រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងសន្តិភាព រវាងរដ្ឋាភិបាលទាំងពីរ។
នេះបើតាមការលើកឡើងក្នុងសេចក្ដីប្រកាសពត៌មានមួយចេញដោយក្រសួងការបរទេសចុះថ្ងៃទី ១៨ ខែ សីហានេះ ស្ដីពីការបំពេញទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសលោកប្រាក់សុខុន ទៅកាន់សហព័ន្ធរុស្ស៊ី ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ខែសីហា។
ក្នុងសេចក្ដីប្រកាសពត៌មានបន្តថាក្នុងការបំពេញទស្សនៈកិច្ចនេះលោកប្រាក់សុខុន និង លោក នីកូឡៃ នីគីហ្វូរ៉ូវ (Nikolay Nikiforov) រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និង ព័ត៌មាននៃសហព័ន្ធរុស្ស៊ីធ្វើជាប្រធានកិច្ចប្រជុំលើកទី ១០ របស់គណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពារណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង បច្ចេកទេស។
ក្នុងសេចក្ដីប្រកាសបន្តថាក្រៅពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នឹងមានសមិទ្ធផលផ្សេងៗទៀតដូចជាការចុះអនុស្សារណៈយោគយល់គ្នាស្ដីពីការការពារបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវចម្រុះ កម្មវិធីសកម្មភាពរួមគ្នារវាងទីភ្នាក់ងារទេសចរណ៍សហព័ន្ធ រុស្ស៊ី និងក្រសួងទេសចរណ៍កម្ពុជាសម្រាប់ឆ្នាំ ២០១៨ ដល់ ២០២០។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រាក់ សុខុន ក៏នឹងជួបពិភាក្សា ទ្វេរភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស សហព័ន្ធរុស្ស៊ី គឺលោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ស្ដីពីបញ្ហាតំបន់ និងសកលលោកដែលជាការព្រួយបារម្ភរួម៕