តំណាងសហគម​ន៍ចង់ឃើញមេឃុំចៅសង្កាត់ថ្មី គោរពសិទ្ធិមនុស្សនិងតម្លាភាពសង្គម

វេទិកាស្តីពីការប្តេជ្ញាចិត្ត របស់គណបក្សនយោបាយ ដើម្បីឆ្លើយតបនឹងបញ្ហាអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ក្នុ​ងរាជធានីភ្នំពេញ

តំណាងសហគមន៍ លើកយកបញ្ហាដីធ្លី ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ភា​​ពអយុត្តិ​ធម៌សង្គម និងបញ្ហា​មួយចំនួនទៀត ជំរុញឲ្យគណ​បក្សនយោ​បា​​យ ​ដែ​​​ល​បា​ន​ចូ​លរួម​ប្រ​កួ​ត​ប្រជែងកា​របោះឆ្នោត ដោះស្រា​យ​ ខណៈការបោះឆ្នោតឃុំ សង្កាត់ ខិតជិតមកដល់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា។ ចំណែកកា​រធ្វើយុ​ទ្ធនាកា​រ​រក​​សំ​​ឡេ​​ង​ឆ្នោត របស់គណបក្ស​នយបោយ នឹងចាប់ផ្តើមពីថ្ងៃសៅរ៍ទី២០ឧសភាស្អែកនេះទៅ។

ក្នុងវេទិកាស្តីពីការប្តេជ្ញាចិត្ត របស់គណបក្សនយោបាយ ដើម្បីឆ្លើយតបនឹងបញ្ហាអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ក្នុ​ងរាជធានីភ្នំពេញ នាថ្ងៃទី១៩ខែឧសភានេះ មានតំណាងគ​​​ណ​​​ប​ក្សចំនួន៨ចូលរួម ក្នុងចំណោ​មគ​ណ​ប​ក្ស​​​​​ទាំង១២ ដែលចុះឈ្មោះ​ប្រកួតប្រជែង​ការបោះ​ឆ្នោ​ត​។ ប៉ុន្តែ​គ​ណប​ក្ស​ប្រជាជនកម្ពុជា ដែលកំពុង​គ្រប់​គ្រ​​ង​អំណាច មិនបានចូលរួមក្នុងវេទិកានេះទេ។

ក្នុងវេទិការនោះ អ្នកស្រី សេក សាលី ដែលអះអាងថា តំណាង១៩៧សហគមន៍ មកពី២២រាជធានីខេត្ត ​បានលើ​កឡើងថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការបាញ់សម្លាប់​មនុស្សក្រៅ​ច្បា​ប់ អំពើចោរកម្ម ​អ​យុ​​​ត្តិធម៌សង្គ​ម ការគំរាមកំហែងសេរីភាពបញ្ចេញមតិ ការរំលោភសិទ្ធិមនុស្ស នៅ​តែជា​​ការព្រួយបារម្ភ។

ស្ត្រីរូបនោះ​ជំរុញឲ្យគណបក្សនយោបាយ ដែលបានចូលរួម ប្រកួតការបោះឆ្នោត ដណ្តើមអាសនៈឃុំ សង្កា​​ត់ ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាព ដោយថាដើម្បីផ្តល់ទំនុកចិត្តដល់ម្ចាស់ឆ្នោត។

អ្នកស្រីថា៖ «ជម្លោះដីធ្លីនៅតែបន្ត និងហាក់គ្មានដំណោះស្រាយ និងមិនយកចិត្តទុកដា​ក់ចំពោះ​បណ្តឹងរប់​ប្រជាពលរដ្ឋ ដែលអាចជាបញ្ហាពុករលួយ។ មានការរងចាំយូរ ចំពោះការបម្រើសេវាសាធារណ របស់ឃុំ​ ស​ង្កាត់ និងមិនអនុវត្តតាមច្បាប់ ឬមិនបានអនុវត្តឲ្យបានត្រឹមត្រូវ តាមតារាងតម្លៃសេវា។ ការផ្ត​ល់អត្តសញ្ញាណប័ណ្ណដល់ជនអន្តោប្រវេសន៍ នៅតែជាចម្ងល់ របស់មហាជនទូទៅ និងហា​ក់គ្មា​នត​ម្លាភាព។ ប្រជាពលរដ្ឋភាគច្រើនមិនបានដឹងពីថវិកា របស់ឃុំ សង្កាត់ ព័ត៌មានអំពីថវិកា ការចាយវាយ និងរបា​យកា​រណ៍​ថវិកា»។

តំណាងរាស្ត្រមកពីបក្សសង្គ្រោះជាតិ លោក ស៊ុន ឆៃ ដែលបានចូលរួមវេទិកានោះ លើកឡើងថា គ​ណ​ប​ក្សរបស់​លោ​ក មានគោ​លន​យោបា​យ៥ចំនុច ដែលលោកថា ជា​យន្តការពង្រឹង​អំណាចនៅ​ថ្នា​ក់ក្រោមជាតិ និ​ង​ព​ង្រឹងអំ​ណា​ចស​ហគមន៍ ធានាដល់សេរីភាពបញ្ចេញមតិ តាមគោ​លការណ៍​ប្រជាធិបតេយ្យ ។

លោកថា៖ «មេឃុំមិនត្រូវបម្រើបក្សទេ កាលណាចង់អភិវឌ្ឍចង់ធ្វើអ្វីនៅមូលដ្ឋាន ត្រូវតែស្តាប់ប្រជាពលរដ្ឋ ត្រូវតែជំរុញឲ្យពលរដ្ឋចូលរួមសម្រេច។ ព្រោះយើងដឹងហើយថា ការអភិវឌ្ឍសព្វថ្ងៃ អ្នកភ្នំពេញស្គា​ល់ច្បាស់​ជា​​ងគេ ឲ្យតែមានការអភិវឌ្ឍ គឺទឹកភ្នែកតែម្តង»។

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងដែរថា គោលនយោបាយរបស់គណបក្ស​លោ​ក​ ទប់ស្កា​ត់ការរំលោភបំពានដីធ្លី ធានាភាពស្មើគ្នាចំពោះមុខច្បាប់។

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា បើគណបក្សលោកឈ្នះ បានធ្វើជាមេឃុំ ឬចៅសង្កាត់ លោកថា គណបក្ស​នេះនឹ​ង​​ទប់​ស្កាត់មិនឲ្យមានការរំលោភដីធ្លី បក្ខពួកនិយម និងធានាយុត្តិធម៌សង្គម។

តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក បណ្ឌិត សាម អ៊ីន លើកឡើងថា បើគ​ណ​បក្សលោ​កឈ្នះ ​​​បានធ្វើជាមេឃុំ លោកថា នឹងជំរុញឲ្យមានភូមិ ឃុំ គំរូ តាមរយៈគោលនយោបាយ មេ​ឃុំល្អ គ្រូ​ប​ង្រៀ​នល្អ គ្រូពេទ្យល្អ និងនគរបាលល្អ ទប់ស្កាត់មិនឲ្យមា​នការរើសអើ​ង​និន្នា​ការន​យោ​បាយ និងធា​នា​ឲ្យ​មា​​ន​អភិបាលកិច្ចល្អ។

លោកថា៖ «ពេលដែលយើងឈានទៅដឹកនាំ ឃុំ សង្កាត់ ទៅដឹកនាំជាតិ ការធានាឲ្យមានយុត្តិធម៌សង្គម ជារឿងសំខាន់។ យើងមិនអាចទទួលយកបានទេ នៅពេលដែលបងប្អូន ប្រជាពលរដ្ឋរស់នៅលើដី៥ឆ្នាំ ឬ១០ឆ្នាំ ហើយត្រូវបានគេដេញចេញតែមួយពព្រិចភ្នែកជារឿងមួយដែលយើងទទួលយកមិនបានទេ»។

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក សយ ជីវ័ន្ន​ អះអាងថា បើគណបក្សលោ​កឈ្នះឆ្នោ​តបានធ្វើជាមេឃុំ ឬចៅសង្កាត់ លោកថា​គណបក្សនេះ​ ធានាដោះស្រាយរាល់បញ្ហាជូនពលរដ្ឋ ទាំងប​ញ្ហា​ផ្ទាល់ខ្លួន និងសេវាសាធារណៈ។

លោកថា៖ «គេងតែនៅផ្ទះទៅ ពួកខ្ញុំធ្វើឲ្យទាំងអស់បងប្អូនណាអត់ប្រពន្ធ  ​[មេឃុំ] រកប្រពន្ធ ឲ្យមេម៉ាយ​ណា អ​ត់ប្តីរកប្តីឲ្យ ហើយបើសិនជាបងប្អូនណា ដែលមានប្តីប្រពន្ធ ប្តីលួចមានស្រី មេឃុំគណ​បក្សខ្ញុំ​ជួ​យដោះស្រាយឲ្យហើយ រឿងប្តីលួចទៅមានស្រីច្រើនទៀត ពួកខ្ញុំជួយដោះស្រាយឲ្យ​បានទៀត ឥឡូ​វខ្ញុំច​ង់សួ​រ​ប​ងប្អូនថា គិតម៉េចដែរពេលដែលខ្ញុំនិយាយអញ្ចឹង»។

យ៉ាងនេះក្តី នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា NGOs Forum  លោក តឹក វណ្ណា​រ៉ា ដែលជាអង្គការមួយរៀបចំវេទិការនេះ បានលើកឡើងថា បញ្ហាដែលតំណាងសហគមន៍លើកឡើង និងការប្តេជ្ញាចិត្ត របស់តំណាងគណបក្សនយោបាយ ក្នុងវេទិការនេះ លោកថា ជា​ភស្តុ​តាងមួយ យកទៅ​ចងក្រ​ងជា​ឯកសារ សម្រាប់តាមដាននៅពេលដែលគណបក្សទាំងនោះជាប់ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ