រដ្ឋាភិបាល​ជប៉ុន​ឯកភាព​លើ​ច្បាប់​អនុញ្ញាត​ឲ្យ​ព្រះចៅ​អធិរាជ​ដាក់​រាជ​សម្បត្តិ

រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​នេះ បាន​ឯកភាព​លើ​ច្បាប់​មួយ​ អនុញ្ញាត​ឲ្យ​ព្រះ​ចៅ​អធិរាជ​ អាគីហ៊ីតូ ចុះ​ចេញ​ពី​តំណែង ដែល​នេះ​គឺ​ជា​ការ​ដាក់​រាជ្យ​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល ២​សតវត្សរ៍​ចុង​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋ​មន្ត្រី លោក យូហ្ស៊ីហ៊ីដេ ស៊ូហ្កា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គណៈរដ្ឋ​មន្ត្រី​របស់​លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន ហ្ស៊ិនហ្ស៊ូ អាបេ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ​ហើយ។ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​​ពិភាក្សា និង​អនុម័ត។

លោក ស៊ូហ្កា បន្ថែម​ថា រដ្ឋាភិបាល​សង្ឃឹម​ថា​ ច្បាប់​នេះ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន។

ព័ត៌មាន​ស្ដី​ពី​បំណង​​ប្រាថ្នា​ដាក់​រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ព្រះ​ជន្ម ៨៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​ភ្ញាក់​ផ្អើល​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ព្រះ​អធិរាជ​ជប៉ុន​បាន​លើកឡើង​ពី​ព្រះ​ជន្ម និង​សុខភាព​ទន់​ខ្សោយ​របស់​ទ្រង់​ប្រាប់​ទៅ​មហាជន​ជា​សាធារណៈ ដែល​នាំ​ឲ្យ​ទ្រង់​មាន​បំណង​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​ឲ្យ​កូន​ប្រុស​ច្បង​របស់​ទ្រង់ គឺ​រាជ​ទាយាទ ណារូហ៊ីតូ។

ប៉ុន្តែ ច្បាប់​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ ពុំ​បាន​ចែង​អំពី​ការ​ដាក់​រាជ​សម្បត្តិ​នោះ​ឡើយ ជា​ហេតុ​តម្រូវ​ឲ្យ​អ្នក​នយោបាយ​ជប៉ុន​បង្កើត​ច្បាប់​ដើម្បី​ឲ្យ​ការ​រាជ​សម្បត្តិ​អាច​ដំណើរការ​ទៅ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ