អគ្គស្នងការ​ជំរុញឲ្យពិនិត្យលើការផលិតប្រហុកផ្អកនៅបាត់ដំបងមិនមានអនាម័យ

គេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ បានចុះផ្សាយជំរុញឲ្យអ្នកពាក់ព័ន្ធត្រួតពិនិត្យលើការផលិតអាហារផ្អាប់ រួមមានប្រហុកផ្អកជាដើម​ នៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីមានការចោទប្រកាន់ថា មានករណីផលិតខ្វះអនាម័យនាំឲ្យប៉ះពាល់ខ្លាំងដល់សុខភាព​អ្នកបរិភោគ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញបានលើកឡើងថា អាហារដែលផលិតចេញពីសាច់ត្រីច្រើនប្រភេទ ត្រូវបានធ្វើឡើងដោយមិនបានគិតពីអនាម័យគឺគិតតែចំនួនឲ្យបានច្រើនដើម្បីយកទៅលក់ក្នុង និងក្រៅខេត្ត។ ប្រភពនេះបញ្ជាក់ថា អាចមានការត្រូវរ៉ូវគ្នារវាងអ្នកផលិត និងអាជ្ញាធរជំនាញទើប បណ្តោយឲ្យមានការចរាចរណ៍អាហារមិនមានអនាម័យលក់នៅលើទីផ្សារដោយមិនមានការរារាំងដូចបច្ចុប្បន្ន​នេះ។​

គេហទំព័រអគ្គស្នងការក៏បានលើកឡើងករណីការផលិតផ្អក​នៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង ដែលមានការចាក់សាច់ត្រី​លើកំរាលស៊ីម៉ង់ត៍ និង យកប៉ែលលាយស៊ីម៉ង់ត៍កូច្របល់លាយគ្រឿងជាដើម៖ «ថ្មីៗនេះគេសង្គេតឃើញថា មានអ្នកបណ្តាញសង្គម មួយចំនួនបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើទីតាំងផ្សារប្រហុក ដែលស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្តីពីការផលិតផ្អកត្រីប្រា ដោយសារតែគេបានឃើញក្រុមអាជីវករទាំងនោះធ្វើឡើងដោយខ្វះអនាម័យ ទាំងស្រុង ឯអ្នកដែលទិញយកមកបរិភោគ ក៏មិនបានដឹងដែរ ចេះតែទទួលទានទៅ»។

បាត់ដំបងគឺជា ខេត្តមួយដែលមានទីតាំងស្ថិតនៅជាប់​បឹងទន្លេសាប ហើយក៏ជាខេត្តដែលមានឈ្មោះល្បីក្នុងការនាំអាហារផលិតពីសាច់ត្រីលក់ទៅតំបន់ផ្សេងៗដែរដូចជា ប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ