អាមេរិកបន្តបញ្ជូនពលរដ្ឋខ្មែរ៧នាក់ទៀតមកស្រុកកំណើត

ពលរដ្ឋខ្មែរចំនួន៧នាក់ទៀត ត្រូវបានចាប់​បញ្ជូននិង​មកដល់​កម្ពុជា​ហើយ​នៅក្នុង​​សប្តាហ៍​នេះ បើទោះ​បី​ជា​រដ្ឋាភិបាល​​​​​កម្ពុជា​ជាញឹកញ៉ាប់ ​ស្នើ​អាមេរិកឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង ស្តីពីការ​ធ្វើមាតុភូមិនិវត្តន៍​អតីត​ទណ្ឌិតមកកម្ពុជា។

អ្នកនាំពាក្យស្ថានទូតអាមេរិកនៅកម្ពុជា លោក ជេ រ៉ាយម៉ាន់​ (Jay R. Raman) ឲ្យ VOD ដឹង​តាម​សារ​អេឡិចត្រូនិច​នៅថ្ងៃសុក្រទី១៩ខែឧសភាននេះថា ពលរដ្ឋកម្ពុជាចំនួន៧នាក់ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ត្រូវបាន​ធ្វើ​មាតុភូមិ​និវត្តន៍​និងបញ្ជូនមកកម្ពុជាវិញ​ ដោយ​ក្រសួងមហាផ្ទៃ​របស់​អាមេរិក​កាលពីថ្ងៃពុធទី១៧ខែឧសភានេះ។

ការបន្តចាប់បញ្ជូនពលរដ្ឋខ្មែរមកមាតុភូមិកំណើតនេះ ត្រូវបានធ្វើឡើងតែ២សប្តាហ៍ បន្ទាប់​ពីពលរដ្ឋ​ខ្មែរ​៨​នាក់ ត្រូវបានបញ្ជូនមកកម្ពុជាពីដើមខែឧសភានេះ។

វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅឡើយទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុន បានស្នើទៅ​ទៅសហរដ្ឋអាមេរិក​ធ្វើវិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​​​មួយ ពាក់ព័ន្ធនឹង​ការ​បញ្ឈប់​បញ្ជូនអ្នកទោស​ខ្មែរ​​​ត្រឡប់​​មកបាតុភូមិ​​កម្ពុជា​វិញ ដោយថា​ឲ្យស្របតាម​គោល​ការណ៍​មនុស្សធម៌និងសិទ្ធិមនុស្ស។

ទោះជាយ៉ាងណា មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកធ្លាប់ប្រាប់វីអូឌីថា សំណើររបស់រដ្ឋាភិបាលកម្ពុជា វាអាស្រ័យភាគីណាមួយជាអ្នកស្នើឡើង ដើម្បីបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីសម្រេចលើករណីនេះ។

ចំពោះ សង្គមស៊ីវិលយល់ថា ការស្នើសុំរបស់កម្ពុជា​ឲ្យអាមេរិក​បញ្ឈប់​បញ្ជូនអ្នកទោស​ខ្មែរ​​​ត្រឡប់​​មកបាតុភូមិ​​កម្ពុជា​វិញ ក្រោម​ហេតុ​ផល​មនុស្ស​ធម៌ និងសិទ្ធិមនុស្សជាការល្អ ប៉ុន្តែកម្ពុជា​គួរតែ​អនុវត្តគោល​ការប្រជាធិបតេយ្យឲ្យបានពេញលេញជាមុនសិន ខណៈម​ន្ត្រីសិទ្ធិមនុស្ស​មួយ​ចំនួន​កំពុងជាប់​ពន្ធនា​គារនៅឡើយ ដោយការឃុំខ្លួននេះ ត្រូវបានគេមើលឃើញថា ធ្វើឡើង​ក្រោម​សម្ពាធ​អ្នកនយោបាយ។

កាលពីឆ្នាំ២០០២ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះ​កិច្ចព្រម​ព្រៀងមួយ ដោយសម្រេចបញ្ជូន​និង​ទទួល​យក​ពល​​រដ្ឋខ្មែរពីសហរដ្ឋអាមេរិក ដោយ​កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹង​បញ្ជូន​ពល​រ​ដ្ឋ​ខ្មែរ​ណា ​​ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។

របាយការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧ អាមេរិកបានបញ្ជូនពលរដ្ឋខ្មែរ៥៥០នាក់ ត្រឡប់​​​​មកកម្ពុជាវិញ គឺចាប់តាំងពីភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀង​បញ្ជូន​និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ឆ្នាំ​២០០២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ