មន្ត្រីបក្សប្រឆាំងការពារលោក កឹម សុខា​ ដែលសម្ងំនៅស្នាក់ការមិនចេញទៅគោរពសពលោក កែម ឡី

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​មុខ​ទីស្នាក់ការគណបក្ស​កាលពីពេលកន្លង

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបបានអះអាងថា ការដែលមេដឹកនាំរបស់ខ្លួនលោក កឹម សុខា មិនចេញទៅគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលកម្កល់នៅវត្តចាស់នោះ ថាដើម្បីកុំឲ្យមានការចោទប្រកាន់ថាបក្សប្រឆាំងមួយនេះធ្វើអាជីវកម្មលើសាកសព។

លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅស្នាក់គណបក្សជិត២ខែ ក្រោយពីកម្លាំងរដ្ឋាភិបាលឆ្មក់ចាប់ខ្លួនមិនបានសម្រេចកាលពីថ្ងៃទី២៦ខែឧសភា។

បើទោះបីពេលនេះពលរដ្ឋរាប់ពាន់នាក់បានទៅចូលបុណ្យនិងគោរព្វវិញ្ញាណក្ខន្ធលោក កែម ឡី តម្កាល់នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនោះមិនទាន់ប្រកាស ពីគម្រោងទៅគោរពវិញ្ញាណក្ខន្ធអ្នកស្រាវជ្រាវដ៏ល្បីឈ្មោះដែលឃាតករបាញ់សម្លាប់នោះនៅឡើយទេ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្ក្រោះជាតិលោក អេង ឆៃអ៊ាង ឆ្លើយនឹងសំនួរVODថា មកដល់ពេលនេះ លោក កឹម សុខា មិនទាន់មានគម្រោងចេញទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅឡើយទេ ដោយអះអាងថា អវត្តមានលោក កឹម សុខា នៅកន្លែងតម្កល់សពនេះ កុំឲ្យមានពាក្យចោទថាបក្សប្រឆាំងមួយនេះយកការស្លាប់ របស់លោក កែម ឡី ធ្វើជាការកេងចំណេញផ្នែកនយោបាយ។

លោកថា៖ «ឯកឧត្តម កឹម សុខា លោកអត់បានទៅគោរពផ្ទាល់ផង គេចោទប្រកាន់មកលើបក្សប្រឆាំងថាកេងចំណេញ ចុះបើទៅទៀតវាកាន់តែចោទប្រកាន់ទៀតហើយ។ អញ្ចឹងឯកឧត្តម កឹម សុខា លោករក្សាបញ្ហាហ្នឹង កុំឲ្យគេយល់ឃើញថា គេធ្វើឃាតលោកបណ្ឌិត កែម ឡី ស្រាប់តែគាត់ចេញអីទៅអញ្ចឹង។ អញ្ចឹងហើយគាត់សុខចិត្តគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ជាប្រចាំនៅក្នុងបន្ទប់របស់គាត់»

លោកបណ្ឌិត កែម ឡី ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។ ព្រឹត្តិការណ៍បាញ់សម្លាប់នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក កែម ឡី បានរិះគន់ខ្លាំងទៅនឹងគ្រួសារត្រកូលហ៊ុន ដែលប្រទាក់ក្រឡាគ្នាគ្រប់គ្រងក្រុមហ៊ុននៅកម្ពុជាយ៉ាងតិចចំនួន១១៤ តាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិ Global Witness។ ដែល Global Witness ដាក់ចំណងជើងថា «អាណាចក្រជំនួញត្រកូលហ៊ុន»។

ប៉ុន្តែក្រោយឃាតកម្មនេះកើតឡើងគ្រួសារសពនិងក្រុមអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញព្រះសង្ឃបានមួលមតិគ្នាយកសពលោក កែម ឡី ទៅតម្កល់នៅវត្តចាស់។ ក្រោយមកពលរដ្ឋច្រើនពាន់នាក់ មន្ត្រីស្ថានទូត អ្នកនយោបាយនានា រួមទាំងតំណាងរាស្ត្របក្សប្រឆាំងផងបានទៅចូលរួមពិធីបុណ្យសពនោះ ។

បើទោះបីជាលោក អេង ឆៃអ៊ាង និយាយមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែកន្លងទៅមន្ត្រីរដ្ឋាភិបាលខ្លះបានរិះគន់ថា អ្នកនយោបាយមួយចំនួនបានយកសពលោកបណ្ឌិត កែម ឡី ធ្វើអាជីវកម្ម។

ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីដែលជាមេបក្សវិញបានហៅឃាតកម្មសម្លាប់លោក កែម ឡី នោះថាជាអំពើព្រៃផ្សៃនិងបានផ្ញើសារចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារនៃសព។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាវប្បធម៌លាបពណ៌គ្នាកំពុងពេញនិយមនៅកម្ពុជាទាំងអ្នកនយោបាយទាំងអ្នកគាំទ្រនយោបាយ។ លោកគិតថាការផាត់ពណ៌ដាក់គ្នាជាភាពផុយស្រួយនៃការផ្ទុះអំពើហិង្សាបង្កឲ្យខ្មែរបន្តបែកបាក់ផ្ទៃក្នុងរស់ក្នុងភាពយកគ្នាជាសត្រូវ។

បើតាមលោក សូ ចន្ថា មានតែធ្វើកំណែទម្រង់ប្រព័ន្ធអនុវត្តច្បាប់ឲ្យឯករាជ្យធានាយុត្តិធម៌ដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទេ ទើបអាចលុបបំបាត់វប្បធម៌លាបពណ៌បាននិងជំរុញឲ្យខ្មែរគ្រប់និន្នាការអាចរស់នៅជាមួយគ្នា ប្រកបដោយសាមគ្គីជាតិតែមួយបាន។

លោកថា៖ «ហើយចំនុចមួយទៀត សូមអ្នកនយោបាយប្រើវប្បធម៌ថ្មី វប្បធម៌នៃការចូលរួមជជែកពិភាក្សាគ្នា តាមបែបប្រជាធិបតេយ្យ ដែលផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ឈប់ប្រើប្រាស់វប្បធម៌លាបពណ៌គ្នាបន្តទៀត ពីព្រោះអ្នកនយោបាយជាគំរូសម្រាប់ប្រជាពលរដ្ឋ»

យ៉ាងណាក៏ដោយគណបក្សប្រឆាំងអះអាងថានៅថ្ងៃចន្ទម្សិលមិញនេះឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ លោក Tom Malinowski បានជួបលោក កឹម សុខា នៅស្នាក់ការបក្សជំរុញឲ្យបក្សប្រឆាំងបោះដៃទៅរកគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងអំណាច ស្វែងរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនាដែលបក្សប្រឆាំងថាមន្ត្រីនៃប្រទេសមហាអំណាចប្រកាន់លទ្ធិប្រជាធិបតេយ្យមួយនោះបារម្ភពីស្ថានការនយោបាយនៅកម្ពុជា អាចនឹងប៉ះពាល់ដល់ដំណើការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។

ប៉ុន្តែមន្ត្រីបក្សប្រឆាំងអះអាងថាគិតត្រឹមថ្ងៃអង្គារនេះលោក កឹម សុខា ដែលកំពុងសម្ងំនៅក្នុងស្នាក់ការបក្សនោះ មិនទាន់ទទួលបានការឆ្លើយតបពីបក្សកាន់អំណាចនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ