មន្រ្តីព្រំដែនត្អូញត្អែរពីការលំបាកទប់ស្កាត់ការនាំចូលមាន់និងទាខុសច្បាប់

រូបភាពពីហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ

មន្រ្តី​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ត្អូនត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​មាន់​ និង​ទា​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ​តាម​ច្រក​របៀង ​ដោយ​សារ​ឈ្មួញ​លួច​នាំ​ចូល​ពេល​យប់​អធ្រាត្រ​។

ការ​លើក​ឡើង​បែប​នេះ​តាម​រយៈ​ទំព័រហ្វេសប៊ុក​របស់​អគ្គស្នងការ​នគរបាលជាតិ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ សីហា​ ស្ដី​ពី​ការ​ព្រួយ​បារម្ភ​របស់​មន្រ្តី​គយ​ និង​ រដ្ឋាករ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ពី​ការ​បាត់បង់​ចំណូល​ពន្ធ​ចូល​រដ្ឋ​ ដោយ​សារ​មន្រ្តី​ព្រំដែន​បណ្ដោយ​ឲ្យ​មាន​ការ​នាំ​ចូល​មាន់​ និង​ ទា​ខុស​ច្បាប់​តាម​ច្រករបៀង​។

មន្រ្តី​គយ​ និង​ រដ្ឋាករ​បាន​លើក​ឡើង​ថា​មាន​ឈ្មួញ​នាំ​ចូល​មាន់​និង​ទា​ពី​ប្រទេស​ថៃ​ខុស​ច្បាប់​ទាំង​ថ្ងៃ​ទាំង​យប់​រាប់​ ពាន់​ក្បាល​ តាម​ច្រក​របៀងដូច​ជា​ច្រក​ អូរ​បី​ជាន់​ស្រុក​អូរ​ជ្រៅ​ និង​តាម​ច្រករបៀង​មួយ​ចំនួន​ទៀត​។

ក្នុង​ទំព័រហ្វេសប៊ុក​អគ្គស្នងការនគរបាលជាតិ​ដដែល​បាន​លើក​ឡើង​នូវ​ប្រសាសន៍​របស់​ប្រធាន​ការិយាល័យ​ផលិកម្ម​ និង​បសុព្យាបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​ ហ៊ុយ តូច​ ដោយ​ទទួល​ស្គាល់​ថា​មាន​ការ​នាំ​ចូល​មាន់​ និងទា​ខុស​មែន។ លោក​បន្ត​ថា​ករណី​នេះ​មាន​តិច​តួច​ព្រោះ​មន្ត្រី​ជំនាញ​ពិបាក​ចុះ​ធ្វើ​ការពារ​ដោយ​សារ​ឈ្មួញ​លួច​ចូល​ពេល​យប់​តាម​បន្ទាត់​ព្រំដែន​។

លោក​ ហ៊ុយ តូច​ បញ្ជាក់​ថា​ការ​នាំ​ចូល​មាន់​និង​ទា​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នេះ​គឺ​មាន​ក្រុមហ៊ុន​ចំនួន​៣ គឺ​ក្រុមហ៊ុន​ចន្ធូមានជ័យ​ ក្រុមហ៊ុនសេងវណ្ណាគ្រប់​ ក្រុមហ៊ុន​វ៉ាញ​កូដ​ ដែល​ត្រូវ​បាន​នាំ​ចូល​មាន​ច្រក​របៀងអូរបីជាន់​ ស្រុកអូរ​ជ្រៅ និច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្ម​ពួក​។ ក្រុមហ៊ុន​នីមួយៗ​មាន​ច្បាប់​នាំ​ចូល១​ថ្ងៃ ៣,០០០ក្បាល​ ដែល​ត្រូវ​បាន​បង់ពន្ធ​មាន់​ ឬទា១ក្បាល​តំលៃ​២០០រៀល​៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ