ព្យុះទីហ្វុងសារិកា បានបោកបក់ទៅលើកោះហៃណាន ដែលជាតំបន់ទេសចរណ៍ស្ថិតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃម្សិលមិញ ដោយនាំមកនូវទឹកភ្លៀងធ្លាក់ជោគជាំនិងខ្យល់បោកបក់ក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនជិតកន្លះលាននាក់ និងផ្អាកសេវាដឹកជញ្ជូននានា។
ទីភ្នាក់ងារព័ត៌មានស៊ិនហួរ បានផ្សាយថា សេវារថភ្លើង ត្រូវបានផ្អាក ហើយជើងហោះហើរចំនួន ២៥០ នៅព្រលានយន្តហោះអន្តរជាតិហៃគូ នៅលើកោះនេះ ត្រូវបានលុបចោល។
ស៊ិនហួរបន្តថា ការិយាល័យឧតុនិយមខេត្តនេះ ព្យាករថា មហន្តរាយកើតចេញពីព្យុះទីហ្វុងនេះ នឹងមានទំហំធំធេង ដោយសារតែវាជាព្យុះមានកម្លាំងខ្លាំង និងបង្កការខូចខាតធំបំផុតមិនធ្លាប់មានទៅលើកោះហៃណា នៅក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។
មនុស្សជិត ៥សែននាក់ ក្នុងនោះមានប្រជានេសាទ និងអ្នកស្រុកនៅតំបន់ទំនាប ត្រូវបានគេជម្លៀងចេញ។
សាលារៀននានានៅស្រុកចំនួន ៨ ត្រូវបានគេបិទទ្វារ ហើយទីតាំងទេសចរណ៍ ក៏ត្រូវបានបិទផងដែរ៕