កម្ពុជា និង​ឡាវ ឯកភាព​បន្ត​បោះបង្គោល​ព្រំដែន​នៅ​សេសសល់​ជិត​២០​ភាគរយ​

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ(រូបភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ប្រទេសកម្ពុជា និងឡាវ បានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈប្រទេសទាំងពីរបោះបង្គោលបានជាង ៨០ភាគរយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខកាទូតកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសឡាវ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនាកន្លងមកនេះ ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាលើការបន្តបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ ដែលនៅសេសសល់ឲ្យបានសម្រេចដោយឆាប់រហ័ស។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានប្រាប់ វីអូឌី(VOD) នៅថ្ងៃអាទិត្យនេះថា កម្ពុជា និងឡាវ នឹងសិក្សាពីទីតាំងបង្គោលមួយចំនួនដែលប្រទេសទាំងពីរត្រូវបោះ ដោយលោកថា បង្គោលព្រំដែនដែលនៅសេសសល់មានជិត ២០បង្គោលទៀត។

នៅពេលសួរថា តើភាគីទាំងពីរនឹងចាប់ផ្តើមបោះបង្គោលនៅពេលណា? លោក វ៉ា គឹមហុង ឆ្លើយថា មិនដឹងបោះនៅពេលណាទេ ដោយលោកថា ចាំភាគីទាំងពីរពិភាក្សាគ្នាសិន។

លោក វ៉ា គឹមហុង មានប្រសាសន៍ថា៖ «ទាល់យើងឯកភាពគ្នាលើគោលការណ៍សិន យើងទៅបោះទទេៗម៉េច។ យើងចចារទ្វេភាគីដើម្បីកំណត់ទីតាំង។ វាយូឆាប់ ឬលឿន វាមានការយល់ព្រមពីភាគីទាំងសងខាង។ យើងមិនអាចបង្ខំគេកើតទេ ប៉ុន្តែមិនមែនថា គេអត់មានសុឆន្ទៈទេ ប៉ុន្តែ យើងជជែកគ្នាសព្វថ្ងៃមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ»។

បើតាមមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ បានឲ្យដឹងថា ប្រទេសកម្ពុជា និងឡាវ មានបោះបង្គោលព្រំដែនរួមគ្នា ១២១បង្គោលរួចហើយ ក្នុងចំណោមបង្គោលសរុប ១៤០បង្គោល។

ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ប្រទេសឡាវ ថៃ និងវៀតណាម ប៉ុន្តែ លោក វ៉ា គឹមហុង ប្រាប់ថា ការបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម សម្រេចបាន ៨៣ភាគរយហើយនៅបណ្ដោយព្រំដែនប្រវែង ១២៦០គីឡូម៉ែត្រ ខណៈដែលពុំទាន់មានការសិក្សារកបង្គោលចាស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅឡើយ។

បញ្ហាព្រំដែន គឺជាប្រធានបទដ៏រសើបរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសមាជិកសភា លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងសំណុំរឿងព្រំដែនដ៏ចម្រូងចម្រាស់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ