សកម្មជន​បរិស្ថានធ្វើយុទ្ធនាការបញ្ឈប់ការនាំឈើពីកម្ពុជា​ទៅលក់នៅក្រៅប្រទេស​

បទល្មើសព្រៃឈើនៅកម្ពុជានាពេលកន្លងមក

សកម្មជន​ឃ្លាំមើលព្រៃឈើនៅកម្ពុជា ​បានឲ្យដឹងថា លោកបានទៅប្រទេសបារំាងនិងប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជួបពិភាក្សាពង្រឹងកា​រអនុ​វត្ត​ន៍​​ច្បាប់​បង្ក្រា​ប​ឧក្រិដ្ឋ​កម្មព្រៃឈើខុសច្បាប់​ពីកម្ពុជា ទៅលក់​នៅក្រៅប្រទេស​ ខណៈបទល្មើសព្រៃឈើកម្ពុជា នៅតែបន្តកើតមាន​។

លោក អ៊ូច ឡេង ឲ្យដឹងថា លោកទៅប្រទេសបារំាង ប្រទេសប៉ទុយកាល់ និងប្រទេស​អង់គ្លេសជាដើម​។

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) រូបនេះបានផ្ញើសារប្រាប់VODតាម​ហ្វេសប៊ុក​ថា ចាប់ពីថ្ងៃទី១១មិថុនា ដល់ថ្ងៃទី២១ ខែដដែល លោកបានទៅជួបពិភាក្សា​ជាមួយ​ប៉ូលីស​អន្តរ​​ជាតិIntetpol នៅប្រទេសបារំាង ទីក្រុង​ហ្កាយយ៉ា ប្រទេសប៉ទុយកាល់ រួមទំាងនៅទីក្រុងឡុងដ៏ ប្រទេស​អង់​​គ្លេស ដើម្បីជជែកពីការបង្កើតក្រុមការងា​រពង្រឹងការអនុវត្តន៍ច្បាប់បង្ក្រាបឧក្រិដ្ឋកម្មព្រៃ​ឈើឲ្យ​មាន​ប្រសិទ្ធិ​​ភាព ដោយថាលោកនឹងបង្ហាញពី​ភស្តុតាង ទាក់ទង​អាជីវកម្មឈើឆ្លងដែនខុស​ច្បាប់ពី​កម្ពុជា​​ទៅ​​លក់​​នៅ​អឺរ៉ុប ​វៀតណាម​ និងចិន ជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា លោកគំាទ្រ​នឹង​ការផ្សព្វ​ផ្សាយ​​​របស់​អ្នកឃ្លាំ មើលព្រៃឈើទៅកាន់ក្រៅប្រទេស​នោះ ដោយថារដ្ឋាភិបាលកំពុងទប់ស្កាត់ការ​នាំឈើខុស​ច្បាប់​ទៅលក់នៅក្រៅប្រទេសដែរ។ ប៉ុន្តែលោកថា ព្រៃឈើនៅកម្ពុជា​មិន​រង​ការកាប់បំផ្លាញទំាងស្រុងនោះទេ ដោយ​លោកថា​ បច្ចុប្បន្ននេះនៅសល់រហូតដល់​៤៧ភាគរយ។

លោកនិយាយថា«៤៧ភាគគម្របព្រៃឈើធម្មជាតិ មិនរាប់បញ្ជូលទំាងដំណាំឧស្សាហកម្មផ្សេងៗ ដូចមានកៅស៊ូ ម្រេច ស្វាយចន្ទី អំពៅ ឬមួយដំណាំផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងដំណាំឧស្សាហកម្មនេះពីព្រោះដំណាំឧស្សាហកម្មវាដូចព្រៃដែរ វាមានស្លឹកខៀវដែរ បញ្ហាសំខាន់វាមានចលនា…..ស្រូបយកអ៊ុកស៊ីសែន ហើយបញ្ចេញឧស្ម័នកាបូនិចទោះបីដើមវាអីក៏ដោយ ដើមកៅស៊ូ ក៏វាជាព្រៃឈើដែរ គ្រាន់តែព្រៃឈើផ្នែកឧស្សាហកម្មគម្របនៅសល់៤៧ភាគរយ»

កាលពីខែឧសភា​ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថាន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាន​ចេញ​របាយការណ៍​មួយ ក្រោមចំណងជើងថា «ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម»។ក្នុងរបាយការណ៍នោះ រកឃើញថា នៅចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ ដល់​ខែមិនាឆ្នាំ២០១៧ ទំហំ​ឈើប្រមាណ៣០ម៉ឺន​មែត្រគូបត្រូវបានលួចលាក់​នាំចេញ​និងធ្វើ​ឲ្យស្របច្បាប់ពី​កម្ពុជា​​ទៅវៀតណាម ខណៈដែលកម្ពុជាបានហាម​ឃាត់ការនាំ​ចេញឈើក្នុងតំបន់ការ​ពារទៅ​ក្រៅ​ប្រទេស​។

អង្គការនេះថា ចាប់ពីដើមខែវិច្ឆិកាឆ្នាំ២០១៦ សកម្មភាពលួចកាប់ឈើខុសច្បាប់បានកើត​ឡើងខ្លាំងនៅ​តំបន់ការពារក្នុងខេត្តរតនគីរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និង​តំបន់ជម្រកសត្វព្រៃលំផាត់ ហើយបើគិតជាប្រាក់សំណូកគឺលើសពី១៣លានដុល្លារអាមេរិក។

បើតាមរបាយការណ៍សកម្មភាពលួចកាប់ និងនាំចូលឈើនេះ គឺដោយសារការឃុបឃិតគ្នា និងសូក​ប៉ាន់​រវាង​​អាជ្ញាធរប្រទេសទាំងពីរ ដោយអង្គការនេះអះអាងថា ឈ្មួញវៀតណាមបានសូកប៉ាន់​មន្ដ្រីខ្មែររាប់​លាន់​ដុល្លា​រ ដើម្បីចូលកាប់ឈើក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា។

ទាក់ទិននឹងការកាប់ឈើខុសច្បាប់នេះ រដ្ឋាភិបាលបាន​បង្កើតគណៈ​កម្មការ​ជាតិ ដើម្បីទប់ស្កាត់​និងបង្ក្រាប​បទ​ល្មើសព្រៃឈើដែល​ដឹកនំាដោយលោក សៅ សុខា ប៉ុន្តែរដ្ឋាភិបាល​មិនទាន់ចា​ប់ឈ្មួញ​ឈើយក​ទៅ​ផ្តន្ទា​ទោសនិង​បង្ហាញលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើជាសាធារណៈនៅឡើយ បើ​ទោះ​ជា​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះ​ឧកញ៉ាយ៉ាងតិចពី​រនាក់​ដែល​នាយក​រដ្ឋ​មន្រ្តី​ថាជា​អ្នក​រក​ស៊ី​ឈើ​ទៅ​លក់នៅប្រទេស​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ