លោក​បន្ត​ថា លោក​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កូរ៉េ​ខាង​ត្បូង​ដើម្បី​រក្សា​លទ្ធផល​ឈ្នះៗ ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សមរម្យ និង​ការ​ស្ដារ​ទំនាក់​ទំនង​ចិន-កូរ៉េ​ខាង​ត្បូង​ ទៅ​រក​ភាព​ប្រក្រតី​វិញ។

ចិន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​ដោយសារ​តែ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង ដោយ​ចិន​លើក​ឡើង​ថា វា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន និង​មិន​បាន​ជួយ​កាត់​បន្ថយភាព​តាន​តឹង​ជាមួយ​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ៕

ចំណែ​ក​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​​វិញ​បាន​អះ​អាង​ថា ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​នេះ មាន​បំណង​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង ដែល​ក្រុម​អ្នក​ជំនាញ​ជឿ​ថា ក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី ៦ ដែល​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​អង្គការ​សហ​ប្រជាជាតិ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required