បើក​បរ​លឿន និង​ស្រវឹង​ត្រូវ​បាន​បន្ទោស​ជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក បាន​បង្ហាញ​ថា ការ​បើក​បរ​លើស​ល្បឿន​កំណត់ និង​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង គឺ​ជា​មូល​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន នៅ​ទូទាំង​ប្រទេស កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ខែមេសា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៧៨​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៦៨៣​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ៣៧៤​ករណី នៅ​ទូទាំង​ប្រទេស កាល​ពី​ខែ​មុន។

បើ​ធៀប​ទៅ​នឹង​ខែ​មេសា​ឆ្នាំ​មុន ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង ១៦​ករណី ប៉ុន្តែ ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ ៩​នាក់ ឬ​ស្មើ​នឹង ៥​ភាគរយ ខណៈ​ដែល​ចំនួន​អ្នក​របួស​ថយ​ចុះ ៤៧​នាក់ ឬ​ស្មើ​នឹង ៧​ភាគរយ។

របាយការណ៍​បង្ហាញ​ថា អ្នក​ស្លាប់​ភាគ​ច្រើន​ដល់​ទៅ ៧៩​ភាគរយ គឺ​ជា​អ្នក​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត ឬ​ម៉ូតូ និង​ពុំ​បាន​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ។

របាយការណ៍​នេះ​បន្ថែម​ថា ក្នុង​ចំណោម​មូល​ហេតុ​ទាំង ៨ ដែល​ត្រូវ​បាន​កត់​ត្រា​ដោយ​នគរបាល​ចរាចរណ៍​នោះ គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៤០​ភាគរយ បណ្ដាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់ និង​១៤​ភាគរយ​ទៀត បណ្ដាល​មក​ពី​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង។

គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោ​យ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ១៦០០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៦០០​នាក់​ទៀត​រង​របួស កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ