ក្នុងវីដេអូ Live ដែលបានធ្វើឡើងកាលពីលើកចុងក្រោយពិធីការិនីអ្នកនាង ឈិន សុធារី បានអះអាងថាមកទល់ពេលនេះលោក សុវណ្ណ មករា ដែលបានចុះចេញពីនាងទៅរួមរស់ជាមួយតារាម៉ូដែលស្រីម្នាក់ដែលលោកបានស្គាល់ក្នុងពេលជ្រើសអោយថតកុន នៅតែមិនព្រមមកផ្ដិតមេដៃលែងលះអោយអ្នកនាងនោះទេ ដោយសូម្បីតែផ្ទះដែលជាទ្រព្យរបស់នាងហើយមានឈ្មោះរួម ក៏លោកមិនបានមកផ្ដិតមេដៃផ្ទេរអោយដែរ ក្នុងពេលដែលមុនចុះចេញគឺលោកបានបន្សល់នូវបំណុលអោយនាងដោះស្រាយយ៉ាងសន្ធឹក។
អ្នកនាងប្រកាសអោយលោក សុវណ្ណ មករា ត្រៀមចូលតុលាការបំភ្លឺរឿងបង្ករបួសស្នាមនិងប្រើហិង្សារលើនាងនាពេលកន្លងមក ប្រសិនបើលោកនៅតែបន្តគេចវេះមិនផ្ដិតមេដៃផ្ទេរសិទ្ធិក្នុងផ្ទះលើទ្រព្យនាងដែលបណ្ដាលអោយនាងមិនអាចលក់ទ្រព្យនោះបានដើម្បីដោះស្រាយបំណុល។
ឈិន សុធារី និយាយថាក្នុងពេលរួមរស់ លោក សុវណ្ណ មករា និងនាងបានរួមគ្នាទិញផ្ទះមួយកន្លែងនៅបុរីវិមានភ្នំពេញដោយដាក់ឈ្មោះរួម ដោយលោកមិនបានបំពេញកាតព្វកិច្ចណាមួយក្នុងការបង់ប្រាក់រំលោះសម្រាប់ផ្ទះនោះទេ គឺនាងយកលុយដែលនាងសន្សំទុកតាំងពីមិនទាន់រៀបការ និងលុយកាក់ដែលម្ដាយនាងផ្ញើអោយពីអាមេរិកមករ៉ាប់រង គឺលោកមិនដែលរវល់ឡើយ។ អ្នកនាងថាលោកតែងតែប្រើពាក្យថាដោះស្រាយលុយមិនទាន់ ហើយអោយតែដល់ខែបង់ថ្លៃផ្ទះបង់រំលោះនោះគឺលោកគេចវេះ។ ផ្ទុយទៅវិញ លោកមានតែយកលុយពីនាងនិងស្នើអោយនាងសុំលុយម្ដាយរបស់នាងដែលរស់នៅអាមេរិកអោយជួយផ្ញើលុយផ្ញើកាក់អោយដោះស្រាយទៅទៀត។
អ្នកនាងប្រកាសថាលោក សុវណ្ណ មករា រកលុយបានមិនដែលអោយនាងទុកដាក់ក្នុងនាមជាភរិយានោះទេ គឺបានត្រឹមតែផ្ដល់មិនគ្រប់ៗសម្រាប់អោយនាងដោះស្រាយ ហើយក៏តម្រូវអោយនាងចេញរកខ្វែងដៃខ្វែងជើងមួយចំណែកតាំងពីបានរៀបការគ្នា។ នាងថាខ្លួនមានភស្ដុតាងជុំវិញលោក សុវណ្ណ មករា បានជេរប្រទិចម្ដាយរបស់នាង និងបានប្រើអំពើហិង្សាលើនាងនៅចំពោះមុខគ្រួសារនាង ដោយគិតតែចោទនាងបែបនេះបែបនោះក្រោយពេលមានស្រីក្រៅផ្ទះ។
អ្នកនាងបានរំលេចពីចំណុចអវិជ្ជមានរបស់អតីតស្វាមីដដែលថាលោក សុវណ្ណ មករា ធ្វើបាបចិត្តនាងយ៉ាងខ្លាំងតាំងពីក្លាយជាប្ដីប្រពន្ធនឹងគ្នា ដោយមិនមែនគ្រាន់តែមានស្រីក្បត់ផិតភរិយាប៉ុណ្ណោះទេ គឺសូម្បីតែលុយកាក់ក៏លោកលាក់លៀម និងមិនបានផ្គត់ផ្គង់អោយនាងគ្រប់គ្រាន់ក្នុងនាមជាភរិយានោះដែរ ទើបនាងសម្រេចចិត្តត្រូវតែលែងអោយដាច់ ដើម្បីកុំអោយសារចុះសារឡើង ហើយចុងក្រោយបានត្រឹមតែលោកធ្វើបាបក្រោយពេលស្រីខាងក្រៅរបស់លោកបោះបង់លោកចោលរួចវិលមកកាន់ផ្ទះវិញ។
អ្នកនាងប្រកាសអោយលោក សុវណ្ណ មករា បង្ហាញខ្លួននៅសង្កាត់មកផ្ដិតមេដៃលែងលះអោយនាង ដោយសារតែអះអាងថារវាងលោក និងនាង មិនបានចុះអេតាស៊ីវិលជាមួយគ្នានិងស្នើអោយលោកផ្ទេរឈ្មោះក្នុងផ្ទះដែលនាងបានទិញដោយលុយរបស់គ្រួសារ និងប្រាក់ដែលនាងខំរក ដើម្បីអោយនាងបានលក់យកមកដោះស្រាយបំណុល។
នាងបានព្រមានថា បើអតីតស្វាមីមិនចូលខ្លួនមកដោះស្រាយលើករណីទាំងពីរចំពោះនាងទេ នោះនាងនឹងដាក់បណ្ដឹងទៅកាន់តុលាការ ពីបទប្រើប្រាស់អំពើហិង្សា និងបង្ករបួសស្នាម ដើម្បីដាក់បន្ទុកជាថ្នូរដែលលោកបន្ដធ្វើអោយនាងពិបាកក្រោយពេលលោកចុះចេញ។
នាងថាលោក សុវណ្ណ មករា មានបំណងចង់បានទ្រព្យសម្បត្តិដែលបានដាក់ឈ្មោះរួមនោះមួយចំណែក ទើបលោកបន្តគេចវេះ ហើយធ្វើអោយនាងប្រើប្រាស់ផ្ទះនោះដើម្បីលក់ចេញក៏មិនបាន ឬយកទៅដាក់បញ្ចាំធនាគារក៏មិនបាន ក្នុងពេលដែលនាងត្រូវមានបន្ទុករឿងកូនផង និងរឿងបំណុលដែលបានបន្សល់ទុក្ខពីលោក សុវណ្ណ មករា។
នាងទទូចអោយលោកត្រៀមខ្លួនចូលកាន់តុលាការអោយបានឆាប់ប្រសិនបើការផ្ដិតមេដៃទាំងពីរករណីដែលនាងបានស្នើមិនអាចចេញរួច។ ក្នុងនោះនាងក៏ប្រកាសនឹងទារជំងឺចិត្តនៅក្នុងបណ្ដឹងដែលគ្រោងរៀបចំនោះក្នុងចំនួនច្រើនផងដែរ ដើម្បីយកមកដោះស្រាយលើបន្ទុកកូនភ្លោះទាំង២ដែលមានវ័យ១ខួប៣ខែ(គិតត្រឹមពាក់កណ្ដាលខែមិថុនា ២០១៧) និងរឿងបំណុលដែលជាប់រាប់មិនអស់ក្នុងពេលលោក សុវណ្ណ មករា តម្រូវអោយនាងចេញមុខដើរខ្ចីដើម្បីអោយលោកមានលុយទភថតកុនដាក់ប៉ុស្ដិ៍នោះ។
អ្នកនាងថាការជជែកជាមួយនឹងមេធាវីត្រូវបានរាប់រយអស់ហើយនៅតែរង់ចាំយកដាក់នៅតុលាការប៉ុណ្ណោះ ដើម្បីដាក់បន្ទុកអោយលោក សុវណ្ណ មករា ត្រូវតែផ្ដិតមេដៃលែងលះអោយនាង និងផ្ដិតមេដៃលើផ្ទះមួយកន្លែងនៅបុរីវិមានភ្នំពេញដែលមានឈ្មោះ២នាក់ ហើយនាងថាលោកមិនដែលររវល់រឿងរកលុយមកបង់ ដោយអោយតែនាងរកលុយមកដោះស្រាយតែម្នាក់ឯងនោះ។
អ្នកនាងថាទ្រព្យសម្បត្តិភាគច្រើនគឺជារបស់នាង និងគ្រួសារនាង តែដោយសារតែក្រោយការរួមរស់ទើបដាក់ឈ្មោះរួមដើម្បីងាយស្រួលដាក់ខ្ចីធានាគារយកលុយមករកស៊ី ដោយមានតែផ្ទះមួយកន្លែងដែលនាងបានទិញបង់រំលោះនៅបុរីវិមានភ្នំពេញក្រោយពេលរៀបការប៉ុណ្ណោះ ដែលជាចំណែករួម តែលោក សុវណ្ណ មករាមិនដែលអោយលុយនាងបង់សូម្បីតែមួយខែនោះទេ ដោយសារតែតាំងពីទិញផ្ទះនោះ គឺលោកបានប្រាប់នាងរកលុយមិនបាន ហើយនាងជាអ្នកដោះបំណុលតែឯង។
នាងថាលោក សុវណ្ណ មករា ត្រូវតែមកផ្ដិតមេដៃផ្ទេរឈ្មោះផ្ទះដែលទិញរួមគ្នាមកអោយនាងម្នាក់ឯង ដើម្បីអោយនាងអាចលក់ដូរឬអាចដាក់ធនាគារយកលុយមកដោះស្រាយ បើមិនដូច្នេះទេផ្ទះនោះនឹងដាច់ ដោយសារតែនាងក៏មិនចង់បង់តក្នុងនាមជាផ្ទះរួមគ្នាតែគ្មានការទទួលខុសត្រូវពីអតីតស្វាមី។
នាងថាមានតែការប្ដឹងគ្នា ហើយប្រឈមមុខដោយផ្លូវច្បាប់ប៉ុណ្ណោះ ទើបអាចបញ្ចប់បញ្ហាដែលបានកើតជាមួយអតីតស្វាមី ក្នុងពេលដែលនាងរង់ចាំការលែងលះ និងរង់ចាំការផ្ដិតមេដៃផ្ទេរកម្មសិទ្ធិផ្ទះច្រើនថ្ងៃមកហើយ តែលោកបន្តគេចវេះរហូត។
នាងបានសួរបញ្ច្រាសមកវិញថាតើលោកចង់បានទ្រព្យសម្បត្តិរួមគ្នាបន្តិចបន្តួចនោះទៅអោយអ្នកណា បើកូនប្រុសស្រីទាំងពីរស្ថិតក្នុងបន្ទុករបស់នាង ហើយលោកមិនបានបង់ថ្លៃផ្ទះនោះផង?
អ្នកនាងថាខ្លួនមិនមានកម្លាំងបង់ថ្លៃផ្ទះរំលោះនោះទេ ប្រសិនបើលោកមិនផ្ដិតមេដៃផ្ទេរឈ្មោះអោយនាងម្នាក់ឯង តែបើលោកចង់បានចំណែក គឺលោកត្រូវតែរ៉ាប់រងលើចំណែកក្នុងការបង់នោះ គឺមិនអាចពេលរស់នៅជុំគ្នាក៏ធ្វើមិនដឹង ហើយលុះពេលទៅបាត់ក៏ប្រកាសថាទាល់តែប្រគល់ពាក់កណ្ដាលអោយលោកទើបលោកយល់ព្រមផ្ដិតមេដៃលែងអោយនោះដែរ។
នាងថាក្នុងពេលរួមរស់ជាមួយអតីតស្វាមីគឺនាងដើរខ្ចីគេអោយលោកនិងបានប្រគល់លុយកាក់អោយលោកជាច្រើនដើម្បីអោយលោកមានលទ្ធភាពដំណើរការផលិតរឿងដើម្បីដាក់តាមទូរទស្សន៍ ប៉ុន្តែចុងក្រោយបន្ទុកក្នុងការដោះស្រាយទាំងនោះគឺស្ថិតនៅលើនាងម្នាក់ឯង។ នាងបន្តចោទថាអតីតស្វាមីបានដើរបង្ខូចឈ្មោះនាងដោយចោទថានាងអាក្រក់បែបនេះអាក្រក់បែបនោះ ទើបធ្វើអោយលោកចុះចេញ ប៉ុន្តែនាងថាខ្លួនមិនបានធ្វើអ្វីលើសពីស្រ្តីជាភរិយានោះទេ ប្រសិនបើលោកមិនបានផិតក្បត់ជាមួយនាងនិងមិនបានបំពេញតួនាទីជាស្វាមី។
នាងប្រកាសអោយលោក សុវណ្ណ មករា ចូលខ្លួនដោះស្រាយលើករណីលិខិតលែងលះនិងលើឯកសារផ្ទៃឈ្មោះលើផ្ទះបង់រំលោះ មុនពេលនាងដាក់បណ្ដឹងទៅកាន់តុលាការដើម្បីដាក់បន្ទុកពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សា និងបង្ករបួសស្នាម។ មកទល់ពេលនេះនាងថាអតីតស្វាមីជួលផ្ទះមួយកន្លែងនៅម្ដុំសំណង់១២តម្លៃប្រមាណ២០០ដុល្លារក្នុងមួយខែរស់នៅជាមួយតារាម៉ូដែលម្នាក់ ឈ្មោះ ចោមច័ន្ទ ហៅរាជិនី ដោយបានទាំងផ្គត់ផ្គង់លុយកាក់អោយស្រីនោះផង តែសម្រាប់កូនទាំង២គឺលោកមិនដែលអោយសូម្បីទឹកដោះមួយកំប៉ុងឡើងដោយបានទាំងដើរនិយាយបរិហាកេរ្តិ៍នាងនៅចំពោះស្រីកំណាន់ធ្វើអោយនាងឆ្អែតចិត្តនោះផង។
អ្នកនាង ឈិន សុធារី បន្តថា អ្នកនាងមានរឿងឆ្អែតចិត្តច្រើនណាស់សម្រាប់រយៈពេល៤ឆ្នាំ ដែលនាងនិងលោកបានក្លាយជាគូស្នេហ៍នឹងគ្នា។ នាងថាលោក សុវណ្ណ មករា មិនដែលបានបង់លុយជូនដល់បុរីសូម្បីតែមួយកាក់នោះទេ សូម្បីតែតម្រូវការក្នុងផ្ទះក៏នាងចូលរួមដោះស្រាយច្រើនជាងបន្ទុករបស់លោកនោះដែរ ទើបនាងមានការលំបាកហើយត្រូវតែលក់ផ្ទះនៅបុរីវិមានភ្នំពេញឬយកទៅដាក់ធានាគារតែគេមិនទទួលដោយសារតែឈ្មោះក្នុងលិខិតផ្ទះមានឈ្មោះ២នាក់។
នាងថាក្នុងពេលម្ដាយនាងទាក់ទងអោយលោកមកផ្ដិតមេដៃផ្ទេរឈ្មោះអោយនាង គឺលោក សុវណ្ណ មករា បានបញ្ជាក់ថានឹងផ្ដិតមេដៃអោយដោយសារតែលោកដឹងថាផ្ទះនោះមិនមានការទទួលខុសត្រូវពីលោក។ នាងគម្រោងលក់ផ្ទះនោះដោះស្រាយបំណុលដែលលោក សុវណ្ណ មករា បន្សល់ទុកក្នុងពេលដែលនាងដើរខ្ចីគេអោយទើបនាងស្នើអោយលោកមកផ្ដិតមេដៃអោយនាងដោយសារតែលុយក្នុងការបង់ផ្ទះនោះគឺនាងនិងគ្រួសារជាអ្នកនាងរ៉ាប់រងបង់ប្រចាំខែទាំងអស់។
នាងថាអតីតស្វាមីបានស្នើសុំគ្រប់គ្រងកូនដោយសុំយកទៅរស់នៅផ្ទះលោកចំនួន៣ថ្ងៃ និងអោយនាងថែ៣ថ្ងៃ ទើបលោកយល់ព្រមមកផ្ដិតមេដៃលែងលះនិងផ្ដិតមេដៃផ្ទេរផ្ទះដែលមានឈ្មោះ២នាក់ ហើយលោកមិនបានបង់ដែលនាងយល់ថានេះជាលេសដាក់សម្ពាធអោយនាងដើម្បីទាមទារយកទ្រព្យរបស់នាងពាក់កណ្ដាល។
នាងប្រកាសមិនអោយចំណែកពីការលក់ផ្ទះទៅអោយអតីតស្វាមីដាច់ខាត ដោយអះអាងថាផ្ទះនោះតាំងពីបានទិញមកគឺនាងរ៉ាប់រងតែឯងនិងថាលោកបានបន្សល់បំណុលជាច្រើនអោយនាងដោះស្រាយច្រើនដែលបំណុលទាំងនោះសុទ្ធតែនាងចេញមុខ។
នាងនឹងបញ្ចេញសាក្សី និងភស្ដុតាងគ្រប់យ៉ាងប្រសិនបើលោក សុវណ្ណ មករា បន្តអោយនាងដលដល់ផ្លូវទ័លហើយមិនព្រមផ្ទេរឈ្មោះអោយនាងតាមការស្នើសុំ។ ពាក់ព័ន្ធនឹងការប្រកាសនេះគេមិនឃើញលោក សុវណ្ណ មករា ប្រើប្រាស់ហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៨ មិថុនា ឆ្លើយតបថា «អតីតភរិយារបស់ខ្ញុំគាត់គឺជាម្ដាយដ៏ល្អ និងជាភរិយាល្អ តែសុំទោសផងដែលខ្ញុំដាច់ខាតស៊ូដាច់ក្បាលក៏មិនអាចនៅជាមួយគាត់បាន ព្រោះអីគាត់ល្អពេកព្រោះគាត់ជាមនុស្សមហាថ្លៃថ្នូរណាស់»។
ទូរសព្ទ២ប្រព័ន្ធរបស់លោកមិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបន្ថែមបានទេបន្ថែមពីលើការបង្ហោះនេះ៕