ការស្ទង់មតិ៖ អ្នកចូលចិត្ត លោក ហ៊ុន សែន តិចជាង លោក សម រង្ស៊ី និងលោក កឹម សុខា

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 5:35 PM | នយោបាយ | 0 | 24793 លោក សម រង្ស៊ី (ស្តាំ) លោក ហ៊ុន សែន និង កឹម សុខា (រូបភាពពីហ្វេសប៊ុក)

ការស្ទង់មតិមួយដែលទើបត្រូវបាន លោក សម រង្ស៊ី ទម្លាយហើយមានការទទួល​ស្គាល់ពី​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផងនោះ បង្ហាញថា អ្នកចូលចិត្តលោក ហ៊ុន សែន មានចំនួន៥៥% កាលពីខែឧសភា បានថយចុះមកនៅ៤០%នៅខែកញ្ញាឆ្នាំ២០១៦។

ចំណែក លោក សម រង្ស៊ី មានអ្នកចូលចិត្ត៥៨% កាលពីខែឧសភា ថយ​មកនៅ៤៦%​ នៅ​ខែ​កញ្ញាឆ្នាំ២០១៦ ខណៈលោក កឹម សុខា មានអ្នកចូលចិត្ត៥០% នៅកញ្ញាឆ្នាំ២០១៦ ដោយមិនឃើញការស្ទង់មតិកាលពីខែឧសភាឆ្នាំ២០១៦នោះទេ។

ចំណុចមួយនៃរបាយការណ៍​ស្ទង់​មតិ

ការស្ទង់មតិដែលគេជឿថា គណបក្សប្រជាជនកម្ពុជាជាអ្នកជួលឲ្យក្រុមហ៊ុនដែលមានមូលដ្ឋាន​នៅប្រទេសអ៊ីស្រាអែលធ្វើនោះ បង្ហាញទៀតថា អ្នកចូលចិត្តគណបក្សប្រជាជនកម្ពុជា មាន៤១%​ កាលពីខែកញ្ញាឆ្នាំ២០១៦ ខណៈអ្នកចូលចិត្តគណបក្សសង្រ្គោះជាតិមាន​៤៧% ក្នុងពេលជា​មួយគ្នានោះ។

ចំណែក គោលនយោបាយកាត់បន្ថយអំពើពុករលួយវិញ ការស្ទង់មតិដដែលបង្ហាញថា ៣១% ជឿជាក់លើ លោក ហ៊ុន សែន ហើយ ៣២% ជឿជាក់លើគណបក្សប្រជាជន ខណៈ​៦០%​ ជឿលើ លោក សម រង្ស៊ី និងគណបក្ស​សង្រ្គោះ​ជាតិ។

ទាក់ទងលទ្ធស្ទង់មតិនេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកបានដឹងចំពោះការស្ទង់មតិនេះហើយ ប៉ុន្តែលោកចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថា គ្រាន់តែជាការលើកទឹកចិត្តដល់គណបក្សប្រឆាំងតែប៉ុណ្ណោះ។

លោកថា «ខ្ញុំថា អានេះជាការលើកតម្កើងខ្លួនឯងពេក ដឹងថាសម រង្ស៊ី ​​វាបាត់ជីវិតនយោបាយ ស្លាប់ហើយជិវិតនយោបាយរបស់គាត់។ ចឹងគាត់ចង់ទាញអារម្មណ៍ប្រជាជនគាត់ប្រឌិតរឿងហ្នឹងឡើង ថាគាត់នៅមានតួនាទីសំខាន់នៅក្នុងសង្គមជាតិកម្ពុជាគ្មានអីខុសពីរឿងហ្នឹងទេ ចឹងគាត់មិនខ្លាចអីរឿងប្រឌិតព័ត៌មានទេ»។

ប៉ុន្តែការស្ទង់មតិនេះ បង្ហាញថា លោក ហ៊ុន សែន និងគណបក្សកាន់អំណាច បាននាំមុខ លោក សម រង្ស៊ី និងគណបក្សប្រឆាំង ក្នុងការកសាងស្ពាន ថ្នល់ សាលារៀន ដោយ​មានការជឿជាក់ ៦៥%ទល់នឹង៣១%។

​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​​របាយការណ៍​ស្ទង់​មតិ​មួយ​នេះកម្រាស់ ៥០​ទំព័រ ដែល​ឯកសារ​នោះ បាន​ភ្ជាប់​នៅ​ខាង​ក្រោម​ទំព័រ​នូវ​ឈ្មោះ​ក្រុមហ៊ុន SHAVIV​ STRATEGY & CAMPAIGNS។

អ្នក​វិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា  មូលហេតុដែលធ្វើឲ្យចំនួនអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាថយចុះ  ចាប់ពីខែឧសភា ដល់ខែកញ្ញាឆ្នាំ២០១៦នោះ ដោយសារ បញ្ហាអសន្តិសុខដូចជាការបាញ់សម្លាញ់លោក កែម ឡី ។ លោកបន្តថា បញ្ហាមួយទៀតដែលធ្វើឲ្យរដ្ឋាភិបាលថយចុះអ្នកគាំទ្របន្តទៀតនោះ គឺការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក គំរាមកំហែងគណបក្សប្រឆាំង។​

លោកថា «បញ្ហាសន្តិសុខមានន័យថា មនុស្សមានម៉ូតូខ្លាចបាត់ម៉ូតូ មនុស្សមាន់ខ្លាចគេលួចមាន់ រួមទាំងករប្រើប្រាស់គ្រឿងញៀន ក៏ចាត់ទុកការប្រើប្រាសស់គ្រឿងញៀនគឺជាប្រភពមួយធ្វើឲ្យមានចោរប្លន់ច្រើនចឹង។ ប៉ុន្តែចោរប្លន់ចោរលួចអីគឺជាបញ្ហាធំជាងគេសម្រាប់ប្រជាពលរដ្ឋ ​ដោយសារចឹងហើយបានការសម្លាប់បង កែមឡី គឺប៉ះពាល់ធ្ងន់ធ្ងរទៅលើកគណបក្សកាន់អំណាច លទ្ធផលគឺបែបហ្នឹង។ ទី២ នៅក្នុងព្រឹត្តិការណ៍រវាងប៉ុន្មានខែគឺមានការប្ដឹងច្រើន ពេលនោះមានទាំងការប្ដឹងរូបខ្ញុំតាំងពីលោក កឹម សុខា ជាពិសេសការការប្ដឹងទាក់ACU ក៏ច្រើនណាស់ជាមួយមន្ត្រីអាដហុកគឺច្រើនមែនទែន ដោយសារចឹងហើយ ព្រឹត្តិការទាំងអស់ប៉ះពាល់ប្រជាប្រិយភាពគណបក្សកាន់អំណាចខ្លាំង»។

ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​គេ​​សាក​សួរ​ទៅ​កាន់​មនុស្ស​​ដែល​ជា​សំណាក​ចំនួន ៥ ៣៧៩​នាក់នៅកម្ពុជា ​តាម​រយៈ​វិធី​សាស្ត្រ​សម្ភាស​ទល់​មុខ​គ្នា នៅ​ចន្លោះ​ថ្ងៃ​ទី​២២ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​ ១៩ខែ​តុលា ឆ្នាំ​២០១៦៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required