សេដ្ឋកិច្ច​ចិន​ត្រីមាស​ទី​៣ ​កើន​ឡើង​​៦.៨​ភាគរយ ដូច​ការ​ព្យាករ​ទុក

សេដ្ឋកិច្ច​ចិន បាន​កើន​ឡើង​ក្នុង​អត្រា ៦.៨​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ បើធៀបទៅ​នឹង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​មុន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែក​តាម​តួលេខ​ផ្លូវការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

Reuters បាន​ផ្សាយ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ខ្ពស់​បែប​នេះ បាន​ស្រប​ទៅ​នឹង​ការ​រំពឹង​ទុក​​របស់​រដ្ឋាភិបាល និង​ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច ​ ប៉ុន្តែ វា​បែរ​ជា​មាន​កំណើន​ទាប​ជាង​អត្រា​កំណើន​សេដ្ឋកិច្ច​នៅ​ត្រី​មាស​ទី​២​ទៅ​វិញ ដោយសារ​​កំណើន​យឺត​យ៉ាវ​នៃ​ការ​វិនិយោគ​​។

ក្រុម​អ្នក​វិភាគ​ដែល​ស្ទង់​មតិ​ដោយ​ Reuters សុទ្ធ​រំពឹង​ថា សេដ្ឋកិច្ច​ចិន នឹង​កើន​ឡើង​ដល់​អត្រា ៦.៨​ភាគរយ​នៅ​ចន្លោះ​ខែ​កក្កដា​ ដល់​ខែ​កញ្ញា ប៉ុន្តែ ធ្លាក់​ចុះ​បន្តិច​ពី​អត្រា ៦.៩​ភាគរយ​នៅ​ចន្លោះ​ខែ​មេសា​ដល់​ខែ​មិថុនា។

ខណៈ​ដែល​ក្រុម​អ្នក​រៀបចំ​គោល​នយោបាយ​ខិត​ខំ​ព្យាយាម​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​ផ្នែក​ទីផ្សារ​អចលន​ទ្រព្យ ហើយ​ការ​កាត់​បន្ថយ​បំណុល​នឹង​កាន់​តែ​មាន​កម្រិត​ធំ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​ចិន​នោះ កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​ចិន ទទួល​បាន​ការ​គាំ​ទ្រ​ពី​កំណើន​ និង​ការ​រីក​ធំ​ឡើង​លើស​ការ​រំពឹង​ទុក​នៃ​ពាណិជ្ជកម្ម និង​កម្ចី​ឥណទាន​ក្នុង​វិស័យ​ធនាគារ។

សម្រាប់​ឆ្នាំ​២០១៧​នេះ​ទាំង​មូល រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ប្រហែល ៦.៥​ភាគរយ ពោល​គឺ​បាន​ទម្លាក់​អត្រា​កំណើន​ទាប​ជាង​ឆ្នាំ​មុន ដែល​មាន​អត្រា​កំណើន​សេដ្ឋកិច្ច ៦.៧​ភាគរយ។ តួលេខ​កំណើន​សេដ្ឋកិច្ច​ដែល​ក្រុង​ប៉េកាំង​ព្យាករ​ទុក​សម្រាប់​ឆ្នាំ​នេះ គឺ​ជា​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្សោយ​បំផុត​នៅ​ក្នុង​រយៈ​ពេល ២៦​ឆ្នាំ​ចុងក្រោយ​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ