លិខិតមិត្តអ្នកអាន៖ កំហុសប្រវត្តិសាស្ត្រថ្មីៗ និងកំពុងបន្តកើតឡើង

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 1:48 PM | លិខិតមិត្តអ្នកអាន | 0 | 15037 អត្តសញ្ញាណប័ណ្ណ

ចាប់ពីក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិមកដល់ពេលនេះ មានកំហុសប្រវត្តិសាស្ត្រថ្មីៗ ជាច្រើនបានកើតឡើង និងកំពុងបន្តកើតឡើង។ ក្នុងចំណោមកំហុសប្រវត្តិសាស្ត្រទាំងនោះ មានខ្លះធ្វើឲ្យប្រទេសជាតិអស្ថេរភាព ខ្លះធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ហើយខ្លះទៀតអាចនឹងធ្វើឲ្យអ្នកទទួលខុសត្រូវ ត្រូវប្រឈមមុខនឹងការកាត់ទោសនាពេលអនាគតផងដែរ។

មួយក្នុងចំណោមកំហុសប្រវត្តិសាស្ត្រទាំងនោះ គឺការមិនបានកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅក្នុងធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាចន្លោះប្រហោង នាំឲ្យមានជនខ្លះឆ្លៀតឱកាស ចង់ឈរឈ្មោះជានាយករដ្ឋមន្ត្រីគ្មានរយៈកំណត់ ហើយក៏ជាកត្តាមួយធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពបច្ចុប្បន្ន។ ក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ក្រៅពីជ្រើសតាំងតំណាងរាស្ត្រ ក៏ដូចជានាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរក៏ត្រូវមើលទៅលើគណបក្សណាដែលប្រកាសពីគោលការណ៍ច្បាស់លាស់ ក្នុងការកែរដ្ឋធម្មនុញ្ញ ដោយចែងពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនេះផងដែរ។

កំហុសប្រវត្តិសាស្ត្រដ៏ធំមួយទៀត គឺការធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង។ ថ្វីបើអ្នកនយោបាយខ្មែរអះអាង ឬបកស្រាយខុសៗគ្នា ពីការបាត់បង់កោះត្រល់ទៅវៀតណាម ដោយខ្លះថាបាត់ដោយសារខ្សែប្រេវីយេរបស់បារាំង ខ្លះថាបាត់ដោយសន្ធិសញ្ញាបំពេញបន្ថែម២០០៥។ ប៉ុន្តែអ្នកដែលវិនិច្ឆ័យលើរឿងនេះពិតប្រាកដ គឺអ្នកប្រវត្តិសាស្ត្រ និងប្រជាពលរដ្ឋខ្មែរ មិនមែនអ្នកនយោបាយខ្លួនឯងនោះទេ។

អ្នកដែលពាក់ព័ន្ធក្នុងការធ្វើឲ្យបាត់បង់ទឹកដីនេះ ករណីខ្លះអាចត្រឹមតែជាមេរៀនប្រវត្តិសាស្ត្រ ឯករណីខ្លះទៀត អ្នកពាក់ព័ន្ធអាចនឹងត្រូវមនុស្សជំនាន់ក្រោយចាត់ទុកថាជាជនក្បត់ជាតិ។ រឿងនេះអាចនឹងអាស្រ័យទៅលើស្ថានភាពនៃការបាត់បង់នោះ ថាតើគេបានការពារអស់លទ្ធភាពហើយឬនៅ ឬក៏មិនបានការពារទាល់តែសោះ។

ចំពោះកំហុសប្រវត្តិសាស្ត្រ ដែលអាចនឹងធ្វើឲ្យអ្នកទទួលខុសត្រូវឡើងតុលាការនាពេលខាងមុខនោះ អាចមានករណីរដ្ឋប្រហារកណ្ដាលក្រុងថ្ងៃទី៥ និងទី៦ កក្កដា ១៩៩៧ ករណីបោកគ្រប់បែកចូលហ្វូងបាតុករអហិង្សារកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៨ ករណីបង្ក្រាបបាតុករអហិង្សារនៅផ្លូវវេងស្រេង ថ្ងៃទី៣ និងទី៤ មករា ឆ្នាំ២០១៤ ព្រមទាំងករណីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំជាដើម។

ក្នុងស្ថានភាពនយោបាយទ័លច្រកនាពេលបច្ចុប្បន្ននេះ ខណៈអ្នកនយោបាយប្រកាសប្រើកម្លាំងដាក់គ្នា ម្ខាងអាងរាស្ត្រ ម្ខាងអាងអាវុធ ប្រហែលពួកគេភ្លេចគិតថា ពួកគេប្រុងនឹងបង្កើតកំហុសប្រវត្តិសាស្ត្រថ្មីទៀតហើយ។

កំហុសប្រវត្តិសាស្ត្រថ្មីនេះ អាចនឹងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់មួយដ៏សែនជ្រៅ ជ្រៅងើបលែងរួចជាជាតិមួយដែលមានអធិបតេយ្យពេញលេញ។ លោកអ្នកអាចស្ដាប់កិច្ចសម្ភាសន៍របស់វិទ្យុអាស៊ីសេរី រវាងលោក យ៉ង ច័ន្ទតារា និងលោក លឺ ឡាយស្រេង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីដឹងថា តើស្ថានភាពនយោបាយបច្ចុប្បន្ននេះធ្លាក់ដល់កម្រិតគួរឲ្យព្រួយបារម្ភយ៉ាងណា។

កំហុសប្រវត្តិសាស្ត្រមួយទៀតដែលអាចនឹងកំពុងកើតឡើង គឺការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនបរទេស ហើយអនុញ្ញាតឲ្យជនបរទេស ពិសេសយួន អាចបោះឆ្នោតបាន។

តាមតួលេខក្រៅផ្លូវការថា ជនជាតិយួនបច្ចុប្បន្នអាចមានដល់ទី១/៤ ឬ១/៣ នៃពលរដ្ឋខ្មែរទៅហើយ គឺចន្លោះពីជិតបីលាន ទៅប្រាំមួយលាននាក់ ដែលជាតួលេខមួយដ៏ខ្ពស់ ដ៏គួរឲ្យព្រួយបារម្ភ។ បើពួកនេះអាចបោះឆ្នោតជ្រើសរើសតំណាងបានដូចពលរដ្ឋខ្មែរដែរ នោះជោគវាសនាជាតិយើងនឹងធ្លាក់ក្នុងគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកដែលកំពុងផ្ចុងផ្ដើមឲ្យពួកនេះអាចបោះឆ្នោតបាន ក៏នឹងត្រូវពួកនេះទាត់ចោលនាពេលខាងមុខ ព្រោះគេមានសិទ្ធិពេញលេញហើយ តើចាំបាច់អ្វីនឹងត្រូវការអ្នកផ្ចុងផ្ដើមគេនេះទៀត?

រឿងដែលកន្លងហួស វាជាកំហុសប្រវត្តិសាស្ត្រ ប៉ុន្តែរឿងដែលកំពុងកើតឡើង បើគេអាចទប់ស្កាត់បាន គេគួរតែប្រឹងឲ្យអស់សមត្ថភាព ដើម្បីការពារវាកុំឲ្យកើតឡើង ព្រោះវាជាគ្រោះថ្នាក់ធំធេងណាស់សម្រាប់អាយុជីវិតជាតិ។

គេគិតថា បើអ្នកនយោបាយបច្ចុប្បន្នគិតគូរដល់អាយុជីវិតជាតិជាចម្បង នោះអ្វីៗដែលជាការព្រួយបារម្ភនៅចំពោះមុខនេះ អាចនឹងត្រូវដោះស្រាយ បញ្ចៀសគ្រោះកាចចង្រៃនេះបាន។ ផ្ទុយទៅវិញ បើអ្នកនយោបាយមួយចំនួនតូចណានោះកំពុងតែក្បត់ជាតិ ឬបានក្បត់ជាតិរួចទៅហើយ នោះគេនឹងបណ្ដោយឲ្យជនបរទេសបានបោះឆ្នោតដូចការព្រួយបារម្ភនេះមិនខាន៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required