លោក កឹម សុខា ពិភាក្សាជាមួយអង្គការអន្តរជាតិពីបញ្ហាសិទ្ធិមនុស្ស

(រូបថតពី ហ្វេសប៊ុក របស់លោក កឹម សុខា) លោក អេនដ្រៀ ខាងឆ្វេង និង លោក កឹម សុខា ខាងស្តាំ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពិភាក្សាជាមួយមន្ត្រីអង្គការសិទ្ធិមនុស្សតំបន់ដោយនិយាយពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះមាននិយាយពីការចោទប្រកាន់តាមផ្លូវតុលាការមកលើមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំង។

លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលនេះថា លោកបានជួបពិភាក្សាជាមួយនាយកទទួលបន្ទុកតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍នៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្ដរជាតិ លោក អេនដ្រៀ ជោគគិតតា (Andrea Giorgetta) នៅស្នាក់ការគណបក្សនៅព្រឹកនេះ។

ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះសរសេរទៀតថាភាគីទាំងពីរបានជជែកគ្នាលើការចាប់ខ្លួននិងការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងនិងជាពិសេសករណីឃាតកម្មលើអ្នកវិភាគល្បីឈ្មោះ លោក កែម ឡី។

លោកសរសេរទៀតថា៖ “ក្នុងជំនួបនេះ យើងបានជជែកគ្នាអំពី ការរំលោភសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ជាពិសេស ពាក់ព័ន្ធនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការចោទប្រកាន់តាមផ្លូវតុលាការ មកលើគណបក្សសង្គ្រោះជាតិ អង្គការក្រៅរដ្ឋាភិបាល និង អំពើឃាតកម្មដែលបានកើតឡើងថ្មីៗនេះមកលើអ្នកវិភាគឯករាជ្យ។ អ្វីដែលសំខាន់ខ្ញុំបាន ទទួលព័ត៌មានជាច្រើនពីគាត់ ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស នានានៅប្រទេសកម្ពុជា”។

គួរបញ្ជាក់ថាក្នុងរយៈពេលជិតពីរខែនៃការស្នាក់នៅក្នុងស្នាក់ការគណបក្សនៅចាក់អង្រែលើនេះ លោក កឹម សុខា បានជួបជាបន្តបន្ទាប់ជាមួយមន្ត្រីទូតនិងអង្គការអន្តរជាតិនានា ហើយក្នុងជំនួបទាំងនោះលោក កឹម សុខា លើកឡើងថាបានជជែកពីស្ថានភាពនយោបាយនៅកម្ពុជា។ កាលពីម្សិលមិញដូចគ្នាដែរ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ លោក Tom Malinowski ក៏បានជួបលោក កឹម សុខា នៅស្នាក់ការគណបក្សដែរ ហើយលោក កឹម សុខា អះអាងថាជំនួបនេះនិយាយពីស្ថានការណ៍ នយោបាយកម្ពុជាបច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ