មន្រ្តីក្រសួងអប់រំម្នាក់ត្រូវបានឡើងឋានៈ ក្រោយប្រព្រឹត្តរឿងអាស្រូវ

មន្រ្តីក្រសួងអប់រំយុវជននិងកីឡាម្នាក់ ដែលធ្លាប់មានរឿងអាស្រូវបៀតបៀនកេរិ៍្តខ្មាសអ្នកបកប្រែជនជាតិកូរ៉េខាងត្បូងកាលពីឆ្នាំមុននោះ ត្រូវបានដំឡើងឋានៈមួយកម្រិតទៀត ដោយការតំឡើងនេះ ធ្វើឲ្យមន្រ្តីអង្គការសង្គមស៊ីវិលសម្តែងការខកចិត្តនិងយល់ថាជាគំរូមិនល្អ។

កាលពីឆ្នាំ២០១៦ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំម្នាក់គឺលោក គ្រី ស៊ាងឡុង បានប្រព្រឹត្តអំពើបៀតបៀនកេរិ៍្តខ្មាសលើនារីអ្នកបកប្រែជនជាតិកូរ៉េម្នាក់ ខណៈដែលលោកកំពុងធ្វើជាតំណាងកម្ពុជា ទៅចូលរួមវេទិកាស្តីពីការអភិវឌ្ឍធនធានមនុស្សអាស៊ានបូក៣នៅប្រទេសកូរ៉េខាងត្បូង ដែលកាលនោះលោក គ្រី ស៊ាងឡុង មានមុខតំណែងជាប្រធាននាយកដ្ឋានតម្រងទិសវិជ្ជាជីវៈ។ ប៉ុន្តែ ក្រោយកើតរឿងអាស្រូវ ក្រសួងអប់រំ បានដកតំណែងលោក គ្រី ស៊ាងឡុង ឲ្យមកជាគ្រូបង្រៀនធម្មតាវិញ។

ដោយឡែក អនុក្រឹត្យមួយដែលវីអូឌីទើបតែទទួលបាន ដែលចុះហត្ថលេខាដោយលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២២ខែមីនា បានសម្រេចតំឡើងឋានៈលោក គ្រី ស៊ាងឡុង ពីគ្រូបង្រៀនកម្រិតឧត្តមដើម ខ្សែថ្នាក់លេខ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ១ វិញ។

ការណីនេះ ត្រូវបាន លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា យល់ថា នេះជាគំរូរមិនល្អ ដោយថា ក្រសួងអប់រំគឺត្រូវការមន្រ្តីមានអត្តចរិកល្អ ថ្លៃថ្នូដែលគំរូដល់ដល់ស្ថាប័នផ្សេងទៀត។

លោកបន្តថា បើទោះបីជាអាជ្ញាធរប្រទេសកូរ៉េ មិនបានដាក់ទោសធ្ងន់ធរ ដោយគ្រាន់តែពិន័យប្រាក់ ប៉ុន្តែលោកថា ក្រសួងអប់រំ គួរតែមានវិធានការរដ្ឋបាលណាមួយបន្ថែមទៀត ដើម្បីពិន័យដល់មន្រ្តី ដែលប្រព្រឹត្តិអំពើមិនល្អ ជាជាងការតំឡើងឋានៈបែបនេះ។

លោកបន្ថែមថា «ខ្ញុំយល់ថាវាជារឿងមួយប្លែកខណៈដែលស្ថាប័នអប់រំចង់បានបុគ្គលដែលមាន អត្តចរិកល្អស្អាតស្អំថ្លៃថ្នូរសម្រាប់បំពេញការងារជាគំរូរដល់ស្ថាប័នផ្សេងៗទៀត។ ហើយខ្ញុំគិត ថាបើទោះបីជាច្បាប់កូរ៉េគេមិនដាក់ទោសព្រហ្មទណ្ឌដល់គាត់ ដោយគ្រាន់តែពិន័យ អញ្ចឹង សម្រាប់កម្ពុជាខ្ញុំគិតថា ក្នុងនាមជាមន្ត្រីកម្ពុជាហើយប្រព្រឹត្តអំពើបែបនេះវាគួរតែមានតែមាន វិធានរដ្ឋបាលណាមួយបន្ថែមទៀតសម្រាប់ការដាក់ពិន័យទៅលើមន្រ្តីប្រព្រឹត្តបែបនេះនៅក្រៅប្រទេស»។

ចំពោះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថា នេះមិនមែនជាលើទី១ទេ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែតំឡើងឋានៈ ដល់អ្នកប្រព្រឹត្តខុស ឬអ្នកបង្ករហិង្សា ដោយលោកថា កន្លងមកមានមន្ត្រីអាជ្ញាធរច្រើនណាស់ បានប្រព្រឹត្តខុសហើយ ក្រោយមក បានត្រូវបានដំឡើងឋាន្តរសក្តិ។

លោកបន្តថា ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបច្ចុប្បន្ន ហាក់កំពុងបង្កើតវប្បធម៌ថ្មីមួយ ដោយជួយលើកទឹកចិត្តដល់អ្នកប្រព្រឹត្តិខុស ឲ្យកាន់តែប្រព្រឹត្តខុសថែមទៀត។

លោកបន្ថែមថា «ករណីទី១ ដែលយើងឃើញដំបូងនៅក្នុងការតវ៉ានៅទីលានប្រជាធិបតេយ្យ នោះ អ្នកដែលវាយគេអ្នកដែលបង្ករហិង្សារហ្នឹងវាទៅទទួលបានការជួយសង្គ្រោះកកាបាតក្រ ហមទៅវិញ ឬឯអ្នកតវ៉ាដីធ្លី អ្នករងភាពអយុត្តិធម៌វាទៅជាជាប់ចោទហើយតុលាការហៅសួរ ដោយមានអ្នកខ្លះត្រូវជាប់គុករហូតដល់ថ្ងៃនេះ។ទី២ទៀតអ្នកដែលប្រើអំពើហិង្សាទៅសមាជិក សភាជាប់គុកមិនទានបានប៉ុន្មានផងចេញមកវិញហើយបានឡើងស័ក្តិទៀត អញ្ចឹងករណី របស់មន្រ្តីរបស់ក្រសួងអប់រំនេះក៍មិនមែនជារឿងថ្មីដែរ។ អញ្ចឹងអ្វីដែលជាការព្រួយបារម្មណ៍ របស់ខ្ញុំនោះ គឺហេតុអ្វីបានជាគេបង្កើតអាវប្បធម៌អាក្រក់ហ្នឹងមក កាលណាអាវប្បធម៌ហ្នឹងទុក យូរៗទៅយើងឃើញថាសង្គមនេះគឺបង្កើតឲ្យមានមនុស្សខូចកាន់តែច្រើនៗឡើងទេ»។

លោក មាស នី បន្តថា ប្រសិនបើប្រព័ន្ធគ្រប់គ្រងរដ្ឋនៅតែបន្តបង្កើតវប្បធម៌លើកចិត្តអ្នកប្រព្រឹ ត្តខុសបែបនេះបន្តទៀត នឹងធ្វើប្រទេសជាតិជួបការលំបាកកាន់តែខ្លាំងនៅពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មន្ត្រីក្រសួងអប់រំ លោក គ្រី ស៊ាងឡុង ត្រូវបាននារីបកប្រែភាសារជាតិកូរ៉េម្នាក់ប្តឹង ក្រោយលោកធ្វើសកម្មភាពអោបនាងពីក្រោយបម្រុងថើប។ តាមរយៈបណ្តឹង លោក គ្រី ស៊ាងឡុង ត្រូវបានឃាត់ខ្លួន ប៉ុន្តែត្រូវបានស្ថានទូតជួយអន្តរាគមន៍ បន្ទាប់ពីព្រមសង់សងប្រាក់ជំងឺចិត្ត ១២ ៣០០ដុល្លារ តាមការសម្រេចរបស់តុលាការកូរ៉េ ដែលកាលនោះមានការរិះគន់ពីមជ្ឈដ្ឋាន ជាច្រើនថា ជាការធ្វើឲ្យខូចកិត្តិយសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ