លោក ឡៅ ម៉ុងហៃ៖ ធ្វើច្បាប់បំណងចាត់ការមនុស្សម្នាក់ធ្វើឲ្យសង្គមអន់ថយ

លោក ឡៅ ម៉ុងហៃ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

អ្នក​តាមដាន​ និង​វិភាគ​បញ្ហា​សង្គម​ជើង​ចាស់​មួយ​រូប​ លើក​ឡើង​ថា​ បើ​សង្គម​មួយ​ដែល​បង្កើត​ច្បាប់​ឡើង​ដើម្បី​បម្រើ​គោល​បំណង​សំខាន់​ ចាត់​ការ​តែ​បុគ្គល​ណា​ម្នាក់​ជា​គូ​ប្រជែង​នោះ ​លោក​ថា​ នឹង​ធ្វើ​ឲ្យ​សង្គម​មាន​បញ្ហា​ បង្ក​ជា​ជម្លោះ​ផ្សេងៗ​កើត​ឡើង​។​

នៅ​វេទិកាតុ​មូល​របស់​វីអូឌី​កាលពី​ថ្ងៃទី១៨​ខែ​សីហា​ម្សិលមិញ​ លោក ឡៅ ម៉ុងហៃ​ មាន​ប្រសាសន៍​ថា​ ក្នុង​សង្គម​គេ​បង្កើត​ច្បាប់​ដើម្បី​ ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ទូទាំង​ប្រទេស​។ ប៉ុន្តែ​លោក​ថា​ បើ​មេដឹកនាំ​សង្គម​មួយ​បង្កើត​ច្បាប់​ដើម្បី​ទប់ទល់​ ឬ​ ចាត់ការ​តែ​មនុស្ស​ណា​ម្នាក់​នោះ​ នឹង​នាំ​ឲ្យ​កើត​មាន​អំពើ​អយុត្តិធម៌​  មាន​ទំនាស់​ ដោយ​សារ​អ្នក​ផ្សេង​មិន​សុខចិត្ត​ នឹង​នាំ​ឲ្យ​សង្គម​អន់​ថយ​។​

លោក​ ឡៅ ម៉ុងហៃ​ ក៏​បាន​លើក​ឡើង​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពីគណបក្សនយោបាយ​ចំនួន​ពីរ​លើក​មក​នេះ​ថា​ ជា​ការ​ប៉ះពាល់​ដល់សង្គម​។ លោក​ ឡៅ ម៉ុងហៃ ​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ​ជា​ចេតនា​ ចង់​កម្ចាត់​អ្នក​ណា​ម្នាក់​ទេ​ ប៉ុន្តែ​កន្លង​មក​ លោក​ សម​ រង្ស៊ី​  លើក​ឡើង​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​តាម​ការ​ស្នើ​ឡើង​របស់​គណបក្ស​ប្រជាជន​នោះ​ គឺ​ដើម្បី​ចាត់​ការ​លោក​ចេញ​ពី​ឆាក​ នយោបាយ​។​

ទោះ​យ៉ាង​ណា​ ខាង​គណបក្ស​ប្រជាជនកម្ពុជា​ អះអាង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​គណបក្ស​នយោបាយ​ពីរ​លើក​កន្លង​ទៅ​នេះ​គឺ​ជា​ដំណើរ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ជំរុញ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ