ប្រមុខ​ UN ជំរុញ​ឲ្យ​បញ្ឈប់ការ​ឃុំ​ខ្លួន​ជន​ភៀស​ខ្លួន​នៅ​ក្រិច

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន ស្វាគមន៍ជនភៀសខ្លួនមួយក្នុងអំឡុងដំណើរទស្សនកិច្ចនៅជំរំជនភៀសខ្លួននៃក្រុម Kara Tepe នៅលើកោះក្រិក Lesbos(រូបថតពីទីភ្នាក់ងារChannel News Asia)

ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្លែងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ការឃុំខ្លួនជនចំណាកស្រុកដែលបានធ្វើដំណើរទៅដល់ប្រទេសក្រិចចាប់តាំងពីខែមីនាកន្លងមកនោះ គួរតែបញ្ចប់ភ្លាម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក បាន គីមូន ថ្លែងដូច្នេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅទស្សនាជំរុំជនភៀសខ្លួន ២កន្លែងនៅលើកោះ Lesbos ក្នុងប្រទេសក្រិច ជាទីដែលជនភៀសខ្លួនប្រហែល ៣៤០០នាក់ ត្រូវបានគេឃាត់ទុក ខណៈដែលក្រុមមន្ត្រីចុះវាយតម្លៃថាតើពួកគេអាចទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ដែរឬយ៉ាងណា។

លោក បាន គីមូណ ដែលបានជជែកជាមួយនាយករដ្ឋមន្ត្រីក្រិច លោក Alexis Tsipras នៅទីក្រុងអាតែនកាលពីព្រឹកថ្ងៃសៅរ៍នោះ បាននិយាយថា ការឃុំខ្លួន មិនមែនជាចម្លើយទេ ប៉ុន្តែ វាគួរតែបញ្ចប់ភ្លាម។

លោកបន្តថា លោកទទួលស្គាល់ពីការលំបាក ប៉ុន្តែ ពិភពលោកមានទ្រពសម្បត្តិ សមត្ថភាព និងភារកិច្ច ក្នុងការប្រឈមនឹងឧបសគ្គទាំងនេះ។

កោះ Lesbos គឺជាច្រកចូលរបស់ជនចំណាកស្រុករាប់រយពាន់នាក់ ដែលបានធ្វើដំណើរទៅអឺរ៉ុបកាលពីឆ្នាំមុន។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងប្រទេសទួគី ដែលបានចូលជាធរមានកាលពីខែមីនាកន្លងមក ជនភៀសខ្លួនដែលមិនទទួលបានសិទ្ធិជ្រកកោន ប្រឈមមុខនឹងការបញ្ជូនត្រឡប់ពីដែនកោះរបស់ក្រិច ទៅប្រទេសទួគីវិញ។

ជនចំណាកស្រុកជាង ៤៥០០០នាក់ កំពុងជាប់នៅលើដែនដីកោះរបស់ក្រិចនាពេលសព្វថ្ងៃនេះ បន្ទាប់ពីបណ្ដាប្រទេសអឺរ៉ុបបិទព្រំដែនរបស់ខ្លួន មិនទទួលយកពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ