នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយសារមានការសង្ស័យថា ការងាររដ្ឋាភិបាលរបស់លោកបានធ្លាក់ចុះ ដែលត្រូវការរៀបចំកម្លាំងថ្មីទៀតជំរុញប្រសិទ្ធភាពរបស់រដ្ឋាភិបាលឲ្យបានខ្លាំង។
តាមប្រភពមន្ត្រីរដ្ឋាភិបាលនិងបណ្តាញផ្សព្វផ្សាយមួយចំនួនអះអាងថា រដ្ឋាភិបាលលោកអាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីនៅខែសីហាឬកញ្ញាខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តាមចុះផ្សាយឲ្យដឹងថា លោក អាបេ អាចផ្លាស់ប្តូរ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Taro Aso ទៅធ្វើការស្និទជាមួយរដ្ឋមន្ត្រីគ្រប់គ្រងគណៈរដ្ឋមន្ត្រីលោក Yoshihide Suga តែគេមិនទាន់ដឹងច្បាស់ថា តំណែងនេះអាចនឹងដូរទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Tomomi Inada រដ្ឋមន្ត្រីក្រសួងការបរទេស Fumio Kishida ឬ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Nobuteru Ishihara។
តាមការស្ទង់មតិនៅពេលថ្មីៗនេះ គឺបង្ហាញថា ការដឹកនាំរបស់លោកអាបេ មានការថយចុះយ៉ាងខ្លាំង។ តាមការចុះផ្សាយរបស់កាសែត Mainichi គឺការធ្លាក់ចុះពី ១០ទៅ ៣៦% ដែលនេះគឺជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែធ្នូឆ្នាំ២០១២មក៕