អតី​តតំណាង​សិទ្ធិ​មនុស្ស​UN៖ ស្ថានភាព​នយោបាយនិង​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាកាន់​តែ​អា​ក្រក់​ឡើង

សកម្មភាពខ្មែរនៅក្រៅប្រទេសតវ៉ាឲ្យដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​អ្នកនយោបាយ (រូបភាពពី​បណ្តាញសង្គម)

អតីតតំណាងពិសេសនៃអង្គការសហប្រជាជាតិដែលបានធ្វើការនៅកម្ពុជាពីឆ្នាំ២០០៥ដល់២០០៨ វាយតម្លៃថាស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាគឺកាន់តែអាក្រក់ជាងពេលដែលទើបតែផ្តួលរំលំរបបខ្មែរក្រហមទៅទៀត។

លោក យ៉ាស ហ្គាយ អតីតតំណាងពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានសរសេរក្នុងលិខិតមួយដែលត្រូវបានថ្លែងតាមរយៈតំណាងរបស់លោកក្នុងសន្និសីទនៅថ្ងៃនេះដោយបានរំលឹកថា ក្នុងរយៈពេល២៥ឆ្នាំនៃសន្ធិសញ្ញាក្រុងប៉ារីស ស្ថានភាពនយោបាយនិងសិទ្ធិមនុស្សដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន គឺអាក្រក់ជាងស្ថានភាពដែលទើបរួចផុតពីរបបខ្មែរក្រហមទៅទៀត។

លោក យ៉ាស ហ្គាយ បានសរសេរថា ថ្វីត្បិតតែរដ្ឋធម្មនុញ្ញកម្ពុជាបានចែងពីសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យ ដែលស្របតាមសន្ធិសញ្ញាក្រុងប៉ារីស ហើយប្រទេសនេះបានចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សអន្តរជាតិមួយចំនួនក៏ដោយ តែនៅពេលថ្មីនេះស្ថានភាពនៃសិទ្ធិមនុស្សគឺកាន់តែយ៉ាប់ឡើង ជាពិសេសក្រោយពីការបោះឆ្នោតឆ្នាំ២០១៣មក។ លោកបានកត់សំគាល់ថាមានការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស មេដឹកនាំសហគមន៍ និងការធ្វើបុកទុក្ខម្នេញបក្សប្រឆាំង ការបង្កើតច្បាប់ថ្មីៗនានាដូចជា ច្បាប់សហជីព ច្បាប់គ្រប់គ្រងអង្កការសង្គមស៊ីវិល និងគម្រោងច្បាប់ស្តីពីគ្រប់គ្រងអ៊ិនធើណែតជាដើម ដែលទាំងអស់នេះលោកថាបានគំរាមកំហែង បំបិទសំឡេងសង្គមស៊ីវិល និងធ្វើឲ្យអន្តរាយដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការប្រជាធិបតេយ្យកម្ពុជាផងដែរ។

ក្នុងស្មារតីនៃសន្ធិសញ្ញា២៣តុលានេះ លោក យ៉ាស ហ្គាយ បានជម្រុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពនូវកិច្ចព្រមព្រៀងនេះនិងជាពិសេសត្រូវដោះលែងអ្នកទោសនយោបាយទាំងអស់ ទំលាក់ការចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្សនិងបក្សប្រឆាំង និងអនុញ្ញាត្តិឲ្យពួកគេអាចធ្វើការបានដោយមិនមានការធ្វើបុកទុក្ខម្នេញនិងគ្មានការគំរាមកំហែង។

លោកសរសេរថា៖ «រដ្ឋាភិបាលត្រូវគិតឲ្យបានថាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺជាសសរស្តម្ភពីរសម្រាប់សន្តិភាពដ៏យូរអង្វែងក្នុងប្រទេស។ ចក្ខុវិស័យទាំងនេះមិនគួរបាត់ណាមួយឡើយសម្រាប់ការអភិវឌ្ឍកម្ពុជារយៈពេល២៥ឆ្នាំទៅមុខទៀត»។

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន មានការភ្ញាក់ផ្អើលទៅនឹងការលើកឡើងរបស់អតីតតំណាងពិសេសរបស់អង្គការសហប្រជាជាតិសិទ្ធិមនុស្សរូបនេះ ដោយលោកចាត់ទុកថាការលើកឡើងនេះថាខុសពីការពិត។ លោកថាកម្ពុជាបានគោរពតាមសន្ធិសញ្ញាក្រុងប៉ារីសបានជានិច្ច ដោយគោរពនូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សនិងពង្រឹងនីតិរដ្ឋ។ តែលោកថាការជំរុញឲ្យមានការដោះលែងអ្នកដែលត្រូវជាប់ទោសជាការជំរុញឲ្យមានវប្បធម៌និទ្ទនភាពនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «ដែលពង្រឹងនីតិរដ្ឋដែលអ្នកណាខុសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ អញ្ចឹងទេគាត់ចង់និយាយដៅលើមន្ត្រីបក្សប្រឆាំងមួយចំនួននោះដែលជាប់ទោសទណ្ឌទៅតាមផ្លូវច្បាប់ អាហ្នឹងគេហៅចង់យកវប្បធម៌និទ្ទនភាពមកជំនួសឲ្យវប្បធម៌នីតិរដ្ឋនៅកម្ពុជាអាហ្នឹងមិនអាចទៅរួចទេ។ … រដ្ឋាភិបាលកម្ពុជាកើតឡើងដោយតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ អញ្ចឹងមិនអាចទទួលយកបាននូវការនិយាយលាបពណ៌ក៏ដូចជាការមួលបង្កាច់របស់ជនបរទេសមួយចំនួននោះទេ»។

សូមរំឭកថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣ តុលា ១៩៩១ មានការទទួលស្គាល់ដោយប្រទេសចំនួន១៨ ក្នុងនោះមានប្រទេសមហាអំណាចទាំង៥  ដែលធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ហើយមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមបែបប្រជាធិបតេយ្យដំបូងនៅកម្ពុជា ពិសេសគឺបញ្ចប់ការត្រួតត្រារបស់កងទ័ពវៀតណាមលើកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ