លោក កឹម សុខា ថាប្តេជ្ញាពង្រឹងផ្ទៃក្នុងបក្សដើម្បីឈ្នះឆ្នោតឆ្នាំ​២០១៨

មេដឹកនាំ​គណបក្សប្រឆំាង​លោក កឹម សុខា (FB: លោក កឹម សុខា)

មេដឹកនាំ​គណបក្សប្រឆំាង​បានឲ្យដឹងថា លោកប្តេជ្ញាពង្រឹងផ្ទៃក្នុងបក្ស​ឲ្យរឹងមំា ដោយថាដើម្បីដណ្តើមយ​ក​ជ័យ​ជំនះ​កា​របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ​នេះ។

ការលើកឡើងរបស់លោក កឹម សុខា គឺក្នុង​ខួបកំណើតគណបក្សសង្គ្រោះជាតិ គម្រប់៥ឆ្នាំ ដែលបង្កើត កាលពីថ្ងៃទី១៧ ខែកក្កដា។​ លោក កឹម សុខា បានថ្លែងថា គណបក្សសង្គ្រោះជាតិមាន​បញ្ហាច្រើន ក្រោយពីគណបក្សសិទ្ធិមនុស្ស រួមគ្នា​ជាមួយ​គណបក្សសម រង្ស៊ី ដើម្បីប្រកួតប្រជែងការបោះឆ្នោត២០១៣ លោកថានៅគ្រា​នោះមាន​អ្នក​នយោ​បាយ​​ខ្លះ​​​ ដោយ(ទំនង​ជា​សំដៅ​ដល់​បក្ស​កាន់​អំណាច) ព្យាយាមបំបែកបំបាក់ផ្ទៃក្នុង​គណ​បក្ស​ប្រឆំាងនេះ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

ទោះជាយ៉ាងណាលោកថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ និងកាន់តែមានការគំាទ្រពីប្រជាពលរដ្ឋ ខណៈសំឡេងឆ្នោតកើនឡើងជាបន្តបន្ទាប់។

ករណីនេះ លោក កឹម សុខា ប្តេជ្ញាថានឹង​រួមគ្នាពង្រឹងផ្ទៃក្នុងបក្ស​​ ដើម្បី​​ឈ្នះ​​កា​រ​បោះ​ឆ្នោត​ឆ្នាំ២០១៨ ​គ្រប់​គ្រង​រដ្ឋា​ភិបាល​។

លោក​និយាយថា «ទីមួយយើងរួមបានហើយ ទីពីរយើងរឹងហើយ គេវ៉ៃលែងបែក លែងបាក់​ ជំហ៊ានទីបី យើងធ្វើឲ្យរីក[ចំរើន] មានន័យថា​យើងបើកចិត្តឲ្យទូលាយ ដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ អ្នកស្នេហា​ជាតិនៅគ្រប់មជ្ឈដ្ឋានឲ្យមក​ចូលរួម គឺមិនមែនមានតែយើងទេ កាលណាធ្វើគណប​ក្សនយោបាយមួយ មានតែអញ[ខ្លួន]គឺថាអត់មានកម្លាំងល្អ អត់មានកម្លាំងល្អ អត់អាច​យក​ជ័យជំនះបានទេ ខ្ញុំសូម​យកឱកាសនេះជម្រាបជូនថា អ្នកដឹកនាំគណបក្សដែលពូកែ អត់ពីខ្លួន​ទៅ គឺគណប​ក្សហ្នឹង​នៅតែរស់ រវើក ហើយនៅរីកបន្តទៀត មិនមែនអន្តរាយ មិនមែនរលាយ ដូចគ្នាដែរ អ្នកដឹកនាំប្រទេសដែលពូកែ គឺអ្នកដឹកនំាប្រទេសដែលអត់ពីខ្លួនទៅ ប្រទេសនៅតែរីកទៅមុខ មិនមែន​អត់ពីខ្លួនទៅប្រទេសរលាយ ប្រទេសសង្គ្រាមទេ អាហ្នឹងអ្នកដឹកនាំប្រទេសអត់ពូកែទេ»។

នៅថ្ងៃទី១៩ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បាន​សរសេរលើហ្វេសប៊ុករបស់លោកថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែល​ដឹកនាំប្រទេសឲ្យមានសន្តិភាព តាមរយៈការ​គំាទ្រពី​ពល​រដ្ឋម្ចាស់ឆ្នោត។

លោកនិយាយថា «សន្តិភាព គណបក្ស​ប្រជា​​ជន គឺសន្តិភាព នៅក្រោមស្នាដៃដឹកនាំ​ដ៏ឆ្នើមរបស់ សម្តេច​តេជោ ហ៊ុន សែន បានធ្វើ​អោយ​កម្ពុជា មានសុខសន្តិភាព យូរអង្វែង ដែលផ្តល់​នូវភាពកក់ក្តៅដល់​ប្រជា​ពល​រដ្ឋខ្មែរគ្រប់ៗរូប យើងទាំងអស់គ្នា គោរពស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ សម្តេចតេជោ ហ៊ុន សែន យើងទាំងអស់គ្នា បោះឆ្នោតអោយតែ គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍ថា បើគណបក្សសង្គ្រោះជាតិ​ធ្វើបាន​តាមការលើកឡើងនោះជាការល្អ ដោយថាកុំឲ្យប្រើយុទ្ធសាស្ត្រ​កុហកពលរដ្ឋម្ចាស់​ឆ្នោត​ម្តង​ហើយ​ម្តងទៀត។​ ទោះជាយ៉ាងណាលោកថា គណបក្សប្រឆំាងមិនអាចឈ្នះ​គណបក្ស​ប្រជាជន​បានទេ ដោយថាបក្សកាន់អំណាច​ព្យាយាមធ្វើកំណែទម្រង់ច្រើនជូនពលរដ្ឋ​ម្ចាស់ឆ្នោត។

លោកនិយាយថា «បក្សប្រជាជនដែលជាដៃគូប្រកួតជាមួយគណបក្សសង្គ្រោះជាតិ​អត់មានព្រួយបារម្ភអ្វីទេ​យើងព្រួយបារម្ភតែធ្វើខុស បើយើងអត់ធ្វើខុស​អ្វីផង រឿងអ្វីអាណត្តិទី៦ យើងសង្ឃឹមចាញ់ ព្រោះការធ្វើ ដើម្បី​ឈ្នះ ហើយធ្វើការកសាងសម្មិតផលនានា កែទម្រង់លើគ្រប់វិស័យនានា ដើម្បីទាក់ទាញ​ចិត្ត​ពី​ប្រជា​ពលរដ្ឋឲ្យបន្តការគំាទ្រ​ យើងឃើញហើយការបោះឆ្នោតឆ្នាំ២០១៧ ទោះបីបាត់​អាសនៈ​មេឃុំ​មួយ​ចំនួន​ក៏ពិតមែន​ ក៏ប៉ុន្តែសន្លឹកឆ្នោតឡើង៣សែនសំឡេង»។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​លោក មាស នី យល់ថា ការពង្រឹងផ្ទៃក្នុង​បក្ស​ជារឿង​ល្អ សម្រាប់​អ្នក​នយោ​បាយ​ទំាងអស់ត្រូវ​តែធ្វើ។ ប៉ុន្តែលោកថា អ្នកដែលជាប់មេឃុំឬចៅសង្កាត់ថ្មី នៅអាណត្តិនេះ ត្រូវ​បំរើសេវាជូនប្រជាពលរដ្ឋ​ដោយឥតលម្អៀង ដោយថាដើម្បីទាក់ទាញប្រជាប្រិយភាពឲ្យគណបក្ស​។

លោកមានប្រសាសន៍ថា «មន្ត្រីរដ្ឋនៅតាមមូលដ្ឋានត្រូវ​តែដូរវប្បធម៌ថ្មីមួយ គឺការធ្វើការដោយ​មិនមានការ​រើសអើង បានន័យថាដូរអាវបក្សចេញ ហើយពាក់អាវមេឃុំ ហើយតំាងខ្លួនជាមន្ត្រីរបស់រដ្ឋ ដើម្បីជួយធ្វើ​យ៉ាងម៉េច ឲ្យមានការផ្តល់ការគំាទ្រឲ្យបានស្មើភាពគ្នាទៅលើពលរដ្ឋទំាងអស់ដែលនៅក្នុងឃុំរបស់ខ្លួន ហើយចាត់ទុកថាជាផ្លូវមួយល្អ សម្រាប់សង្គមខ្មែរទៅថ្ងៃមុខ​ វាក៏ជាផ្នែកមួយដែលធ្វើឲ្យ​ខ្លួឯងកើនឡើង សម្រាប់ទទួលការបោះឆ្នោត ទទួលនៅជ័យជំនះបោះឆ្នោតខាងមុខ​ដែរ​»។

សូមរំឮកថា គណបក្សសង្គ្រោះជាតិ គឺជាការច្របាច់បញ្ចូលរវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាលពីថ្ងៃទី១៧កក្កដាឆ្នាំ២០១២ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ដំបូងឡើយ គណបក្សសង្គ្រោះជាតិបានជ្រើសយក លោក សម រង្ស៊ី ជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធាន។ ប៉ុន្ដែមានការផ្លាស់ប្ដូរសមាសភាពក្បាលម៉ាស៊ីនដឹកនាំជាបន្ដបន្ទាប់ ដោយពេលនេះ លោក កឹម សុខា ក្លាយជាប្រធានគណបក្ស និងមានអនុប្រធាន៣រូបទៀត ខណៈលោក សម រង្ស៊ី ត្រូវបានគេផាត់ចេញពីឆាកនយោបាយដោយសារតែច្បាប់ថ្មីដ៍ចម្រូងចម្រាស់ដែល​លោក ហ៊ុន សែន ស្នើឲ្យកែប្រែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ