ហ្សាម៉ាន់​ (Zaman) ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារនៅ​តួកគីទេ

សាលាអន្តរជាតិហ្សាម៉ាន់ដែលត្រូវបានឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់រាល់ការគាំទ្រ បានច្រានចោលការលើកឡើងដែលថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយចលនាលោក Fethullah Gulen ដែលបរាជ័យក្នុងការធ្វើរដ្ឋប្រហារនៅតួកគីនិងស្នើឲ្យស្ថានទូតតួកគីបង្ហាញនូវភស្តុតាង។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតតួកគី លោក Ilhan Khemal Tug បានធ្វើសន្និសីទកាសែតមួយនៅស្ថានទូតរបស់ខ្លួនដោយបញ្ជាក់ថា រដ្ឋាភិបាលតួកគីរំពឹងថាកម្ពុជានឹងបញ្ឈប់រាល់ការគាំទ្រទាំងអស់ទៅលើសាលាហ្សាម៉ាន់ ដើម្បីឲ្យសាលាបញ្ចប់រាល់សកម្មភាពទាំងអស់ដោយសារការជាប់ពាក់ព័ន្ធរបស់ខ្លួនជាមួយលោក Fethullah Gulen។

លោកឯកអគ្គរដ្ឋទូតតួកគី Ilhan Khemal Tug លើកឡើងបែបនេះ ក្រោយពីកងប្រដាប់អាវុធតួកគីបានទទួលបរាជ័យក្នុងការធ្វើរដ្ឋប្រហារយោធាបណ្តេញប្រធានាធិបតីបច្ចុប្បន្នលោក Recep Erdogan ពីអំណាចកាលពីសប្តាហ៍មុន ហើយរដ្ឋាភិបាលតួកគីបានចោទសមាជិកចលនាសង្គមអ៊ិស្លាមសេរីរបស់លោក Fethullah Gulen ជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។

បើតាមប្រធានក្រុមហ៊ុនហ្សាម៉ាន់ គឺលោក Ejder Kilic លើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនហ្សាម៉ាន់ ដែលចេញនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា នេះថាក្រុមហ៊ុនហ្សាម៉ាន់ជាក្រុមហ៊ុនឯកជនរបស់ប្រទេសកម្ពុជា ហើយប្រកាន់តាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកបន្តក្នុងសេចក្តីថ្លែងការណ៍នោះថា ហ្សាម៉ាន់មិនធ្លាប់ទទួលបានមតិប្រឆាំងណាមួយពីរដ្ឋាភិបាលប្រទេសតួកគីឡើយ រហូតមកដល់សន្និសីទកាសែតដែលស្ថានទូតបានរៀបចំនៅថ្ងៃទី១៨ ខែកក្កដា។

លោកមានប្រសាសន៍បន្ថែមថា៖ “ពាក់ព័ន្ធនឹងភាពស្អាតស្អំរបស់យើងខ្ញុំផ្ទាល់ យើងសូមអញ្ជើញលោកឯកអគ្គរដ្ឋទូតបង្ហាញភស្តុតាងឬសេចក្តីសម្រេចណាមួយដោយតុលាការដែលគាត់បានបង្ហាញទៅកាន់សាធារណជន និងអាជ្ញាធរ។ យើងមានជំនឿចិត្តលើភាពស្អាតស្អំរបស់អង្គភាព ដូចនេះវាជាកាតព្វកិច្ចរបស់គាត់ផ្ទាល់ថាមានភស្តុតាងអ្វីដើម្បីបញ្ជាក់ការចោទប្រកាន់របស់ខ្លួន។ យើងក៏សូមប្រកាសផងដែរថាយើងនឹងរកយុត្តិធម៌តាមវិធីស្របច្បាប់ព្រោះការចោទប្រកាន់របស់លោកឯកអគ្គរដ្ឋទូតមានបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់យើង

ទោះជាយ៉ាងណាកក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោក Ejder Kilic ក៏បន្ថែមថាស្ថាបនិករបស់សាលាអន្តរជាតិហ្សាម៉ាន់បានចាប់ផ្តើមស្ថាបនាសាលាដោយមានករលើកទឹកចិត្តនិងយកតាមដំបូន្មានរបស់លោក Fethullah Gulen ប៉ុន្តែលោកថា លោក Gulen មិនដែលបានផ្តល់ការសម្រេចចិត្តណាមួយក្នុងការបង្កើតឬដំណើរការសាលាឡើយ។ លោកបញ្ជាក់ថាសរុបមកអ្វីដែលទាក់ទងនឹងលោក Gulen គឺគ្រាន់តែជាការលើកទឹកចិត្តនិងបំផុសគំនិតតែប៉ុណ្ណោះ។

នៅថ្ងៃអង្គារទី១៩ ខែកក្កដានេះ វីអូឌីបានព្យាយាមទាក់ទងទៅស្ថានទូតតួកគីប្រចាំកម្ពុជានិងក្រសួងអប់រំយុវជន និងកីឡា ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែរហូតមកដល់ម៉ោងនេះនៅមិនទាន់ធ្វើការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ។

ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សឹង សុផារី មានប្រសាសន៍ថាក្រសួងមិនទាន់មានចំណាត់ការបែបណានៅឡើយដោយរងចាំសំណើផ្លូវការជាមុនសិន។

សម្រាប់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី មានប្រសាសន៍ថាក្រសួងក៏មិនទាន់ទទួលបានសំណើផ្លូវការណាមួយពីភាគីតួកគីនៅឡើយ។ លោកថាក្រសួងនឹងផ្តល់ការពិនិត្យដោយយកចិត្តទុកដាក់លើសំណើរបស់ប្រទេសជាមិត្ត។

សាលាអន្តរជាតិហ្សាម៉ាន់បង្កើតឡើងដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ក្នុងឆ្នាំ១៩៩៧។ សាលានេះត្រូវបានផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យជាប្រចាំដោយក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ពេលនេះហ្សាម៉ាន់មានសាខាចំនួន៤នៅរាជធានីភ្នំពេញ ហើយមានសិស្សជាង២ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ