ងួន ច័ន្ទដេវីត ប្រកាសដាក់ខ្លួនក្រោយឡើងកូដ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 1:57 PM | កំសាន្ដ | 0 | 2852 តារាចម្រៀងប្រចាំហង្សមាស លោក ងួន ចាន់ដេវីត

នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី និងដើរលើកំរាលព្រំ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា គេកត់សម្គាល់ថាតារាចម្រៀងប្រចាំហង្សមាស លោក ងួន ចាន់ដេវីត បានទទួលការកោតសរសើរយ៉ាងខ្លាំងដោយសារតែលោកស្ម័គ្រចិត្តរាំច្រៀងក្នុងពេលធ្លាក់ភ្លៀងខ្លាំងជាងគេនៅក្នុងព្រឹត្តិការណ៍នោះ។ អ្វីដែលគេកោតសរសើរគឺលោកបន្តជំហរដាក់ខ្លួនកាន់តែច្រើនថែមទៀត នៅក្នុងកិច្ចបែបនេះ បើទោះជាកេរ្តិ៍ឈ្មោះកាន់តែល្បី។

លោកដេវីត ម្ចាស់បទ «រាំញីកែងជើង» បានថ្លែងក្នុងពិធីបង្ហាញខ្លួននោះថា បើទោះជាលោកកាន់តែមានកេរ្តិ៍ឈ្មោះ និងមានទីផ្សារនៅក្នុងពិភពសិល្បៈ ក៏លោកនឹងបន្តទុកពេលទទួលច្រៀងដើម្បីកិច្ចការសង្គម ដូចគ្នានឹងកម្មវិធីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលបានធ្វើឡើងដោយនិស្សិតពេទ្យន័រតុននោះដែរ។

លោកថាតារាចម្រៀងកាន់តែល្បីគឺត្រូវតែដាក់ខ្លួន ដោយការដាក់ខ្លួនដែលលោកចង់សំដៅគឺការទទួលយកឱកាសច្រៀងរាំលើឆាកតន្ត្រី ដើម្បីមនុស្សធម៌នេះតែម្ដង។ លោកថាការទទួលយកការងារសង្គមនាពេលកន្លងមក មិនមែនដើម្បីមុខមាត់ និងឲ្យមានការកោតសរសើរនោះទេ ប៉ុន្តែគោលដៅសំខាន់គឺលោកស្រឡាញ់ និងចង់ជួយសង្គមតែម្ដង។

លោកដេវីត បន្តថាលោកបានល្បីដោយសារមហាជន ដូច្នេះមិនមានហេតុផលណាមួយដែលលោកត្រូវដំឡើងឫកហើយសំឡេងឃើញតែលុយដោយមិនទទួលច្រៀងជួយសង្គមនោះទេ។ លោកថាជីវិតសិល្បៈអោយតែបងប្អូនមហាជនបន្តត្រូវការ នោះលោកនឹងជួយដោយពេញចិត្ត ខណៈដែលលោកយល់ថាជំហរដាក់ខ្លួនសម្រាប់ការងារមនុស្សធម៌គឺជាអ្វីដែលលោកមិនគួរនឹងប្រកែក។

លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំការងារសង្គមខ្ញុំស្រឡាញ់ ខ្ញុំចង់ចូលរួម ចឹងទោះជាខ្ញុំល្បីប៉ុណ្ណា រវល់ប៉ុណ្ណា ក៏ខ្ញុំឆ្លៀតដែរ គឺអត់ប្រកែកទេ!

លោកបានពន្យល់ថាលោកមិនមានលទ្ធភាពជាលុយជាកាក់ធំដុំដើម្បីជួយដល់កុមារកំព្រា និងជនទុរគត៌នោះទេ ប៉ុន្តែលោកនឹងប្រើសមត្ថភាពជាអ្នកចម្រៀងរបស់លោកទទួលច្រៀងមិនយកកម្រៃដើម្បីកិច្ចការទាំងនេះឲ្យអស់ពីលទ្ធភាព។

ជាមួយនឹងការប្រកាសដាក់ខ្លួនដែលធ្វើអ្នកឮកោតសរសើរនេះ ទើបគេឃើញលោក ងួន ចាន់ដេវីត ស្ម័គ្រចិត្តទទួលច្រៀងក្នុងកម្មវិធីសប្បុរសធម៌របស់និស្សិតន័រតុនកាលពីយប់ថ្ងៃទី១៧ កញ្ញា ដោយសូម្បីតែលោកមិនមានរូបថតនៅផ្ទាំងបាណូដែលបានដាក់បង្ហាញជាសាធារណៈ។

លោកថា លោកទទួលសំណើរច្រៀងនៅក្នុងកម្មវិធីនោះ ត្រឹមតែ៣ថ្ងៃមុនការប្រគំតន្ត្រីប៉ុណ្ណោះ ដោយសារតែលោកទើបតែបានទទួលដំណឹងពីអ្នករៀបចំកម្មវិធី។ លោកថាលោកមិនខ្វល់រឿងគេដាក់រូបលោកនៅលើប៉ាណូ ឬមិនមាននោះទេ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានចូលច្រៀងជួយដល់សង្គមជាមួយនឹងតារាល្បីៗ។

នៅក្នុងថ្ងៃនោះគេឃើញលោកស្ម័គ្រចិត្តឈរច្រៀងនៅក្រោមដំណក់ទឹកភ្លៀង ខណៈដែលម៉ោងដែលលោកឡើងច្រៀងគឺមានសភាពធ្លាក់ភ្លៀងមានកម្រិតខ្លាំងជាងគេ។ បើទោះជាគម្រោងរាំញីកែងជើងរបស់និស្សិត និងអ្នកចូលរួម ដែលបានគ្រោងទុក ត្រូវបានបង្អាក់ ក៏អ្នកគាំទ្ររបស់តារារូបនេះ នៅតែរាំពេញមុខឆាកមុខរោងធ្វើឲ្យកក្រើកដដែល។

លោកដេវីត បន្តថាក្រុមរាំរបស់ខ្លួនក៏មានការលះបង់ដូចគ្នានឹងលោកផងដែរ ទើបរាល់ពេលលោកដាក់ខ្លួនទទួលច្រៀងក្នុងកម្មវិធីសប្បុរសធម៌គឺរមែងមានអ្នករាំកំដរឆាក។ លោកដេវីតថានឹងបន្តបរិច្ចាគពេលវេលាបែបនេះ ប៉ុន្តែក៏ត្រូវផ្អែកលើលោកទំនេរពីកម្មវិធីផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរ ការប្រគំតន្ត្រី និងដើរលើកំរាលព្រំដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីយប់ថ្ងៃទី១៧ កញ្ញនោះ នៅមិនទាន់សរុបថវិកាដែលប្រមូលបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៨ ខែដដែល។

អ្នករៀបចំកម្មវិធីបានអះអាងថាត្រូវរង់ចាំនូវការប្រមូលពីផ្នែកផ្សេងៗរបស់និស្សិតជាច្រើនក្រុមទៀត។ នៅក្នុងពិធីនោះ គេឃើញតារាសម្ដែង តារាចម្រៀង និងតារាកំប្លែងល្បីៗច្រើនជាង៥០រូបបង្ហាញខ្លួន។ បើទោះជាការបង្ហាញម៉ូដមួយវគ្គ និងបទចម្រៀង២បទត្រូវបានកាត់ចោលដោយសារតែភ្លៀង ក៏សកម្មភាពដើរម៉ូដ កំប្លែង និងច្រៀងរាំរបស់តារាល្បីៗនៅតែបន្តក្រោមដំណក់ទឹកភ្លៀងយ៉ាងមោទនភាពតាមការកំណត់ដែលបានគ្រោងទុក៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required