បទពិពណ៌នា៖ ទិដ្ឋភាពពេលយប់ក្នុងពិធីបុណ្យ​សពលោក កែម ឡី

អ្នកកំដរសពលោក កែម ទ្បី (ដោយ មិន ពៅ)

មនុស្សម្នាជាច្រើនបាននាំគ្នាទៅចូលរួមបុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកនៅវត្តចាស់តាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ហាក់មិននឿយហត់ឡើយ បើទោះជាត្រូវតម្រង់ជួរឬរង់ចាំយូរក៏ដោយទម្រាំទៅដល់កន្លែងតម្កល់សព។

មនុស្សម្នាជាច្រើនបានចែករំលែករូបភាពពេលថ្ងៃនិងភាពរំជួលចិត្តរបស់មហាជនតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែពួកគេភាគច្រើនមិនបានដឹងពីទិដ្ឋភាពពេលយប់នៅក្នុងពិធីបុណ្យនេះយ៉ាងណាទេ។

ពេលធ្វើដំណើរដល់វត្តចាស់ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ១១ឬ១២យប់ ស្ថានភាពហាក់ស្ងប់ស្ងាត់ ប៉ុន្តែរថយន្តនៅតែមានចតនៅមុខវត្តនោះ ចំណែកអ្នកលក់ផ្កាឈូកនិងផ្កាផ្សេងៗសម្រាប់បូជានៅតែបន្តលក់ ហើយពួកគេតែងហៅអ្នកដែលធ្វើដំណើរចូលទៅក្នុងវត្តឲ្យជួយទិញផ្កា។

ចូលដល់ក្នុងបរិវេណវត្តមិនស្ងាត់ដូចនៅខាងក្រៅទេគឺនៅខាងស្តាំដៃមានកន្លែងផ្ញើកង់ម៉ូតូ មានមនុស្សមួយក្រុមនៅអង្កុយជជែកគ្នានៅទីនោះ។ ចំណែកនៅក្នុងរោងបុណ្យនៅក្បែរនោះមានមនុស្សប្រុសស្រីក្មេងចាស់អង្គុយនៅជាក្រុមៗជជែកគ្នាលើប្រធានបទផ្សេងៗ។ ប៉ុន្តែកន្លែងដែលមានមនុស្សច្រើនគឺនៅជិតកន្លែងតម្កល់សព ហើយពួកគេមានការយកចិត្តទុកដាក់ក្នុងរាក់ទាក់ជាមួយភ្ញៀវនិងកំពុងបំពេញការងារផ្សេងៗដែលសល់ពីថ្ងៃនោះដូចជាការរៀបចំទៀន ធូប ផ្កាជាដើម។

ម៉ោងចាប់ពីម៉ោង១២ទៅម៉ោង១យប់ អ្នកចូលរួមកំដរបុណ្យសពមួយចំនួនដែលមិនដេកនៅទីនោះធ្វើដំណើរទៅផ្ទះរបស់ពួកគេវិញ។ ចំណែកអ្នកនៅកំដរទល់ភ្លើងមួយចំនួនបានរកកន្លែងដេក ដើម្បីបន្ធូរបន្ថយការហត់នឿយដែលពួកគេបានជួយកម្មវិធីបុណ្យពេញមួយថ្ងៃរហូតដល់យប់ជ្រៅឬអ្នកខ្លះមិនបានជួយបុណ្យពេលថ្ងៃទេ ដោយសារជាប់រវល់ការងារពួកគេផ្សេងៗ ហើយដល់ចប់ការងារនៅម៉ៅងប្រមាណ៥ទៅ៦ល្ងាចបានពួកគេទៅចូលរួម។

ចាប់ពីម៉ោងនេះទៅស្ថានភាពកាន់តែស្ងាត់មួយកម្រិតទៀត។ ប៉ុន្តែអ្នកដែលដេកក៏ដេក អ្នកដែលមិនដេកក៏ជជែកគ្នាទៅតាមក្រុមៗរបស់ពួកគេនៅក្នុងបរិវេណបុណ្យដែលមានគ្នា៣ទៅ៤នាក់ឬ៧ទៅ៨នាក់ជាដើម។ ប្រធានបទដែលពួកគេនិយាយគឺទៅមិនឆ្ងាយពីហេតុការនៃការសម្លាប់លោក កែម ឡី និងបញ្ហាប្រឈមផ្សេងៗដែលប្រទេសជាតិអាចនឹងជួបនៅពេលខាងមុខ។

អ្នកដេកកំដរសពលោក កែម ទ្បី (ដោយ ហ៊ុន តារា)
អ្នកដេកកំដរសពលោក កែម ទ្បី (ដោយ ហ៊ុន តារា)

ជុំវិញការស្លាប់របស់លោក កែម ឡី អ្នកខ្លះដាក់ការសង្ស័យថាជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាអ្នកធ្វើ ដោយសារលោកអ្នកវិភាគស៊ូស្លាប់ដើម្បីការពិតរូបនេះ តែងតែងលើកឡើងពីចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាលក្នុងការដឹកនាំនិងបានរិះគន់ដល់គ្រួសារអ្នកដឹកនាំមួយចំនួនទើបនាំឲ្យពួកគេមិនសប្បាយចិត្តជាមួយរូបលោកហើយរៀបចំការសម្លាប់។

ចំណែកអ្នកខ្លះទៀតដាក់ការសង្ស័យថាការសម្លាប់នេះពាក់ព័ន្ធវៀតណាមនៅពីក្រោយដោយសារលោក កែម ឡី កំពុងចងក្រងឯកសារពាក់ព័ន្ធព្រំដែន ហើយអ្នកវិភាគរូបនេះក៏បានអត្ថាធិប្បាយថាវៀតណាមកំពុងមានសកម្មភាពឈ្លានពានកម្ពុជាទៀតផង។

ការពិភាក្សាចេះតែដេញពីមួយរឿងទៅមួយរឿងបន្តបន្ទាប់ បញ្ហាពុករលួយ បញ្ហារំលោភសិទ្ធិមនុស្សជាដើម។

ការវិភាគបញ្ហាសង្គមក្នុងរោងបុណ្យសពអ្នកវិភាគប្តូរការស្លាប់ដើម្បីសេចក្តីពិតក្រោមភ្លើងអំពូលលាយឡំជាមួយសំឡេងម៉ាស៊ីនភ្លើងដែលគេបញ្ឆេះយកអគ្គិសនីប្រើប្រាស់នោះ ធ្វើឲ្យអ្នកចូលរួមបុណ្យទាំងនោះជ្រើសរើសយកការវិភាគបោះបង់ការចូលដំណេក បើទោះជាយូរៗម្តងពួកគេស្ងាបបង្ហាញពីការងងុយនិងហត់នឿយក៏ដោយ។

ការបាញ់សម្លាប់លោក កែម ឡី ធ្វើឲ្យកន្លែងពិធីបុណ្យសពរបស់លោកក្លាយជាវេទិកានៃការវិភាគ២៤ម៉ោងលើ ២៤ម៉ោងគឺអ្នកចូលរួមវិភាគតាំងពីព្រឹករហូតដល់យប់ តាំងពីយប់រហូតដល់ភ្លឺ។ ទិដ្ឋភាពនេះខុសពីបុណ្យសពធម្មតាដែលមានភ្ញៀវចូលរួមតែពេលថ្ងៃឬបុណ្យសពខ្លះពេលយប់មានការផឹកស្រាឬលេងបៀរកំដរ តែបុណ្យសពលោក កែម ឡី ក្លាយជាវេទិកានៃការវិភាគដែលមិនមានអ្នកសម្របសម្រួល។

ចម្ងាយពីកន្លែងអ្នកអង្គុយពិភាក្សាបញ្ហាសង្គមប្រមាណ១០ទៅ១៥ម៉ែត្រជាកន្លែងតម្កល់សពលោកកែមឡីនៅក្នុងកញ្ចក់។ នៅជុំវិញនោះមានអ្នកយាមដែលភាគច្រើនជាយុវជននិងមនុស្សវ័យចំណាស់ប្រមាណពី២០ទៅ៣០នាក់ មានខ្លះទម្រេតខ្លួនទៅកំរាល ខ្លះទៀតអង្គុយជជែកគ្នានៅចាំមើលភ្លើងទៀននិងចាំមើលស្ថានភាពសព។ ក្រុមនេះផ្លាស់វេនគ្នាសម្រាកនិងវេនយាម។

អ្នកនៅកន្លែងជិតនិងឆ្ងាយពីសពបន្តិច ទោះពួកគេលង់និងការជជែកគ្នាយ៉ាងណាក៏ជាញឹកញាប់តែងតែចោលភ្នែកសំឡឹងទៅមើលលោក កែម ឡី ក្នុងសម្លៀកបំពាក់ស្អាតមានទងជាតិគ្រប់ពីលើទាំងអាឡោះអាល័យ តែលោក កែម ឡី ហាក់ដូចសម្រាន្តលក់ស្ងប់ក្នុងកញ្ចក់ ដោយមិនរវល់ជាមួយអ្នកនៅជុំវិញខ្លួនទេ។

ម៉ោង២ម៉ោង៣រំកិលទៅរកភ្លឺ ខណៈអ្នកជជែកពិភាក្សាបញ្ហាសង្គមមិនចេះអស់រឿងនៅតែបន្តនោះ អ្នកចូលទៅគោរពសពលោក កែម ឡី នៅតែបន្តចូល។ អ្នកដែលទៅគោរពសពទាំងយប់នោះភាគច្រើនជាអ្នកធ្វើការងារតាមសណ្ឋាគារជាសន្តិសុខជាអ្នកបើករថយន្តឈ្មូលឬអ្នកបើកម៉ូតូកង់បីជាដើម។ អ្នកទាំងនោះចូលគោរពដោយស្ងៀមស្ងាត់រួចសាកសួរអ្នកនៅកំដរសពបន្តិចបន្តួចក៏ធ្វើដំណើរចេញវិញទៅផ្ទះឬទៅបន្តការងាររបស់ពួកគេ ទៀត។ សកម្មភាពនេះមានរាល់យប់ចាប់តាំងពីថ្ងៃទី១០ខែកក្កដាមក ពេលសពលោក កែម ឡី យកទៅតម្កល់ទៅវត្តចាស់។

កញ្ញា លីវ វ៉ារី ជានិស្សិតធ្លាប់សិក្សាស្រាវជ្រាវជាមួយលោក កែម ឡី ហើយ កញ្ញាទៅកំដរសពតាំងពីថ្ងៃទី១០ខែកក្កដារហូតមកបាននិយាយថា គាត់ឃើញអ្នកមកគោរពសពមួយយប់ៗទល់ភ្លឺ ហើយភាគច្រើននៃអ្នកទាំងនោះ ខ្លះជាមនុស្សថ្មី ខ្លះទៀតជាអ្នកដែលធ្លាប់មកលើកមុនៗហើយ។

អ្នកដេកកំដរសពលោក កែម ទ្បី (ដោយ ហ៊ុន តារា)
អ្នកដេកកំដរសពលោក កែម ទ្បី (ដោយ ហ៊ុន តារា)

សម្រាប់អ្នកដេកកំដរសពវិញគឺមិនមានកន្លែងសមគួរទេគឺអ្នកខ្លះអាចដេកនៅលើគ្រែដែលព្រះសង្ឃរៀបចំពិធីពេលថ្ងៃ អ្នកខ្លះដេកលើកម្រាលជិតសព និងអ្នកខ្លះទៀតទាញកៅអីផ្តុំគ្នាធ្វើជាកន្លែងដេក។ ពេលយប់អាកាសធាតុធ្លាក់ត្រជាក់និងមានមូសច្រើនគួរសមនោះ ធ្វើឲ្យអ្នកដេកកំដរក៏ដេកមិនសូវលក់ទេ។ តែទោះយ៉ាងណាអ្នកទាំងនោះបញ្ជាក់ថា ពួកគេពេញចិត្តនឹងការដេកកំដរសពនេះ ហើយបញ្ជាក់ថានៅយប់បន្ទាប់ពួកគេនឹងដេកកំដរ ទៀត។

នៅម៉ោង៥ភ្លឺទាំងអ្នកដេកនិងអង្គុយកំដរសព អ្នកខ្លះរៀបចំទៅផ្ទះដើម្បីត្រៀខ្លួនធ្វើការងារនៅតាមស្ថាប័នខ្លួន និងខ្លះក៏រៀបចំខ្លួននៅបន្តជួយរៀបចំពិធីបុណ្យពេលព្រឹកបន្ត។ ប៉ុន្តែនៅពេលជិតបែកគ្នាពួកគេក៏ប្រែទឹកមុខស្រងូតស្រងាត់ជាថ្មីទៀត ដោយរំលឹកពីការស្តាយស្រណោះការបាត់បង់អ្នកវិភាគហ៊ានទម្លាយរាល់អាថ៌កំបាំងនៅក្នុងសង្គមដែលល្បីឈ្មោះនេះ អ្នកខ្លះទៀតនិយាយថាពេលដែលឃើញរូបថតលោក កែម ឡី ញញឹមក្នុងពិធី បុណ្យ ពួកគេនៅតែយល់ថាអ្នកវិភាគរូបនេះនៅរស់ មិនជឿថាគាត់ស្លាប់ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ