សហភាពអឺរ៉ុបផ្តល់ជំនួយដល់ គ.ជ.ប ដោយស្នើឲ្យដោះលែងមន្រ្តីបក្សប្រឆាំងនិងសង្គមស៊ីវិល

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George Edgar)

សហភាពអឺរ៉ុបស្នើជាថ្មីម្តងទៀតដល់កម្ពុជាឲ្យដោះលែងមន្រ្តីបក្សប្រឆាំងនិងមន្រ្តីសង្គមស៊ីវិលដែលជាប់ឃុំ ដោយថា ដើម្បីធានានូវតម្លាភាពនៃការបោះឆ្នោតនាពេលខាងមុខ ខណៈសហភាពអឺរ៉ុបបានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសចុះឈ្មោះបោះឆ្នោតក្នុងទឹកប្រាក់ជាង១០លានដុល្លារ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George Edgar) ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៦និងកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុបនិងជប៉ុនកាលពីម្សិលមិញថា សហភាពអឺរ៉ុបមានការព្រួយបារម្ភជាខ្លាំងទៅលើការប្រើប្រាស់ច្បាប់ក្នុងរូបភាពគំរាមកំហែងទៅលើអ្នកនយោបាយបក្សប្រឆាំងនិងមន្រ្តីសង្គមស៊ីវិល ក្នុងនោះក៏មានអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ផងដែរ។

លោកបានបន្តថា ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខប្រកបដោយតម្លាភាពនិងអាចជឿទុកចិត្តបាន ចាំបាច់ត្រូវការឲ្យមានការចូលរួមពីគណបក្សនយោបាយនិងសង្គមស៊ីវិលនានា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្លែងបែបនេះ ខណៈដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយ១០លានអឺរ៉ូដែលស្មើនឹងជាង១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជា។

ឆ្លើយតបនឹងសំណើរបស់សហភាពអឺរ៉ុប ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បដិសេធនូវការអន្តរាគមន៍ដោះលែងអគ្គលេខាធិការង គ.ជ.ប លោក នី ចរិយា ដោយលោកបញ្ជាក់ថា ករណីនេះពុំមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទេ។

លោកមានប្រសាសន៍ថា៖ ចំពោះមន្រ្តីដែលជាប់ឃុំ មិនមែនទាល់តែសោះ សមត្ថកិច្ចរបស់ គ.ជ.ប កន្លងមកមានមន្រ្តីម្នាក់ដែលគាត់ជាប់ឃុំ គឺឯកឧត្តម នី ចរិយា គាត់ជាអគ្គរងរបស់ គ.ជ.ប ទើបធ្វើបានប៉ុន្មានខែ ស្រាប់តែគាត់ទៅធ្វើសកម្មភាព ONG (អង្គការក្រៅរដ្ឋាភិបាល) មិនមែនទៅធ្វើសកម្មភាពក្របខណ្ឌការបោះឆ្នោតទេ នាំឲ្យមានការចោទប្រកាន់តាមផ្លូវតុលាការគឺជាកំហុសដែលគាត់បានប្រព្រឹត្តផ្ទាល់ខ្លួន។ ក្រៅក្របខណ្ឌការបោះឆ្នោតសុទ្ធសាធ ឲ្យខ្ញុំទៅបំពាន? ចង់ឲ្យខ្ញុំទៅបំពាន ដើម្បីឲ្យខ្ញុំខុសច្បាប់ឬយ៉ាងម៉េច? មិនអាចដឹកនាំដោយមិនដឹងខ្យល់អញ្ចឹងទេ

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា (Comfrel)  លោក គល់ បញ្ញា មានប្រសាសន៍ថាលុយជំនួយរបស់ EU ដែលភ្ជាប់ជាមួយនឹងសំណើអន្តរាគមន៍លើការដោះលែងមន្រ្តីបក្សប្រឆាំងនិងសង្គមស៊ីវិលគឺមានន័យថា EU ចង់ឃើញភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា។ ទោះជាយ៉ាងណា លោកថា លុយជំនួយនេះ នឹងមិនមានឥទ្ធិពលខ្លាំងទៅលើរដ្ឋាភិបាលកម្ពុជាឡើយ។

លោកនិយាយថា៖ ពីព្រោះមិនមែនតែរឿងជំនួយទេ រឿងភាពស្របច្បាប់នៃការបោះឆ្នោត ភាពស្របច្បាប់នៃការបោះឆ្នោតមានសារៈសំខាន់ណាស់ ដែលត្រូវទទួលស្គាល់ដោយគណបក្សប្រកួតប្រជែងការបោះឆ្នោត ទទួលស្គាល់ដោយប្រជាពលរដ្ឋកម្ពុជាយើងផងហើយនិងសហគមន៍អន្តរជាតិ អាហ្នឹងវាសំខាន់ ថវិកាជាចំណែកមួយសំខាន់ ប៉ុន្តែមិនមែនជារឿងដែលត្រូវមានឥទ្ធិពលប៉ុន្មានទៅលើរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលហើយនិងអាជ្ញាធរដែលចូលរួមចាត់ចែងក្នុងការបោះឆ្នោត ក៏ត្រូវធ្វើឲ្យការបោះឆ្នោតហ្នឹងមានភាពស្របច្បាប់ត្រឹមត្រូវដែរ

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមន្រ្តីបក្សប្រឆាំងដែលជាប់ឃុំមានជិត២០រូប មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប។ អ្នកទាំងនោះត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមេដឹកនាំគណបក្សកាន់អំណាចនិងមេដឹកនាំគណបក្សប្រឆាំងមានការវាយប្រហារគ្នាដោយពាក្យសំដី។

សហគមន៍ជាតិនិងអន្តរជាតិរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង បានទទួចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមន្រ្តីបក្សប្រឆាំងនិងមន្រ្តីសិទ្ធិមនុស្សទាំងនោះ ដោយព្រមានផ្តាច់ជំនួយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ