​អាជ្ញាធរ​ប៊ែលហ្សិក​ចោទប្រកាន់​បុរស​បីនាក់​ក្រោយប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន​(រូបភាពពីសារព័ត៌មានBBC)

អាជ្ញាធរប៊ែលហ្សិក បានចោទប្រកាន់មនុស្ស ៣នាក់ពីបទប្រព្រឹត្តអំពើភេរវកម្ម ក្នុងនោះមានទាំងការប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្ម បន្ទាប់ពីប្រតិបត្តិការដ៏ធំមួយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

សារព័ត៌មាន BBC បានចុះផ្សាយថា មនុស្ស ៩នាក់ទៀត ដែលត្រូវបានចាប់ខ្លួនផងដែរនៅក្នុងប្រតិបត្តិការនោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែងវិញ។

មន្ត្រីរដ្ឋអាជ្ញាប្រទេសនេះ បាននិយាយថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅរំលងអាធ្រាត នៅតាមសង្កាត់ចំនួន ១៦កន្លែង ភាគច្រើននៅទីក្រុងប្រ៊ុចស៊ែល។

អាជ្ញាធរប្រទេសនេះ បានពង្រឹងសន្តិសុខជាតិនៅចំពេលមានការប្រកួតបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលកំពុងដំណើរការនៅប្រទេសបារាំង ខណៈដែលនាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានអំពាវនាវឲ្យប្រជាជនរក្សាភាពស្ងៀមស្ងាត់ និងរីករាយជាមួយព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ។

កាលពីថ្ងៃទី២២ ខែមីនា កន្លងមក ការបំផ្ទុះគ្រាប់បែកមួយនៅព្រលានយន្តហោះ និងស្ថានីយរថភ្លើងក្នុងទីក្រុងប្រ៊ុចស៊ែល បានសម្លាប់មនុស្សអស់ ៣២នាក់។

អាជ្ញាធរបានឲ្យដឹងបន្ថែមថា មនុស្សទាំងបីនាក់ដែលមានអាយុចន្លោះពី ២៧ឆ្នាំដល់ ៤០ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងប្រព្រឹត្តអំពើឃាតកម្ម តាមរយៈអំពើភេរវកម្ម និងការចូលរួមក្នុងក្រុមភេរវកម្ម។ ទោះជាយ៉ាងណា គេពុំបានរកឃើញអាវុធ ឬគ្រឿងផ្ទុះនោះឡើយ នៅអំឡុងពេលប្រតិបត្តិការនោះ។

អាជ្ញាធរប៊ែលហ្សិក បានបង្ក្រាបទៅលើជនសង្ស័យទាំងនេះ ដើម្បីធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដោយសារភេរវករវាយប្រហារទីក្រុងប៉ារីសកាលពីឆ្នាំមុន គឺជាមនុស្សមកពីប្រទេសមួយនេះ។ ការវាយប្រហារទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំមុន បានសម្លាប់មនុស្ស ១៣០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ