ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កម្ពុជា​ថា កំពុង​ប្រើ​ច្បាប់និង​តុលាការ​ បំបាត់​សំឡេង​ប្រឆាំង

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិមួ​យទៀត បាន​ហៅ​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើ​ប្រាស់​ច្បាប់ និង​ក្រុម​មន្ត្រី​តុលាការ​មិន​ឯករាជ្យ ដើម្បី​បំបាត់​សំឡេង​ប្រឆាំង និង​កម្ទេច​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​ប៉ុន​ប៉ង​រំលាយ​បក្ស​ប្រឆាំង ក្រោយ​ការ​កែ​ច្បាប់ ៤ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ទាំង​កណ្ដាល​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ជុំ​វិញ​ការ​ថ្លែង​របស់​លោក​នៅ​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣។

ក្រោយ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​នោះ បាន​ឈាន​ទៅ​អនុម័ត​សំណើ​កែប្រែ​ច្បាប់ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ដែល​វិសោធនកម្ម​ច្បាប់​ទាំង ៤​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​សំណើ​វិសោធនកម្ម​ច្បាប់​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នោះ។

តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច លោក ជៀម យាប បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា​នេះ​ថា សំណើ​កែ​ប្រែ​ច្បាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​លើ​សកម្មភាព​ក្បត់​ជាតិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​បក្ស​កាន់​អំណាច​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ «ក្បត់​ជាតិ»។

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កាត់​ថា ICJ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស បាន​ចេញ​របាយការណ៍​មួយ​​នៅ​ថ្ងៃ​នេះ ក្រោម​ចំណង​ជើង​ថា «ការ​សម្រេចបាន​យុត្តិធម៌​សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ បាន​លើក​នៅ​ក្នុង​របាយការណ៍​នោះ​ថា កម្ពុជា​កំពុង​ប្រើ​ប្រាស់​ច្បាប់ និង​កំពុង​ពឹង​ផ្អែក​លើ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​មិន​ឯករាជ្យ ដើម្បី​បំបាត់​សំឡេង​ប្រឆាំង និង​កម្ទេច​ប្រជាធិបតេយ្យ​។

ទីប្រក្សា​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​ប្រចាំ​នៅ​ការិយាល័យ ICJ ក្នុង​ទីក្រុង​បាងកក បាន​លើក​ឡើង​នៅរបាយការណ៍​នោះ​ថា សំណើ​វិសោធនកម្ម​ច្បាប់​ថ្មីៗ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ករណី​ជាច្រើន​ទៀត ដែល​រដ្ឋាភិបា​លកម្ពុជាបាន​អនុម័ត ឬ​ក៏​កែ​ប្រែ​ច្បាប់​ដោយ​ឥត​អៀន​ខ្មាស ជាមួយ​នឹង​គោល​បំណង​រំលោភ​បំពាន​គូ​ប្រជែង ឬ​ក៏​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ​ចុះ​ខ្សោយ​យ៉ាង​ពិត​ប្រាកដ។

រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយកដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ​​រិះគន់ និង​ថ្កោលទោស​ជា​បន្ត​បន្ទាប់ គិត​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

ជាង​នេះ​ទៅ​ទៀត សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ព្រម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ នូវ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ